(វ៉ាស៊ីនតោន)៖ មូលនីធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF បានបន្តធ្វើការជាថ្មីលើថវិកាសង្រ្គោះ សម្រាប់ប្រទេសអ៊ុយក្រែន ដែលត្រូវបានហែកហួរដោយសង្រ្គាម ដោយបានផ្តល់ថវិកាចំនួន មួយពាន់លានដុល្លារអាមេរិក ពីកញ្ចប់ជំនួយដែលត្រូវបានពន្យារពេល ដោយសារបញ្ហាអំពើពុករលួយ នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការផ្សាយដោយគេហទំព័រ Economic Times នៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍ចេញដោយអង្គការអន្តរជាតិខាងលើ បានឲ្យដឹងទៀតថារដ្ឋាភិបាលអ៊ុយក្រែន បានរង់ចាំអស់រយៈពេលជាយូរសម្រាប់ថវិការសង្រ្គោះ ចាប់តាំងពីខែសីហា ឆ្នាំ២០១៥មក ក្នុងគំរោងទាមទារប្រាក់សរុបចំនួន ១៧,៥ពាន់លានដុល្លារអាមេរិក សម្រាប់ជួយស្តារស្ថិរភាព នៅក្នុងប្រទេសអ៊ុយក្រែន ឲ្យប្រសើរឡើងវិញបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovych ដែលគាំទ្ររុស្ស៊ី ត្រូវបានទម្លាក់ពីតំណែងនៅឆ្នាំ២០១៤។
ប្រទេសអ៊ុយក្រែនបានជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ នៅអំឡុងពេលពីរឆ្នាំក្រោយពីការកើតសង្រ្គាម ហើយការសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រតិបត្តិ IMF នៅថ្ងៃពុធម្សិលមិញនេះ នឹងធ្វើឲ្យថវិកាសង្រ្គោះ ដែលទីក្រុងកៀវទទួលបាន សរុបកើនដល់ប្រមាណ៧,៦២ពាន់លានដុល្លារអាមេរិក។ ក្រុមប្រឹក្សាប្រតិបត្តិ IMF បាននិយាយថា ខ្លួនបានអនុញ្ញាតសម្រាប់ការចំណាយនេះ ទោះបីជាអ៊ុយក្រែនមានចំនុចខ្វះខាតមួយចំនួនក៏ដោយ។
គួរបញ្ជាក់ថានាយកគ្រប់គ្រង IMF លោកស្រី Christine Lagarde បាននិយាយកាលពីខែកុម្ភៈ ដើមឆ្នាំ២០១៦ នេះម្តងរួចមកហើយថា ការបន្តផ្តល់ជំនួយឡើងវិញនេះ អាចប្រឈមនឹងការលំបាក បើគ្មានកិច្ចខិតខំប្រឹងប្រែង លើការប្រឆាំងអំពើពុករលួយ និងការធ្វើកំណែទម្រង់ ពីសំណាក់ប្រទេសអ៊ុយក្រែនទេនោះ៕