(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម និងសាជីវកម្មចែករំលែកជីវិតសកល នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីអំណោយមនុស្សធម៌ ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីលើកកម្ពស់គុណភាព នៃការរស់នៅសម្រាប់ប្រជាជនកម្ពុជា លើវិស័យសុខភាព ការអប់រំ និងសុខុមាលភាព។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្ដីពី អំណោយមនុស្សធម៌ជូនរដ្ឋបាលខេត្តកំពង់ចាម ធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងការពិចារណាលើកតិកាសញ្ញា និងកិច្ចព្រមព្រៀងទៅវិញទៅមកនៅទីនេះ និងសម្រាប់ការពិចារណាដ៏ល្អ និងមានតម្លៃផ្សេងទៀត ភាគីទាំងពីរបានយល់ព្រមដូចតទៅ៖

ប្រការ១-គោលបំណង៖ កិច្ចព្រមព្រៀងនេះរៀបចំឡើងដើម្បីលើកកម្ពស់ និងសម្រេចបានគុណភាពនៃការរស់នៅសម្រាប់ប្រជាជនកម្ពុជា លើវិស័យសុខភាព ការអប់រំ និងសុខុមាលភាព តាមរយៈការបរិច្ចាកសម្ភារជំនួយផ្នែក វេជ្ជសាស្ដ្រនៃជនជាតិកូរ៉េមានដូចជា ថ្នាំពេទ្យ សម្ភារៈបរិក្ខា និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដែលផ្ដល់ដោយ ភាគី “ខ”។

ប្រការ២-លក្ខខណ្ឌ និងការបញ្ចប់៖ ចំនួនទឹកប្រាក់កំណត់នៃកិច្ចព្រមព្រៀងនេះគឺ ៥.០០០.០០០ដុល្លារ អនុវត្តរយៈពេល៥០ខែ (ខែមិថុនា ឆ្នាំ២០២៤-ខែមេសា ឆ្នាំ២០២៩)។ ការងារគម្រោងមួយចំនួន ត្រូវធ្វើការសិក្សាដោយផ្អែកលើកិច្ចព្រមព្រៀងនៃភាគីទាំងពីរ។

ប្រការ៣-សម្ភារបរិច្ចាគដោយ ភាគី “ខ” សម្ភារដែលអាចរៀបចំជាប្រព័ន្ធសុខភាព និងលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេសក្នុងវិស័យសុខភាព ការអប់រំ និងសុខុមាលភាព ។ល។

ប្រការ៤-លក្ខខណ្ឌទូទៅ៖ គ្រោងការលម្អិតនៃគម្រោងនីមួយៗ ត្រូវបានបន្ថែមនៅក្នុងកិច្ចព្រមព្រៀងនេះ បន្ទាប់ពីអនុស្សរណៈនេះត្រូវបានពិនិត្យយ៉ាងម៉ត់ចត់ និងទទួលស្គាល់ដោយភាគីទាំងពីរ។ ចំនួននៃគម្រោងអាចធ្វើការសម្រេចចិត្តដោយមានការយល់ព្រមពីភាគីទាំងសងខាង។

ក្នុងករណី មានការយល់ច្រឡំណាមួយកើតឡើង ឬក៏ខ្វះការបញ្ជាក់លើកិច្ចព្រមព្រៀងនេះ ត្រូវប្រើកិច្ចព្រមព្រៀងជាភាសាអង់គ្លេស។ កិច្ចព្រមព្រៀងជាភាសាអង់គ្លេសត្រូវផ្ដល់មូលដ្ឋានចុងក្រោយសម្រាប់ការបកស្រាយ និងអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។

ប្រការ៥-ការគ្រប់គ្រង៖ ការគ្រប់គ្រង និងការទំនាក់ទំនងនៃគម្រោងនានា ត្រូវទំនាក់ទំនងតាមរយៈអ្នកសម្របសម្រួលលោក មីន ប៊ុងចាង R&S Steel(កម្ពុជា) ដែលបានរៀបរៀងដោយភាគីទាំងពីរ។ ភាគីទាំងពីរត្រូវបន្ដទំនាក់ទំនង និងរួមសហការដើម្បីផ្សព្វផ្សាយលទ្ធផលល្អបំផុតនៃគម្រោង។

ប្រការ៦-ការចុះហត្ថលេខា ដូចជាភ័ស្ដុតាង ភាគីទាំងពីរបានព្រមព្រៀងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចព្រមព្រៀងបរិច្ចាក នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។

ប្រការ៧-ប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង៖ អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចព្រមព្រៀងបរិច្ចាកនេះ មានប្រសិទ្ធភាពនៅពេលដែលតំណាងភាគីទាំងពីរ បានចុះហត្ថលេខានៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ និងអាចបន្ដទៀតបានតាមការព្រមព្រៀងនៃភាគីទាំងពីរ៕