(អាមេរិក)៖ ខណៈដែលសហរដ្ឋអាមេរិក កំពុងទន្ទឹងរងចាំព្រឹត្តការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខនេះ បេក្ខជនប្រធានាធិបតីពីររូប គឺលោក Donald  Trump ដែលមកពីបក្សសាធារណរដ្ឋ និងលោកស្រី Hillary Clinton ដែលមកពីបក្សប្រជាធិបតេយ្យ កំពុងប្រណាំងប្រជែងគ្នាដើម្បីទាក់ទាញសន្លឹកឆ្នោត។ ក្នុងនោះដែរយើងសង្កេតឃើញថា លោក Donald Trump ហាក់មានភាពលេចធ្លោ និងកំពុងទទួលបានប្រជាប្រិយភាពជាខ្លាំង ជាពិសេសលើគោលនយោបាយប្លែកៗរបស់លោកផ្ទាល់តែម្តង រហូតមានការចោទជាសំណួរថាតើ ឥរិយាបទ និងគោលនយោបាយថ្មីៗរបស់លោកTrump អាចឲ្យយកឈ្នះលើស្ត្រីជើងខ្លាំង Hillary Clinton បានដែរឬទេ? ខាងក្រោមនេះជាព័ត៌មានលម្អិតរបស់បេក្ខជនប្រធានាធិបតីរូបនេះ៖

 

ព័ត៌មានទូទៅ៖
•  ទីកំនើត៖ កើតនៅទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦ បច្ចុប្បន្នមានវ័យ៧០ឆ្នាំ
•  ទីលំនៅបច្ចុប្បន្ន៖ ទីក្រុង ញ៉ូវយ៉ក
•  មុខរបរ៖ ពាណិជ្ជករ តួអង្គល្បីក្នុងកម្មវិធីទូរទស្សន៍ និងអ្នកនយោបាយ
•  បក្សនយោបាយ៖ បក្សសាធារណរដ្ឋ (ពីឆ្នាំ១៩៨៧-១៩៨៨ ពីឆ្នាំ២០០៩ដល់២០១១ ពីឆ្នាំ២០១២ដល់បច្ចុប្បន្ន) បក្សឯករាជ្យ (ពីឆ្នាំ២០១១ដល់២០១២) បក្សប្រជាធិបតេយ្យ (ឆ្នាំ១៩៨៧ ឆ្នាំ២០០១ដល់ឆ្នាំ២០០៩) បក្សកំណែទម្រង់ (ពីឆ្នាំ១៩៩៩ដល់២០០១)។
•  ភរិយា និងកូន៖ លោកស្រី Ivana Zelnickova (រៀបការពីឆ្នាំ១៩៧៧ដល់១៩៩១មានកូនបីនាក់ គឺ លោក Donald Trump Jr.  នាង Ivanka Trump លោក Eric Trump) លោកស្រី Marla Maples (រៀបការពីឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៩មានកូនស្រីម្នាក់គឺអ្នកនាងTiffany Trump) លោកស្រី Melania Knauss (រៀបការនៅឆ្នាំ២០០៥ដល់បច្ចុប្បន្នមានកូនម្នាក់គឺ Barron Trump) និងមានចៅប្រាំបីនាក់។
•  ឪពុកម្តាយ៖ លោក Fred Trump និងលោកស្រី Mary Anne MacLeod
•  ខ្សែស្រឡាយ៖ លោក Trump មានឳពុកកាត់អាឡឺម៉ង់ ចំណែកម្តាយកាត់ជនជាតិស្កត់ឡែន។ ជីដូនជីតា ទាំងសងខាងសុទ្ធតែកើតនៅក្រៅដែនដីសហរដ្ឋអាម៉េរិក។

លោក Donald John Trump ជាកូនទីពីរក្នុងចំណោមកូន៥នាក់របស់អ្នកស្រី Mary និងលោក Fred Trump។ បងប្អូនទាំងអស់សុទ្ធតែនៅមានជីវិត លើកលែងតែបងប្រុសបង្អស់គឺលោក Fred Jr. បានស្លាប់ក្នុងឆ្នាំ១៩៨១ដោយសារជាតិអាកុល។ ចំណុចនេះហើយដែលធ្វើឲ្យលោក Trump ស្បថខ្លួនឯងថាលោកនឹងមិនប៉ះពាល់ជាតិអាកុល និងបារីឡើយ។ ដោយសារមាន​បញ្ហាផ្នែកឥរិយាបទ លោក Trump បានឈប់រៀនតាំងពីអាយុ១៣ឆ្នាំ និងចុះឈ្មោះចូលរៀននៅសាលា​យោធាក្នុង​ទីក្រុងញ៉ូវយ៉ក ព្រមទាំងចូលរួមធ្វើសមយុទ្ធ ពាក់ឯកសណ្ឋាន និងទទួលបានតួនាទីជាកាពីតែន​ថែមទៀតផង។ ឪពុករបស់លោកបានប្រាប់អ្នកសារព័ត៌មានថា លោកជាមនុស្សម្នាក់ដែលមានចរិតគ្រោតគ្រាតតាំងពីតូចមក។  

លោក Trump បានចូលសិក្សានៅសកលវិទ្យាល័យ Fordham អស់រយៈពេលពីរឆ្នាំ ក្រោយមកត្រូវបានផ្ទេរទៅសាលា Wharton សិក្សាផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្ម នៅសកលវិទ្យាល័យ Pennsylvania ដែលផ្តល់ការបង្រៀនផ្នែកអចលនាទ្រពនៅសហរដ្ឋអាមេរិក។ ខណៈកំពុងសិក្សា លោកបានធ្វើការនៅក្រុមហ៊ុន មានលក្ខណៈជាក្រុមគ្រួសារមួយ​ដែលមានឈ្មោះថា Elizabeth Trump &  Son ជាឈ្មោះរបស់ជីដូនជីតាខាងឪពុករបស់លោក។ លោក Trump បញ្ចប់ការសិក្សាពីសាលា Wharton កាលពីខែឧសភា ឆ្នាំ១៩៦៨ ផ្នែកវិទ្យាសាស្ត្រ និងសេដ្ឋកិច្ច។ ក្នុង​ឆ្នាំ១៩៩៨ បន្ទាប់ពីលែងលះជាមួយភរិយាពីរនាក់មក លោក Trump ក៏ចាប់ផ្តើមទំនាក់ទំនងជាមួយនាង Melania Knauss ដែលជាតារាបង្ហាញម៉ូត និងជាជនជាតិស្លូវ៉ានី ដែលបច្ចុប្បន្នជាភរិយា​ទីបីរបស់លោក។ តាមសារព័ត៌មានមួយបានបង្ហើបឲ្យដឹងថា ភរិយារបស់លោកធ្លាប់ធ្វើជាស្ត្រីលក់ខ្លួនម្នាក់តែមិនបើកចំហនោះទេ។ ក្រោយមកពួកគេបានបង្កើតបានកូនប្រុសម្នាក់ មានឈ្មោះថា Barron William Trump ដែលក្រោយមកលោក Trump បានប្រើប្រាស់ ឈ្មោះនេះដាក់ជាឈ្មោះអាជីវកម្មថ្មី​របស់លោកថែមទៀតផង។

បេក្ខជនប្រធានាធិបតីរូបនេះ ជាមនុស្សដែលមានភាពខ្ពើមរអើមច្រើន ហេតុនេះលោកមិនចូលចិត្តវប្បធម៌ចាប់រលាក់ដៃឡើយ។ ក្នុងកម្មវិធី The Howard Stern Show លោក Trump បានពិភាក្សាជាមួយលោក Stern ពីហនីភ័យដែលបណ្តាលមក​ពីការឆ្លងរោគក្នុង​ពេលណាត់​ជួបគ្នា។ លោក Trump បានក៏បានបង្ហាញពីបទពិសោធន៍ក្នុងទំនាក់ទំនងជាមួយស្ត្រីផ្សេងៗ។ លោកធ្លាប់មានពាក្យចចាមរ៉ាមថា បានណាត់ជួបជាមួយតារាម៉ូដែលល្បីៗដូចជា នាង Carla Bruni នាង Kara Young តាំងពីពាក់កណ្តាលរហូតដល់ចុងទសវត្សរណ៍ឆ្នាំ១៩៩០ តែត្រូវនាងបដិសេធថាបានជួបលោក Trump តែម្តងប៉ុណ្ណោះ។ លោកក៏បានអះអាងថាធ្លាប់បានជូនព្រះនាង Diana ជាមួយនឹងបាច់ផ្កាដ៏មានតម្លៃថ្លៃផងដែរ បន្ទាប់ពីព្រះនាងលែងលះពីព្រះអង្គម្ចាស់ Charles។

 

* ការប្រឡូងនយោបាយជាលើកដំបូង៖
លោក Trump តែងតែផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនជាច្រើនលើកច្រើនសារ និងផ្ទុយគ្នាពីមួយពេលទៅមួយពេល។ សារព័ត៌មាន Politifact ធ្លាប់បានរាប់ពីចំនួនដងនៃការនិយាយស្តីរបស់លោក Trump ហើយបានឲ្យដឹងថា រឿងខ្លះលោកធ្លាប់បាននិយាយ១៧ដង ប៉ុន្តែបន្ទាប់មកលោកបដិសេធថាខ្លួនមិនបាននិយាយក៏មាន។​ លោក Trump ធ្លាប់បានបង្ហាញការចាប់អារម្មណ៍​ក្នុងការឈរ​ឈ្មោះបោះ​ឆ្នោតជាលើកដំបូងតាំងពីឆ្នាំ១៩៨៧មកម្ល៉េះ ដោយលោកបានចំណាយប្រាក់រហូតដល់១០០ពាន់ដុល្លារ ដើម្បីចុះផ្សាយអត្ថបទលើសារព័ត៌មានរិះ​គន់ទៅលើគោលនយោបាយ​ការពារជាតិ​សហរដ្ឋអាមេរិក ក្នុងកាសែតមួយចំនួន។ លោកបានបន្តអូសបន្លាយ​បំណងក្នុងការឈរឈ្មោះ​ជាប្រធានាធិបតី​រហូតដល់ឆ្នាំ​១៩៨៨ ឆ្នាំ២០០៤ និងឆ្នាំ២០១២ និងមានបំណងឈរឈ្មោះ​ធ្វើជាអភិបាលក្រុងញ៉ូវយ៉កក្នុងឆ្នាំ២០០៦ និងឆ្នាំ២០១៤ យ៉ាងនេះក្តីលោកមិនបានចូលរួមក្នុងការបោះឆ្នោតទាំងនោះឡើយ។

ភាពលេចធ្លោរបស់លោកTrump ក្នុងនាមជាបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១២ដោយសារលោកជាពាណិជ្ជកម្នាក់ មិននិយាយ ឬគិតដូចអ្នកនយោបាយឡើយ។ ជាទូទៅលោកទទួលបានសម្លេងគាំទ្រទាបជាង១៧ភាគរយដែលលោក មិនអាចឲ្យក្លាយជាបេក្ខជនបក្សសាធារណរដ្ឋបានឡើយ។ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១១ លោកបានប្រកាសថាលោកនឹងមិនឈរឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១២ឡើយ ខណៈដែលពេលខ្លះលោកលើកឡើងទាំងអំណួតថាលោកប្រកដជាទទួលបានជោគជ័យ។

 

* យុទ្ធនាការបោះឆ្នោតឆ្នាំ២០១៦៖
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ លោកTrump បានប្រកាសពីបេក្ខភាពប្រធានាធិបតីសម្រាប់សហរដ្ឋអាមេរិក នៅអគារ Trump Tower ក្នុងទីក្រុងញ៉ូវយ៉ក។ ក្នុងពេលនោះលោកបានអូសទាញចំណាប់អារម្មណ៍លើបញ្ហាក្នុងស្រុកដូចជា វិបត្តិជនអន្តោប្រវេសន៍ខុសច្បាប់ វិបត្តិការងារ បំណុលជាតិ បទឧក្រិដ្ឋ ភេរវកម្មពួកឥស្លាមជាដើម។ ក្នុងពាក្យស្លោកក្នុងយុទ្ធនាការរបស់លោកបានសរសេរថា «ធ្វើឲ្យសហរដ្ឋអាមេរិកប្រសើរឡើងសារជាថ្មី»។ លោកបានចាត់ទុកខ្លួនឯងជាមនុស្សអភិរក្សនិយម ជាពិសេសលើផ្នែកពន្ធ និងសាសនា។ យុទ្ធនាការរបស់លោកក៏បានផ្តោតទៅលើភាពស្នេហាជាតិផងដែរ។ ក្នុងពេលធ្វើយុទ្ធនាការបោះឆ្នោតកន្លងមក មានការផ្ទុះអំពើហិង្សា បាតុកម្ម ព្រមទាំងមានការវាយប្រហារគ្នាទៅវិញទៅមក ដែលការប្រឈមមុខដាក់គ្នានេះបានកើតឡើងរវាងក្រុមអ្នកប្រឆាំង និងអ្នកគាំទ្រលោក Trump។

គួរបញ្ជាក់ថា លោក Trump ជាមនុស្សទីពីរក្នុងនាមជាបេក្ខជនប្រធានាធិបតីក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលមានបទពិសោធន៍ខ្ពស់ផ្នែកពាណិជ្ចកម្ម (ទីមួយគឺលោក Wendell Willkie)។ ប្រសិនបើជាប់ឆ្នោត លោកនឹងក្លាយជាប្រធានាធិបតីអាមេរិកទីមួយដែលគ្មានបទពិសោធន៍ផ្នែករដ្ឋាភិបាល ឬយោធា។ មេដឹកនាំសំខាន់របស់បក្សសាធារណរដ្ឋដូចជាលោក Paul Ryanជាដើម ហាក់មានភាពស្ទាក់ស្ទើរក្នុងការគាំទ្របេក្ខជនប្រធានាធិបតីរូបនេះតាំងពីការចាប់ផ្តើមមកម្ល៉េះ ដោយបារម្ភថាតើលោកអាចមានឱកាសឈ្នះឆ្នោតឬទេ ម្យ៉ាងទៀតពួកគេមានក្តីបារម្ភខ្លាចលោក Trump អាចក្លាយជារូបភាពអាក្រក់មួយដែលបង្កផលប៉ះពាល់ដល់បក្សសាធារណរដ្ឋទាំងមូល។

សេចក្តីថ្លែងការណ៍របស់លោក ក្នុងយុទ្ធនាការបោះឆ្នោត បានបង្កការវិវាទគ្នាជាខ្លាំង និងត្រូវបានគេពណ៌នាក្នុងរូបភាពខុសៗគ្នា ដោយអ្នកខ្លះចាត់ទុកថាជាភាពខុសឆ្គងទាំងស្រុងតែម្តង។ អង្គការត្រួតពិនិត្យការឃោសនាមួយចំនួនដូចជា អង្គការ​ PolitiFact និង FactCheck.org បានចាត់ទុកលោកតែម្នាក់គត់ដែលមានកំហុសច្រើនក្នុងពេលធ្វើសេចក្តីថ្លែងក្នុងអំឡុងនៃការធ្វើយុទ្ធនាការ បើប្រៀបធៀបនឹងបេក្ខជនប្រធានាធិបតីផ្សេងទៀត ដោយពឹងផ្អែកលើការវិភាគរបស់ពួកគេ។

អ្នកសារព័ត៌មាន James Oliphant និងEmily Flitter បានលើកឡើងថា លោក Trump ជាមនុស្សចូលចិត្តនិយាយបំផ្លើស ស្របពេលដែលសាស្ត្រាចារ្យ Lucas Graves បានបញ្ជាក់ថា លោក Trump តែងតែនិយាយបែបផ្តល់យោបល់ ដែលធ្វើឲ្យវាមានភាពមិនច្បាស់លាស់ថាតើលោកចង់មានន័យអ្វីឲ្យបា្រកដ។ ដោយឡែកលោក Trump បែរជាឆ្លើយតបវិញថា អ្នកសារព័ត៌មានតែង​តែ​បំផ្លើសអ្វីដែលលោកមិនបាននិយាយទៅវិញ។

 

* មុខរបរ និងអាជីវកម្ម៖
•  វិស័យអចលនទ្រព្យ៖ លោកTrump ចាប់ផ្តើមមុខរបរក្នុងវិស័យអចលនទ្រព្យនៅក្រុមហ៊ុនឪពុករបស់លោក តាំងពីមុនបញ្ចប់ការសិក្សាម្ល៉េះ។ នៅពេលលោកបញ្ចប់ការសិក្សាឆ្នាំ១៩៦៨ អាជីវករវ័យក្មេងរូបនេះមានប្រាក់ចំនួន២០ម៉ឺនដុល្លារ ដែលស្មើនឹង១,០២០,០០០ដុល្លារសម្រាប់ឆ្នាំ២០១៥។ ឆ្នាំ១៩៧២ លោកបានលក់វីឡាមួយក្នុងតម្លៃទឹកប្រាក់៦.៧៥លានដុល្លារ។ តែនៅក្នុងវ័យ២៣ឆ្នាំ លោកត្រូវបរាជ័យក្នុងមុខរបររបស់ខ្លួន។
•  អគារ Trump Tower ៖ ក្នុងឆ្នាំ១៩៨៣ លោកបានសាងសង់អគារនេះ ដែលមានកំពស់៥៨ជាន់ និងខ្ពស់ជាខ្លាំង ក្នុងទីក្រុង ញ៉ូវយ៉ក។
•  Trump Plaza ៖ ជាសណ្ឋាគារ និងកាស៊ីណូដែលត្រូវបានកសាងឡើងដោយលោក Trump ក្នុងទីក្រុង អាត្លង់ទិកនាឆ្នាំ១៩៨៤ ដោយមានលោកស្រី Ivana ភរិយាទីមួយរបស់លោកគ្រប់គ្រង។ ក្រៅពីនេះ លោក Trump នៅមានទីតាំង និងអាជីវកម្មជាច្រើនទៀត។

 

* ការដួលរំលំ៖
ក្នុងនាមជាម្ចាស់សណ្ឋាគារ និងកាស៊ីណូ  លោកបានប្រកាសពីការដួលរលំរហូតដល់៤ដងចាប់ពីឆ្នាំ១៩៩១ដល់ឆ្នាំ២០០៩ ដោយធ្វើកិច្ចចរចាជាច្រើនលើកអំពីបំណុលជាមួយធនាគារ ម្ចាស់ភាគហ៊ុន និងប័ណ្ណបំណុល។ តែដោយកាលនោះអាជីវកម្មបានប្រើប្រាស់ច្បាប់នៃការដួលរលំជំពូកទី១១ ដែលចែងថា គេអនុញ្ញាតឲ្យអាជីវកម្មបន្តសកម្មភាពរបស់ខ្លួនដដែលក្នុងដំណើរការនៃកិច្ចចរចា។ លោក Trump បានលើកឡើងថា«ខ្ញុំបានបន្តអាជីវកម្មជាមួយច្បាប់នៃការដួលរលំ វាពិតជាល្អមែនទែនសម្រាប់ខ្ញុំដែលអាចប្រើប្រាស់ជាមធ្យោបាយក្នុងការដោះស្រាយបំណុល។

 

*​ កេរ្តិ៍មរតក និងអ្វីដែលទទួលបាន៖
ក្នុងឆ្នាំ១៩៩៦ លោក ទទួលបានអគារចាស់មួយនៅ Wall Street ដែលបច្ចុប្បន្នមាន៧០ជាន់។ បន្ទាប់ពីឪពុករបស់លោកស្លាប់ទៅ លោកព្រមទាំងបងប្អូនទទួលបានកេរ្តិ៍មរតក ដែលមានតម្លៃ​ជាទឹកប្រាក់ម្នាក់ៗ​ប្រហែល២៥០លាន ទៅ៣០០លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០០១ លោកសម្រេចបាននូវការសាងសងអគារ Trump World Tower ដែលកំពស់មាន៧២ជាន់។ មិន​តែប៉ុណ្ណោះលោកក៏គ្រោងនឹងកសាងអគារ Trump Place ដែលស្ថិតនៅតាមបណ្តោយដងទន្លេ Hudsonផងដែរ។ មិនតែប៉ុណ្ណោះលោកនៅតែបន្តកសាងអគារសំខាន់ៗជាច្រើនទៀត ដែលមាន​តម្លៃកប់ពពក។ មានភាពស្មុគស្មាញជាច្រើនពាក់ព័ន្ធនឹងប្រាក់ចំណូលក្នុងអាជីវកម្មរបស់លោកធ្វើឲ្យ ការវិភាគបានលើកឡើងថាលោក ជាមនុស្សដែលអំណួតខ្លាំងទាំងទៅលើភាពបរាជ័យ និងជោគជ័យ​លើអាជីវកម្មរបស់ខ្លួន។

 

* បញ្ហាសង្គម៖
លោក Trump បានចាត់ខ្លួនឯងជាមនុស្សដែលប្រឆាំងការពន្លូតកូន លើកលែងតែក្នុងករណីរំលោភ សាហាយស្មន់ និងសុខភាពរបស់ម្តាយ។ លោកគាំទ្រចំពោះការរៀបការតាមបែបប្រពៃណី តែប្រឆាំងសេចក្តីសម្រេចរបស់តុលាការដែលបានផ្តល់ភាពស្របច្បាប់ដល់ការរៀបការភេទដូចគ្នា ដោយបញ្ជាក់ថាសេចក្តីសម្រេចនេះគួរតែត្រូវបានលុបចោល។ លោកប្រឆាំងការកែច្នៃសារធាតុកញ្ឆា ប៉ុន្តែគាំទ្រចំពោះថ្នាំដែលមានសារធាតុកញ្ឆា។ លោក ក៏មានជាមនុស្សដែលគាំទ្រទោសប្រហារជីវិតផងដែរ។

 

* បញ្ហាសេដ្ឋកិច្ច៖
លោក Trump ត្រូវបានគេចាត់ទុកថាថា «អ្នកជំនួញបែបសេរី» ប៉ុន្តែបញ្ជាក់ថា ការធ្វើជំនួញ ត្រូវតែមានហេតុផលត្រឹមត្រូវ។  លោកជាមនុស្សដែល «ការពារនិយម» (លើកកម្ពស់ការប្រើប្រាស់​ផលិតផលក្នុងស្រុក តាមរយៈការបង្កើនពន្ធនាំចូល)។ លោកបានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិក ខាងជើង ជាទំនាក់ទំនងពាណិជ្ជកម្មដ៏ខាតបង់មួយ។ លោកក៏បានស្នើ​បង្កើនពន្ធនាំចូលពីសំណាក់ប្រទេសចិនរហូតដល់៤៥ភាគរយព្រមទាំងបានលើកឡើងនូវគំនិតក្នុងការបង្កើនពន្ធ៣៥ភាគរយសម្រាប់ ការនាំចូលពីប្រទេស ម៉ិចស៊ិក។ លោកបានចាត់​ទុកអង្គការ​ពាណិជ្ជកម្មពិភពលោក WTO ថាជាគ្រោះ មហន្តរាយ និងមានបំណងចង់ធ្វើកិច្ចចរចាសម្រាប់សហរដ្ឋអាមេរិកក្នុងការចាកចេញពីអង្គការពិភពលោកមួយនេះថែមទៀតផង លើកលែង​តែអង្គការ​នេះអនុញ្ញាតតាមសំណើររបស់លោកក្នុងការបង្កើនពន្ធនាំចូល។  

 

* វិស័យសុខាភិបាល ការអប់រំ និងបរិស្ថាន៖
លោក Trump មានបំណងចង់លុបចោលឬផ្លាស់ប្តូរគោលនយោបាយសុខាភិបាលរបស់លោក អូបាម៉ា ជំនួសវិញដោយគម្រោងទីផ្សារសេរីfree-market plan ដែលគម្រោងនេះ អនុញ្ញាតឲ្យមាន​ការលក់ធានារ៉ាប់រងសុខភាព អាចឲ្យប្រជាពលរដ្ឋម្នាក់ៗកាត់បន្ថយការចំណាយ ពង្រីកគណនីសន្សំសំចៃលើវិស័យសុខាភិបាល និងបង្កើនការគ្រប់គ្រងលើផ្នែកឱសថ។ ចំពោះវិស័យ​អប់រំ លោកបាន​គាំទ្រចំពោះគោលនយោបាយគ្រប់គ្រងលើសាលាថ្នាក់បឋម និងមធ្យម។ ប៉ុន្តែលោកប្រឆាំងនឹងគោលការ Common Core State Standards Initiative (តម្រូវឲ្យសិស្សត្រូវចេះភាសាអង់គ្លេស និងគណិតវិទ្យា) សម្រាប់ថ្នាក់បឋម និងថ្នាក់មធ្យម ព្រមទាំងចាត់ទុកគោលនយោបាយនេះថាជារឿងដ៏អាក្រក់ ដែលត្រូវតែលុបបំបាត់។ លោកបានបញ្ជាក់ថា លោកនឹងបញ្ចប់គោលនយោបាយនេះ នៅគ្រប់ស្ថាប័នអប់រំទាំងអស់។

ទាក់ទងនឹងបញ្ហាបរិស្ថាន លោកបានបង្ហាញការបដិសេធចំពោះការលើកឡើងពីបញ្ហាបម្រែបម្រួលអាកាសធាតុ ព្រមទាំងអះអាងម្តងហើយម្តងទៀតថាវិបត្តិកំណើតកំដៅផែនដី ជាការបោកបញ្ឆោត។ លោកសន្យាថានឹងកាត់កញ្ចប់ថវិកាមកវិញទាំងអស់។ លោកក៏បានសន្យាផងដែរក្នុងការលុបចោលនូវកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ដែលទាមទារឲ្យកាត់បន្ថយការបញ្ចេញសារធាតុកាបូន ក្នុង១៧០ប្រទេស ដោយប្រកាសថា កិច្ចព្រមព្រៀងនេះមានលក្ខណៈមិនស្មើភាព និងហាក់លំអៀងទៅប្រទេសមួយចំនួនទៀតដូចជាចិនជាដើម។

 

* គោលនយោបាយការបរទេស៖
លោក Trump ត្រូវបានគេចាត់ទុកថា ជាមនុស្សជាតិនិយម ប្រឆាំងគោលនយោបាយអន្តរជាតិនិយម។ លោកគាំទ្រចំពោះការចំណាយលើវិស័យយោធាក្នុងប្រទេស តែចង់កាត់បន្ថយការចំណាយ​លើអង្គការណាតូ និងក្នុងតំបន់ប៉ាស៊ីហ្វិក។

បេក្ខជនប្រធានាធិបតីដ៏ចម្លែករូបនេះ បានបញ្ជាក់ថា យើងគួរតែសំលឹងពីផ្ទៃក្នុងប្រទេស ចាប់ផ្តើមប្រើប្រាស់ធនធានដើម្បីបំពេញតម្រូវការក្នុងស្រុកឲ្យបានគ្រប់គ្រាន់។ បុគ្គលស្នេហាជាតិរូបនេះ បាន​លើកឡើងថា ប្រសិនបើលោកជាប់ជាប្រធានាធិបតី លោកនឹងពង្រីកការធានារ៉ាប់រងសន្តិសុខសម្រាប់ប្រទេសជាសមាជិករបស់អង្គការណាតូ មិនតែប៉ុណ្ណោះលោកអាច​ពិចារណាចាកចេញ​ពីអង្គការ NATO ថែមទៀតផង លើកលែងតែមានកំណែទម្រង់លើប្រទេសសម្ព័ន្ធមិត្ត។ ជាមួយគ្នានេះដែរ លោកបានស្នើរដ្ឋាភិបាលជប៉ុនជួយចំណាយលើមូលដ្ឋានយោធាអាមេរិកដែលដាក់ពង្រាយនៅទីនោះ ព្រមទាំងលើកឡើងថា ជប៉ុនគួរតែអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ក្នុងគោលដៅការពារខ្លួនពីការគំរាមកំហែងរបស់ប្រទេស កូរ៉េខាងជើង។

ពាក់ព័ន្ធនឹងការ​ទប់ស្កាត់ពួកឧទ្ទាមISIS លោកបានស្នើបញ្ជូនយោធាអាមេរិកពី២០ពាន់ ទៅ៣០ពាន់នាក់បន្ថែមទៅកាន់តំបន់។ លោកក៏បានទាមទារផងដែរឲ្យប្រទេស​ជាសម្ព័ន្ធមិត្តដូច​ជាអារ៉ាប៊ីសា​អូឌីត​ជាដើមគួរតែបញ្ជូនយោធាចូលរួមក្នុងការវាយប្រហារនេះ។ លោកគិតថា តំបន់ប្រេងក្រោមការគ្រប់គ្រងរបស់ISIS គួរតែត្រូវបានទម្លាក់គ្រាប់បែកកំទេចចោល។

ក្នុងករណីលោកជាប់ជាប្រធានាធិបតី លោក Trump នឹងបញ្ឈប់ផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀងនុយកេ្លអ៊ែរជាមួយប្រទេសអ៊ីរ៉ង់។ ដោយឡែកពាក់ព័ន្ធនឹងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន លោកTrump បានបញ្ជាក់ថា វាពិតជាមានសារៈសំខាន់ជាទីបំផុតក្នុងការប្រកាន់ជំហរអព្យាក្រឹត ប៉ុន្តែការពិតទៅលោកជាអ្នកគាំទ្រផ្កាប់មុខទៅលើប្រទេស អ៊ីស្រាអែល។

ពាក់​ព័ន្ធជាមួយបញ្ហារុស្ស៊ីវិញលោកហាក់មានលំអៀងទៅរុស្ស៊ី ដោយបញ្ជាក់ថាលោកអាចនឹងពិចារណាពីការដកទណ្ឌកម្មពីប្រទេសនេះ។ មិនតែប៉ុណ្ណោះរុស្ស៊ី អាចជួយសហរដ្ឋអាមេរិកក្នុងការបង្ក្រាបពួក ISISផងដែរ។ ក្នុងបទសម្ភាសន៍ដដែល លោក សង្ឃឹមថា រុស្ស៊ី អាចជួយរកឃើញសាររបស់លោកស្រី Hillary Clinton ដែលបានបាត់នាពេលកន្លងមក ដោយបានថ្លែងទៅកាន់រុស្ស៊ីថា ប្រសិនបើរុស្ស៊ី​យកចិត្តទុកដាក់ទៅលើរឿងនេះ រុស្ស៊ីអាចជួយរកសាររបស់លោកស្រីដែលបានបាត់រហូតដល់៣ម៉ឺនសារ។ ប៉ុន្តែនៅថ្ងៃបន្ទាប់ លោកបានលើកឡើងថា នេះជាការបញ្ឈឺចិត្តប៉ុណ្ណោះ។

 

* គោលនយោបាយជនអន្តោប្រវេសន៍៖
គោលនយោបាយជនអន្តោប្រវេសន៍របស់លោក Trump ត្រូវបានគេលើកយកមកពិភាក្សាយ៉ាងផុសផុលក្នុងចំណោម គោលនយោបាយផ្សេងៗទៀតក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ លោក​បានប្តេជ្ញាក្នុងការកសាងជញ្ជាំងនៅតាមបន្ទាត់ព្រំដែនរវាងសហរដ្ឋអាមេរិក និងម៉ិចស៊ិក ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលលោកនឹងចំណាយដោយផ្ទាល់ទៅលើការសាងសង់ទាំងអស់។ លោកក៏នឹងបង្កើតកងកម្លាំងពិសេស ដើម្បីបណ្តេញជនអន្តោប្រវេសន៍១១លាននាក់ដែលរស់នៅសហរដ្ឋអាមេរិក ដោយបញ្ជាក់ថា «នៅថ្ងៃទីមួយរបស់លោកក្នុងនាមជាប្រធានាធិបតី ជនអន្តោប្រវេសន៍​ខុសច្បាប់ ទាំងអស់នឹងត្រូវចាកចេញយ៉ាងឆាប់រហ័ស»។ ជាមួយគ្នានេះដែរ លោកក៏បានបង្ហាញការប្រឆាំងចំពោះការទទួលបានសិទ្ធជាប្រជាពលរដ្ឋដោយសារការចាប់កំណើតនៅអាមេរិកផងដែរ។

កាលពីចុងខែសីហាកន្លងទៅនេះ លោក បានស្នើនិរទេសគ្រប់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារត្រឹមត្រូវ។ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ លោកបានធ្វើទស្សនកិច្ចនៅប្រទេស ម៉ិចស៊ិក ព្រមទាំងជួបជាមួយប្រធានាធិបតី Enrique Peña Nieto doy ដើម្បីបង្ហាញពីបំណងដែលលោកចង់បង្កើនទំនាក់ទំនងជាមួយប្រទេសនេះ។ យ៉ាងនេះក្តីក្នុងកិច្ចពិភាក្សានារាត្រីនោះ លោក បានបង្ហាញពីគម្រោង១០ចំណុច ដែលក្នុងនោះរួមទាំងការកសាងជញ្ជាំងតាមបណ្តោយបន្ទាត់ព្រំដែនផងដែរ ដោយលោកផ្ទាល់ជាអ្នកចំណាយទាំងអស់។ លោកបញ្ជាក់ផងដែរថា កងកម្លាំងពិសេស​ទទួលបន្ទុកផ្នែកជនអន្តោប្រវេសន៍ នឹងត្រូវដាក់ទោសពីបទឧក្រិដ្ឋទៅលើជនអន្តោប្រវេសន៍ណា ដែលស្នាក់នៅក្នុងដែនដីសហរដ្ឋអាមេរិកជាមួយទិដ្ឋាការលើសសុពលភាព។

អ្វីដែលជាសំណើររបស់លោកTrumpដែលកំពុងមានភាពវិវាទជាខ្លាំងនោះគឺ គម្រោងហាមឃាត់ជាបណ្តោះអាសន្នទៅលើជនបរទេសមូស្លីមក្នុងដែនដីសហរដ្ឋអាមេរិក។ តែក្រោយមកលោកបានផ្លាស់​ប្តូរគោលនយោបាយនេះវិញដោយលើកឡើងថា ការហាមឃាត់នេះនឹងធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋមូស្លីម ដែលមកពីបណ្តាប្រទេសធ្លាប់មានប្រវត្តិបង្កការវាយប្រហារភេរវកម្មប្រឆាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ឬប្រទេសដែលមានជម្រកពួកភេរវករ៕