(ភ្នំពេញ)៖ មូលនិធិហោ ណាំហុង-បុរី ហោ បានឧបត្ថម្ភ ថវិកាចំនួន ២០លានរៀល ក្នុងឱកាសទិវាកុមារអន្តរជាតិ ដល់មជ្ឈមណ្ឌលទារក និងកុមារជាតិ។ នេះបើតាមលិខិតថ្លែងអំណរគុណ របស់លោកស្រី ថោ ពៅ ប្រធានមជ្ឈមណ្ឌលទារក និងកុមារជាតិ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្ញើទៅកាន់កិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ប្រធានមូលនិធិហោ ណាំហុង-បុរី ហោ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។

លោកស្រី ថោ ពៅ បានថ្លែងក្នុងលិខិត ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ក្នុងនាមមជ្ឈមណ្ឌលទារក និងកុមារជាតិ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងនាងខ្ញុំផ្ទាល់ ជួសមុខឱ្យបុគ្គលិក មន្ត្រីរាជការ និងប្អូនៗ ក្មួយៗកុមារពិការកំព្រាទាំងអស់ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិតឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ដែលបានប្រើប្រាស់ មូលនិធិហោ ណាំហុង-បុរី ហោ ផ្តល់ជំនួយឧបត្ថម្ភថវិកាដល់ មជ្ឈមណ្ឌលទារក និងកុមារជាតិរៀងរហូតមកដល់ពេលនេះសរុបថវិកា ៣៩០,០០០ដុល្លា។ សព្វថ្ងៃនេះកុមារ កំព្រា ដែលមានពិការភាពសរុបចំនួន ១៨៨នាក់ មានការកើនឡើងពីឆ្នាំកន្លងមក។

ទោះបីជាក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ ឯកឧត្តមមិនដែលភ្លេចកូនចៅ នៅតែសួរសុខទុក្ខ យក ចិត្តទុកដាក់ សណ្តោសប្រណី ដែលជាទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ មេត្តាធម៌ និងមនុស្សធម៌ ក្នុងការផ្តល់នូវក្តី ស្រលាញ់ ការអាណិតអាសូរក្តីសង្ឃឹម និងការគាំពារចំពោះកុមារកំព្រា កុមារពិការ ជាពិសេសជំរុញស្ថានភាពក្នុងការ ថែទាំឱ្យកាន់តែល្អប្រសើរថែមទៀត។ ក្នុងឱកាសទិវាកុមារអន្តរជាតិនេះ ឯកឧត្តមបានឧបត្ថម្ភថវិកាចំនួន ២០លានរៀល សម្រាប់កុមារដែលមានពិការភាពកំពុងរស់នៅក្នុងមជ្ឈមណ្ឌល។

ជួសមុខឱ្យមន្ត្រីរាជការ បុគ្គលិក និងប្អូនៗ ក្មួយៗកុមារទាំងអស់របស់មជ្ឈមណ្ឌលទារក និងកុមារជាតិ ខ្ញុំសូម ថ្លែងអំណរគុណ និងសូមបួងសួងវត្ថុស័ក្តិសិទ្ធក្នុងលោក តាមថែរក្សាឯកឧត្តមកិត្តិបរិរក្សបណ្ឌិត និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី និងចៅប្រុស ចៅស្រី សូមទទួលបាននូវសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន ជាម្លប់ដ៏ ត្រជាក់សម្រាប់យើងខ្ញុំទាំងអស់គ្នា៕