(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បាននឹងកំពុងស្វះស្វែង រកការឯកភាពគ្នា ក្នុងការប្រើប្រាស់ភាសាជាតិ ដើម្បីធ្វើយ៉ាងណាឲ្យការប្រើប្រាស់ ភាសាខ្មែរមានភាពត្រឹមត្រូវ។ដើម្បីស្វែងរកការឯកភាពគ្នានេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរៀបចំសិក្ខាសាលាមួយស្ដីពី «ពិពិធភាពនៃភាសាខ្មែរ» ជូនដល់លោកគ្រូ អ្នកគ្រូ អ្នកសារព័ត៌មាន មន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ច័ន្ទ សំណព្វ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរបានថ្លែងថា ការធ្វើសិក្ខាសាលានេះ ក្នុងគោលបំណងរួមចំណែកផ្សព្វផ្សាយ នូវសមិទ្ធផលដែលខ្លួនបានអនុម័ត និងផ្ដល់ឲ្យមហាជន ពិធីករ ពិធីការនី គ្រូបង្រៀនភាសារខ្មែរ ដែលជាចលករនៃការបណ្ដុះបណ្ដាល ភាសាខ្មែរដល់ជនបរទេស។
លោកបានបន្ដទៀតថា «ខ្ញុំសង្ឃឹមថាប្រធានបទសិក្ខាសាលានៅថ្ងៃនេះ ជាចំណែកមួយដល់ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីស្វែងរកគន្លឹះថ្មីៗថែមទៀត ក្នុងការអភិរក្ស និងអភិវឌ្ឍភាសារខ្មែរ ឲ្យកាន់តែរីកចំរើនទៅមុខ ដោយឈរលើស្មារតី ឯកភាពជាតិខាងភាសា និងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ»។
លោកក៏បានបន្ថែមទៀថា សិក្ខាសាលានេះ គឺជាការស្វែងរកស្ដង់ដាររួមមួយខាងការនិយាយ ការអាន ការសសេរ ការបង្កើតពាក្យ ការប្រើប្រាស់ពាក្យជាដើម នេះគឺជាកត្តាចាំបាច់ ក្នុងការអភិរក្ស និងអភិវឌ្ឍភាសារខ្មែរនាពេលបច្ចុប្បន្ន។
លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួង អប់រំយុវជន និងកីឡា បានថ្លែងថា «យើងត្រូវស្វែងរកឯកភាពក្នុងការប្រើប្រាស់អក្សរ និងភាសាជាតិ ធ្វើទំនើបកម្មការបង្កើតក្បួនខ្នាត និងការបង្កើតបច្ចេកសព្ទថ្មីៗតាមមុខជំនាញនានា ជាគោលការណ៍រួមតែមួយ ក្នុងការសម្រួបសម្រួលរវាងការបង្កើតពាក្យ និងក្បួនខ្នាតឲ្យមានលក្ខណៈឯកភាពគ្នា ស៊ីចង្វាក់ ដោយឈរលើស្មារតីអភិរក្ស និងការអភិវឌ្ឍភាសា។
លោកបានបន្ដទៀតថា «សិក្ខាសាលានាពេលនេះ ក.ជ.ភ.ខ ពិតជាទទួលបានបទពិសោធន៍ និងគំនិតថ្មីៗថែមទៀត ដើម្បីអនុវត្ត និងជួយដាស់ស្មារតី ជំរុញការយកចិត្តទុកដាក់បន្ថែមទៀត ដល់ការប្រើប្រាស់ភាសាខ្មែរលើបណ្ដាញសង្គម ប្រព័ន្ធព័ត៌មានអេឡិចត្រូនិក និងតាមប្រព័ន្ធផ្សព្វផ្សាយនានា មានសារព័ត៌មាន វិទ្យុ ទូរទស្សន៍ ជាដើម ព្រមទាំងការបង្រៀនភាសាខ្មែរផងដែរ»។
លោកបានបន្ថែមទៀតថា បច្ចុប្បន្នមានការសសេរភាសាខ្មែរលើបណ្ដាញសង្គមខុសច្រើន ក្រសួងអប់រំ នឹងខិតខំជម្រុញ និងប្រឹងប្រែងកែសម្រួល ដូចជាការបណ្ដុះបណ្ដាល តាមសាលារៀន ឲ្យកាន់តែមានប្រសិទ្ធិភាព ពិនិត្រឡើងវិញចំពោះ សៀវភៅដែលដាក់ទៅបង្ហាត់បង្រៀន ក៏ត្រូវគណៈកម្មការរៀបចំម្ដងទៀត និងបោះពុម្ភឡើងវិញនាពេលអនាគត៕