(ម៉ាឡេស៊ី)៖ តបតាមការអញ្ជើញរបស់វិទ្យាស្ថានយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ (ISIS) ម៉ាឡេស៊ី លោកបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមក្នុងកិច្ច ប្រជុំតុមូលតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៣៧ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
នៅល្ងាចថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ អគ្គលេខាធិការអាស៊ាន បានជួបជាមួយសាស្ត្រាចារ្យបណ្ឌិត Mohd Faiz Abdullah ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ (ISIS) ម៉ាឡេស៊ី និងជាអ្នករៀបចំកិច្ចប្រជុំ តុមូលតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៣៧ មុនពេលចាប់ផ្តើមអាហារពេលល្ងាចស្វាគមន៍។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការស្ថាប័នវិភាគស្រាវជ្រាវ និងការទូតក្រៅផ្លូវការ មិនមែនរដ្ឋាភិបាល នៅក្នុងតំបន់ និងកិច្ចការមួយចំនួនទៀត។
នៅល្ងាចថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមពិសាអាហារស្វាគមន៍សម្រាប់កិច្ចប្រជុំតុមូលតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៣៧។ នៅក្នុងឱកាសនោះ លោក Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក៏បានអញ្ជើញថ្លែងសន្ទរកថាស្វាគមន៍ផងដែរ។
អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក្រោយពីការពិសាអាហារស្វាគមន៍សម្រាប់កិច្ចប្រជុំតុមូល តំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី ៣៧។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការត្រៀមរៀបចំសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី នៅឆ្នាំក្រោយ និងបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហា តំបន់មួយចំនួនផងដែរ។
នៅព្រឹកថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំតុមូលតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៣៧។ នៅក្នុងឱកាសនោះ សាស្ត្រាចារ្យបណ្ឌិត Mohd Faiz Abdullah ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ (ISIS) ម៉ាឡេស៊ី បានថ្លែងសន្ទរកថាស្វាគមន៍ ខណៈលោកបណ្ឌិត Yose Rizal Damuri នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) របស់ឥណ្ឌូណេស៊ី និងជាប្រធានបណ្តាញអាស៊ាន-ISIS បានថ្លែងសន្ទរកថាបើក។
នៅព្រឹកថ្ងៃពុធ អគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែង ក្នុងសម័យប្រជុំពិភាក្សា ក្នុងនាមជាវាគ្មិន នៃកិច្ចប្រជុំតុមូលតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី ៣៧។ កិច្ចពិភាក្សាបានផ្តោតលើការសម្រេចបានចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥ ការតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រចំនួន ៤ ក៏ដូចជា កិច្ចការអាទិភាពសំខាន់ៗសម្រាប់អាស៊ាន ក្នុងអំឡុងពេលម៉ាឡេស៊ីធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ៕