(ភ្នំពេញ)៖ តំណាងលោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឬស្សីកែវ និងជាអភិបាលខណ្ឌ, លោក ម៉ៅ វណ្ណា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់គីឡូម៉ែត្រ៦ និងជាចៅសង្កាត់ និងលោកវរសេនីយ៍ត្រី ញាណ ពុទ្ធា នាយប៉ុស្តិ៍ បានបើកវេទិកាសារធារណៈ ដើម្បីពន្យល់ណែនាំ និងឆ្លើយតបរកដំណោះស្រាយនៃចម្ងល់មួយចំនួនជូនប្រជាពលរដ្ឋ ពាក់ព័ន្ធអំពីផលប៉ះពាល់នៃការប្រើប្រាស់ ការចរាចរ និងការជួញដូរគ្រឿងញៀន ពិសេស ការចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។
វេទិការសាធារណៈនេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ដោយមានការចូលរួមពីលោក-លោកស្រីក្រុមប្រឹក្សាសង្កាត់, មន្ត្រីសង្កាត, នាយរងប៉ុស្តិ៍, មេភូមិ-អនុភូមិ និងប្រជាពលរដ្ឋ មកពីភូមិក្រោលគោមួយចំនួនទៀត ស្ថិតនៅត្រង់ចំណុចក្រុមទី១១ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងវេទិការសាធារណៈនេះដែរ, លោក ម៉ៅ វណ្ណា និងលោកវរសេនីយ៍ត្រី ញាណ ពុទ្ធា បានសង្កត់ធ្ងន់លើការពន្យល់ណែនាំពាក់ព័ន្ធអំពីផលប៉ះពាល់នៃការប្រើប្រាស់ ការចរាចរ និងការជួញដូរគ្រឿងញៀន ដល់ប្រជាពលរដ្ឋ ដើម្បីមានវិធានការទប់ស្កាត់ ក្រៅពីការយកចិត្តទុកដាក់ចំពោះការផ្សព្វផ្សាយអំពីលក្ខណៈសម្បត្តិភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច និងការបកស្រាយមតិចម្ងល់មួយចំនួនទៀត របស់ប្រជាពលរដ្ឋ៕