(ត្រាត)៖ ប្រតិភូកម្ពុជា និងវៀតណាមបានចូលដល់ប្រទេសថៃហើយ ក្រោយធ្វើដំណើរតាមកប៉ាល់ទេសចរណ៍ពីខេត្តព្រះសីហនុ អស់ពេលប្រមាណជិត៤ម៉ោង ដើម្បីត្រៀមចូលរួមពិព័រណ៍ធុរកិច្ចខេត្តត្រាតឆ្នាំ២០២៤ (CVTEC Trat Business Roadshow 2024) ខណៈប្រតិភូមួយចំនួនក៏បានធ្វើដំណើរតាមផ្លូវគោកផងដែរ។
គួរជម្រាបថា សភាឧស្សាហកម្មទេសចរណ៍ថៃ និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) បាននិងកំពុងសហការរៀបចំពិព័រណ៍ធុរកិច្ចខេត្តត្រាតឆ្នាំ២០២៤ ឬហៅថា CVTEC Trat Business Roadshow 2024 ចាប់ពីថ្ងៃទី៥-៨ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តត្រាត ប្រទេសថៃ ក្នុងគោលបំណងដើម្បីជំរុញចលនាទេសចរផ្លូវសមុទ្រ និងចរន្តពាណិជ្ជកម្មតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង ដែលជាប់តំបន់សមុទ្រនៃប្រទេសទាំង៣ កម្ពុជា វៀតណាម ថៃ។
នៅពេលចូលដល់កំពង់ផែពហុបំណងខេត្តត្រាត គេឃើញមានអាជ្ញាធរ និងដៃគូវិស័យឯកជនខាងភាគីថៃបានមកទទួលប្រតិភូកម្ពុជា និងវៀតណាមដល់ទីនោះតែម្ដង ជាមួយនឹងការអនុញ្ញាតទិដ្ឋការសម្រាប់ភ្ញៀវទេសចរប្រកបដោយភាពងាយស្រួល។ នេះក៏ជាបទពិសោធន៍ថ្មីមួយសម្រាប់ការីទេសចរណ៍ វិស័យសាធារណៈ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ពិសេសគឺសម្រាប់បើកទំព័រថ្មីនៃការដឹកជញ្ជូនទេសចរណ៍ផ្លូវសមុទ្ររវាងភាគីកម្ពុជា វៀតណាម និងភាគីថៃ។
ចំពោះភាគីកម្ពុជា គេឃើញមានការចូលរួមពីតំណាងរដ្ឋបាលខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង តំណាងមន្ទីរទេសចរណ៍នៃខេត្តតំបន់ឆ្នេរទាំង៤ និងមន្ទីរសាធារណការនិងដឹកជញ្ជូននៃខេត្តតំបន់ឆ្នេរទាំង៤ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) ការីទេសចរណ៍ ក៏ដូចជាភាគីពាក់ព័ន្ធជាច្រើនទៀត។ បើតាមលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) គឺពិតជាគួរឱ្យសោកស្ដាយដែលគ្មានវត្តមានចូលរួមពីសំណាក់ក្រសួងទេសចរណ៍កម្ពុជា និងមិនបានតបតាមការអញ្ជើញរបស់ភាគីថៃទៀតដែរ។
លោក ធួន ស៊ីណាន បានឱ្យដឹងថា ការរួមគ្នារៀបចំពិព័រណ៍ធុរកិច្ចខេត្តត្រាតឆ្នាំ២០២៤នេះ គឺដើម្បីលើកទឹកចិត្តអ្នកវិនិយោគ ក៏ដូចជារាជរដ្ឋាភិបាល និងវិស័យឯកជននៃប្រទេសទាំង៣ ឱ្យបង្កើនការតភ្ជាប់ចរាចរណ៍ផ្លូវទឹក និងទំនាក់ទំនងពាណិជ្ជកម្មនិងទេសចរណ៍ជាមួយគ្នាទៅវិញទៅមក។
លោក ធួន ស៊ីណាន បានបន្តថា ការសម្រេចបាននូវការរៀបចំពិព័រណ៍នេះដែរ ក៏ជាគំនិតផ្ដួចផ្ដើមយូរមកហើយរបស់សមាគម PATA ប្រចាំកម្ពុជា ក៏ដូចជាគោលបំណងរបស់សមាគមទេសចរណ៍របស់ភាគីថៃ ខណៈកិច្ចសហការរៀបចំនេះបានត្រៀមអស់ពេលច្រើនឆ្នាំមកហើយ។
លោកប្រធានសមាគមបង្ហាញការយល់ឃើញថា តាមរយៈពិព័រណ៍នេះនឹងជំរុញចលនាទេសចររវាងប្រទេសទាំង៣បន្ថែមទៀត ពិសេសការដឹកជញ្ជូនតាមផ្លូវទឹក ខណៈប្រទេសទាំងនេះក៏មានគោលដៅទេសចរណ៍ឆ្នេរសមុទ្រ កោះ និងតំបន់សក្ដានុពលផ្សេងៗទៀតដែលប្រទាក់ក្រឡាគ្នា មានការវិនិយោគនិងការអភិវឌ្ឍដ៏ទាក់ទាញ។ ម្យ៉ាងទៀត កាលណាមានចលនាទេសចរទៅមកហើយ នោះការចរាចរណ៍ទំនិញពាណិជ្ជកម្មផ្សេងៗក៏នឹងមានទៅជាមួយគ្នាដែរ៕