(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតជូនលោក ខេលវិន ម៉ូ (Mr. Kelvin Mo) ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពី ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
នៅក្នុងជំនួបនារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា ក្នុងនាមក្រសួង និងប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា បានធ្វើការជជែកពិភាក្សាអំពីលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហការនាពេលអនាគត ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក ក៏ដូចជា សេវាដឹកជញ្ជូនសាធារណៈក្នុងទីក្រុង វិស័យភស្តុភារកម្ម បរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។
គួរបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា នាឱកាសនេះគឺដើម្បីស្វែងយល់បន្ថែមទៀតអំពីសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគរបស់កម្ពុជា ជាពិសេស គឺស្វែងយល់បន្ថែមអំពីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើមរបស់សម្តេចធិបតី ក្នុងការទាក់ទាញ និងជំរុញការវិនិយោគ ក៏ដូចជាផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដាឱ្យកាន់តែល្អប្រសើរ៕