(ភ្នំពេញ)៖ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងថា កន្លងទៅ មានអតីតបុគ្គលិកវិទ្យុបរទេសនិយាយភាសាខ្មែរមួយរូប មុននឹងគាត់ទទួលមរណភាព៣ខែ បានស្កាត់មកជួបលោក ដើម្បីបង្ហើបពីផែនការបំភ្លៃ បំផ្លើស និងបំប៉ោងព័ត៌មានរបស់មេកើយខ្លួន ក្នុងគោលដៅបង្ខូចកិត្តិយសកម្ពុជា នៅលើឆាកអន្តរជាតិ និងក្នុងន័យបង្កភាពចលាចលនៅក្នុងសង្គមកម្ពុជា។
ថ្លែងក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលព័ត៌មានមេគង្គលើកទី៣ ស្ដីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយ ក្នុងបរិបទបញ្ញាសិប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់» នៅថ្ងៃទី០៥ ខែមិថុនានេះ លោក ជុំ កុសល បានបង្ហើបយ៉ាងដូច្នេះថា៖ «ខ្ញុំនឹកឃើញសម្ដីអ្នកសារព័ត៌មានវិទ្យុបរទេសនិយាយភាសាខ្មែរមួយរូប គាត់បានទទួលមរណភាពយូរឆ្នាំមកហើយ ប៉ុន្តែមុននឹងគាត់ទទួលមរណភាព៣ខែ គាត់បានមកជួបខ្ញុំ គាត់និយាយអស់ពីព្រោះគាត់ធ្លាប់ជាអ្នកបម្រើការនៅទីនោះ គាត់ថាវិទ្យុមួយហ្នឹងផែនការរបស់គេ គឺបំភ្លៃ បំផ្លើស បំប៉ោង និងសម្អុយ អីចឹងសុំបងដឹងឮ ហើយប្រយ័ត្នប្រយែងចំពោះបញ្ហានេះ»។
ទោះជាយ៉ាងនេះក្តី លោកជុំ កុសល មិនបានបញ្ជាក់ឱ្យចំឈ្មោះថា វិទ្យុបរទេសនិយាយជាភាសាខ្មែរណាមួយនោះទេ ដោយលោកបានបន្តបញ្ាក់ថា បន្ទាប់ពីលោកទទួលបានដំណឹងនេះ លោកបានតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ ហើយរឿងនោះបានក្លាយការពិតដូចដែលអតីតបុគ្គលិករូបនោះនិយាយមែន ព្រោះបុគ្គលិករូបនោះ ទទួលបានការណែនាំពីថ្នាក់ដឹកនាំរបស់គេ។
ត្រង់ចំណុចនេះ ត្រូវបានលោក ជុំ កុសល បានលើកឡើងថា «រឿងខ្លះតូចទេ ប៉ុន្តែអ្នកទាំងនោះកែច្នៃព័ត៌មាន ឬហៅថា Make-up Story ដែលជំរុញរឿងតូចទៅជារឿងធំ»។ លោកបានប្រៀបធៀបរឿងនេះថា «ពេលខ្លះវាជាបាវអង្ករទេប៉ុន្តែនៅក្នុងហ្នឹងវាមានគ្រាប់ខ្សាច់បន្តិចបន្តួច ប៉ុន្តែព្យាយាមផ្សព្វផ្សាយបែបណាថា បាវនឹងជាបាវខ្សាច់ មិនមែនជាបាវអង្ករទេ ទាំងដែលធាតុពិតជាប៉ាវអង្ករ»។
ទន្ទឹមនឹងនេះដែរ លោកបានយល់ឃើញថា អ្នកសារព័ត៌មាន ឬវិស័យព័ត៌មាន គឺមុតចំពោះព័ត៌មានដែលខ្លួនបានទទួល ហើយនៅទីនេះទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាពិសេសសារព័ត៌មានអន្តរជាតិដែលត្រូវបានអញ្ជើញដោយរាជបណ្ឌិត្យសភាកម្ពុជា ដែលចំណាយពេលហោះហើរមកចូលរួមកម្មវិធីសិក្ខាសាលានេះ សុទ្ធតែជាអ្នកមិនត្រូវការព័ត៌មានក្លែងក្លាយ ជាអ្នកសារព័ត៌មានដែលផ្សព្វផ្សាយតែពីរឿងពិត ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងប្រទេសរបស់ខ្លួន ក៏ដូចជាប្រទេសនៅក្នុងតំបន់ និងពិភពលោក។ ការអញ្ជើញចូលរួមនេះ គឺដើម្បីពិគ្រោះយោបល់គ្នា ចែករំលែកបទពិសោធន៍គ្នា ដើម្បីរកវិធីសាស្រ្តធ្វើយ៉ាងណា លុបបំបាត់ព័ត៌មានអវិជ្ជមាន។
លោកបានសង្កត់ធ្ងន់ថា «អ្នកដែលអង្គុយចាំផលិតព័ត៌មានក្លែងក្លាយ គឺមិនបានចេញមុខពាក់កាតអ្នកសារព័ត៌មានដូចពួកយើងទេ ហើយយើងមិនដឹងពីចំនួនរបស់អ្នកផលិតព័ត៌មានក្លែងក្លាយទាំងនោះ ដែលនេះជាបញ្ហាដែលយើងជាអ្នកសារព័ត៌មានត្រឹមត្រូវ ត្រូវរកដំណោះស្រាយប្រយុទ្ធប្រឆាំង ដែលពាក្យប្រយុទ្ធប្រឆាំងនេះ ខុសពីការប្រយុទ្ធប្រឆាំងនៅលើសមរភូមិដែលយើងអាចមើលឃើញសត្រូវចំពោះមុខ ដែលសង្គ្រាមលើសមរភូមិយើងអាចវាស់ពីចំនួនខ្មាំងជាមួយយើង ពីតុល្យភាពកម្លាំងគ្នា ប៉ុន្តែរឿងសារព័ត៌មាននេះ វាស់មិនបានទេ ហើយព័ត៌មានក្លែងក្លាយនេះមានរាល់ថ្ងៃ រាល់ពេលវេលា»។
លោក ជុំ កុសល បានឱ្យដឹងថា ក្រសួងព័ត៌មាន បាននិងកំពុងរកដំណោះស្រាយលើរឿងនេះ ក្នុងការកាត់បន្ថយព័ត៌មានអវិជ្ជមានទាំងនោះ បើទោះបីជាមិនអាចលុបបំបាត់បានទាំងស្រុងក៏ដោយ ខណៈដែលការបង្កើតព័ត៌មានក្លែងបន្លំ និងក្លែងក្លាយនេះ កើតចេញពីការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ ដែលយល់ឃើញផ្សេងៗគ្នា។
ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា បណ្ដាញសង្គមនេះ គឺមានល្បឿនលឿនជាងកាំជ្រួចទៅទៀត ហើយពិតជាពិបាកទប់ស្កាត់ពិតមែន ទន្ទឹមនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កាន់តែរីករាលដាលខ្លាំងក្លានៅលើពិភពលោក ដែលទាមទារឱ្យប្រើប្រាស់រយៈពេលបន្តិចក្នុងការដោះស្រាយ ទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងនោះ។
សូមជម្រាបថា កន្លងមក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានថ្លែងថា អ្នកសារព័ត៌មានអាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាព អំពីបញ្ហាសង្គម និងលើកទឹកបន្តចូលរួមលើកស្ទួយវិស័យព័ត៌មាន ដោយប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវវិជ្ជាជីវៈសារព័ត៌មាន និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់បង្កឱ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីភាពជាតិ។
បន្ថែមពីនេះ សម្តេចធិបតីបានគាំទ្រចំពោះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលបានរៀបចំឡើងដោយក្រសួងព័ត៌មាន ដើម្បីទប់ស្កាត់សារព័ត៌មានអនឡាញ និងការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនង សង្គម ដែលគ្មានវិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតបំពុលសង្គម ញុះញង់ឱ្យកើតមានវិបត្តិនៅក្នុងសង្គម និងការប្រើប្រាស់រូបភាព ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ អរិយធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិផងដែរ៕