(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងផ្សារមូលបត្រកម្ពុជា (ផមក) នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ បានសហការរៀបចំ កម្មវិធីសិក្ខាសាលាសម្រាប់សាស្ត្រាចារ្យ សាកលវិទ្យាល័យអំពីវិស័យមូលបត្រនៅកម្ពុជា ដោយមានគាំទ្រពីអគ្គនាយកដ្ឋានឧត្ដមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ក្រុមហ៊ុន អ អេច ប៊ី ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក និងក្រុមហ៊ុន កាណា ស៊ីឃ្យួរឹធី អិលធីឌី។
កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក., លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ផមក និងលោកស្រី ឆេង សុគន្ធី អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានឧត្ដមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងចំនួន ២ ថ្ងៃ ក្នុងគោលបំណងផ្សព្វផ្សាយអំពីវិស័យមូលបត្រដល់សាស្រ្តាចារ្យ តាមបណ្ដាសាកលវិទ្យាល័យ នៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយផ្សព្វផ្សាយបន្តដល់និស្សិត របស់សាកលវិទ្យាល័យ និងសម្រាប់ការពិចារណាក្នុងការចូលរួមវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា ជាពិសេសមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន)។
លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា សាស្រ្តាចារ្យ គឺជាតួអង្គដ៏សំខាន់មួយទៀត ដែលជួយជំរុញដល់ការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹង និងការជួញដូរនៅលើទីផ្សារ ដោយហេតុថា ពួកគាត់ជាអ្នកដែលបណ្តុះទំពាំងរបស់យើង។ ដូចនេះ ការយល់ច្បាស់លាស់ពីស្ថានភាពទីផ្សារមូលបត្រនៅកម្ពុជា និងការចូលរួមរបស់សាស្រ្តាចារ្យសាកលវិទ្យាល័យ នឹងរួមចំណែកយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុ និងការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា។
បន្ថែមពីនេះ លោក ហុង សុហួរ ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា កម្មវិធីនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សាស្ត្រាចារ្យសាកលវិទ្យាល័យគ្រប់រូប ដើម្បីទទួលបានការយល់ដឹង និងការវិវត្តន៍ថ្មីៗក្នុងវិស័យមូលបត្រនៅកម្ពុជា រួមទាំងចូលរួមចំណែកក្នុងការដាក់បញ្ចូល និងបញ្ជ្រាបការយល់ដឹងពីវិស័យមូលបត្រទៅក្នុងកម្មវិធីសិក្សា ដើម្បីផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងទាំងនេះទៅកាន់និស្សិត ដើម្បីជួយបំពេញសមត្ថភាពរបស់ធនធានមនុស្សសម្រាប់សង្គមជាតិកម្ពុជា។
កម្មវិធីខាងលើនេះ មានការចូលរួមពីសាស្ត្រាចារ្យ សាកលវិទ្យាល័យចំនួន ៦៣ រូប ដែលអញ្ជើញមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យពាណិជ្ជ- សាស្ត្រ អេស៊ីលីដា, សាកលវិទ្យាល័យន័រតុន, សាកលវិទ្យាល័យអាស៊ី អឺរ៉ុប, សាកលវិទ្យាល័យផារ៉ាហ្គន, សាកលវិទ្យាល័យ ធនធានមនុស្ស, សាកលវិទ្យាល័យកម្ពុជា, សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ, សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ និងវិទ្យាស្ថានវ៉ាន់ដា៕