(ភ្នំពេញ)៖ លោក ឈឹម សាវី អតីតសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្នជា សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តកំពង់ស្ពឺ និងជាអ្នកទ្រទ្រង់ថវិការបស់បក្ស បានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ហើយគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយ។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤នេះ លោក ឈឹម សាវី បានបញ្ជាក់ថា ការសម្រេចចិត្តដើរចេញពីបក្សប្រឆាំងមួយនេះ ដោយសារតែមើលឃើញពីភាពបែកបាក់ ពុករលួយ និងគ្មានសាមគ្គីភាព ហើយតែងប្រឆាំងផលប្រយោជន៍ជាតិយ៉ាងធ្ងន់ធ្ងរ ពិសេសក្នុងគម្រោងព្រែកជីកហ្វូណន-តេជោ។
លោក ឈឹម សាវី បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំង ចាប់ពីពេលនេះតទៅ ដោយខ្ញុំបាទមើលឃើញពីការដឹកនាំរបស់គណបក្សប្រឆាំងពុករលួយ បែកបាក់សាមគ្គី ហើយពេលថ្មីៗនេះ លោក សម រង្ស៉ី បានប្រកាសប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាការប្រឆាំងផលប្រយោជន៍របស់ជាតិ និងប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសូមគោរពស្នើសុំសម្ដេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ»។
សូមស្ដាប់ការលើកឡើងរបស់លោក ឈឹម សាវី៖