(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានថ្លែងកោតសរសើរចំពោះគំនិតផ្តួចផ្តើម ក្នុងការនាំយកតារាចម្រៀងល្បីកម្រិតពិភពលោក Andrea Bocelli មកសម្តែងនៅកម្ពុជា ដោយលោកចាត់ទុកថា ជាការជួយឱ្យពិភពលោក កាន់តែស្គាល់កម្ពុជា។

លោករដ្ឋមន្ត្រីថ្លែងបែបនេះ នៅល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ លោក Marcos Bianchi នាយកគ្រប់គ្រងកម្មវិធីប្រគំតន្រ្តីរបស់លោក Andrea Bocelli ដើម្បីស្នើសុំការគាំទ្រ លើការរៀបចំការប្រគំតន្រ្តីនៅកម្ពុជា។

ក្នុងឱកាសនោះ លោក ហួត ហាក់ បានថ្លែងទៀតថា គោលបំណងនៃការប្រគំតន្ត្រី ស្របនឹងបំណងរបស់រាជរដ្ឋាភិបា​ល ក្នុងការបង្ហាញតថភាពពីកម្ពុជា។ លោកបានស្វាគមន៍ និងអរគុណចំពោះគំនិតផ្តួចផ្តើម ក្នុងការនាំយក លោក Andrea Bocelli មកកម្ពុជា។

លោករដ្ឋមន្ត្រី បានបន្ថែមថា គម្រោងរៀបចំការប្រគំតន្ត្រីនៅអង្គរវត្ត ក៏នឹងអាចបង្ហាញពីភាពខុសប្លែកគ្នាពីមុន​ ដែលឥលូវកម្ពុជាស្ថិតក្រោមការអភិវឌ្ឍ និងរីកចម្រើនគ្រប់វិស័យ។ លោកសង្ឃឹមថា ភាគីពាក់ព័ន្ធ នឹងគាំទ្រដោយឥតលក្ខខណ្ឌ ចំពោះគម្រោងនេះ ដើម្បីឱ្យដំណើរការបានឆាប់រហ័ស និងជោគជ័យ។

លោក Marco Bianchi បានរៀបរាប់ពីដំណើរការរៀបចំកម្មវិធីប្រគំតន្ត្រី នៅប្រទេសកម្ពុជា ដែលជួយជំរុញកំណើនទេសចរណ៍, កំណើនសេដ្ឋកិច្ច, អភិរក្ស និងអភិវឌ្ឍវិស័យវប្បធម៌ ព្រមទាំងទទួលស្គាល់ពីអន្តរជាតិនិងជាអំណាចទន់ ផងដែរ។ លោកក៏បានអះអាងថា បើសិនរៀបចំបាន ការប្រគំតន្ត្រីនៅកម្ពុជាមួយនេះ នឹងត្រូវបានផ្សព្វផ្សាយដោយក្រុមហ៊ុនធំៗ ដែលមានអ្នកទស្សនាដល់ទៅរាប់ពាន់លាននាក់។

នេះគឺជាការបើកទ្វារឱ្យពិភពលោក កាន់តែបានស្គាល់ពីកម្ពុជា ដែលជាប្រទេសមានសន្តិភាព ដូចតារាចម្រៀងលំដាប់ពិភពលោក Taylor Swift ទៅច្រៀងនៅសិង្ហបុរីដែរ។ បុគ្គលកំពូល ដូចជាលោក Andrea Bocelli មកច្រៀងនៅកម្ពុជា ក៏ជារឿងកម្រផងដែរ ខណៈប្រទេសនានាលើពិភពលោក សុទ្ធតែចង់បានគាត់ និងអ្នកល្បីដទៃទៀត ទៅច្រៀងក្នុងប្រទេសរបស់ពួកគេ។

លោក រ័ត្ន សណ្តាប់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានចូលរួមក្នុងជំនួបនេះដែរ បានលើកឡើងថា ការប្រគំតន្ត្រីនេះ កម្ពុជាចំណេញ ៣ចំណុច រួមមាន៖

*១៖ លើកកម្ពស់សន្តិភាព
*២៖ លើកកម្ពស់មុខមាត់ទេសចរណ៍
*៣៖ ផ្តល់បទពិសោធន៍ដល់យុវជនខ្មែរ ក្នុងការប្រគំតន្ត្រីថ្នាក់ពិភពលោក។

«ខ្ញុំសង្ឃឹមថា ដំណើរការចរចានឹងជោគជ័យ ហើយប្រជាពលរដ្ឋខ្មែរ នឹងបានឃើញស្នាមញញឹមរបស់លោក Andrea Bocelli ដោយផ្ទាល់ ខណៈលោកក៏នឹងឃើញស្នាមញញឹមប្រជាជនខ្មែរ ដោយផ្ទាល់ផងដែរ»។ នេះជាការបញ្ជាក់បន្ថែម របស់លោក រ័ត្ន សណ្តាប់។

លោកបានបន្តថា បើអាចរៀបចំការប្រគំតន្ត្រីនេះបាន មានន័យថា កូនខ្មែរក៏មានសមត្ថភាព រៀបចំការប្រគំតន្ត្រីខ្នាតអន្តរជាតិ ផងដែរ។

ក្រុមការងាររបស់លោក Andrea Bocelli បានចូលជួបរដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មុននឹងចាកចេញទៅវិញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។

សូមជម្រាបថា លោក Andrea Bocelli កើតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៥៨ នៅជិតក្រុងភីសា (Pisa) ប្រទេសអ៊ីតាលី។ គាត់មានឈ្មោះបោះសំឡេង ដោយសារសមត្ថភាពពិសេស ក្នុងសិល្បៈតន្ត្រីបញ្ចូលគ្នារវាងអូប៉េរ៉ា (Opera) និងតន្ត្រីប្រជាប្រិយ (Pop music)។

កាលពីក្មេង លោក Andrea Bocelli មានជំងឺដក់ទឹក្នុងភ្នែកពីកំណើត។ គាត់បានចាប់ផ្តើមរៀនព្យាណូ នៅអាយុ ៦ឆ្នាំ ហើយក្រោយមកលេងខ្លុយ និង Saxophone ។ នៅអាយុ ១២ឆ្នាំ គាត់បានពិការភ្នែកទាំងស្រុង បន្ទាប់ពីរងនូវជំងឺដាច់សរសៃឈាមខួរក្បាល ដែលបណ្តាលមកពីគ្រោះថ្នាក់ដោយសារលេងបាល់ទាត់។

ទោះបីជាពិការភ្នែក លោក Andrea Bocelli បានសិក្សាច្បាប់នៅសាកលវិទ្យាល័យភីសា (University of Pisa) ខណៈកំពុងច្រៀងនៅបារព្យាណូ និងក្លឹបកម្សាន្តរាត្រី ដើម្បីផ្គត់ផ្គង់ការសិក្សា។ បន្ទាប់ពីទទួលបានសញ្ញាបត្រ គាត់បានធ្វើជាមេធាវី តែងតាំងដោយរដ្ឋអស់រយៈពេល ១ឆ្នាំ មុននឹងសម្រេចចិត្តប្រកបអាជីពតន្ត្រី និងសិក្សាសំឡេងជាមួយលោក Franco Corelli ៕