(បាត់ដំបង)៖ កម្លាំងនគរបាលនៃ អធិការដ្ឋានស្រុកថ្មគោល សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍គោឃ្មុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២០នាក់ ពាក់ព័ន្ធក្នុងករណីគ្រឿងញៀន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយក្នុងនោះម្នាក់ជាមេក្លោងចែកចាយ និង១៩នាក់ទៀត ជាអ្នកប្រើប្រាស់។
លោកវរសេនីយ៍ត្រី ផង់ សុភាព អធិការស្រុកថ្មគោល បានឲ្យដឹងថា ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន នៅខេត្តបាត់ដបង ដែលអនុវត្តតាមផែនការ និងដាក់ចេញ បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង និងស្នើសុំគោលការណ៍ឯកភាពយោបល់ ពីលោក នួន សាន ព្រះរាជ្ញាអមសាលាដំបងខេត្ត ក្នុងការបង្រ្កាបនេះកម្លាំងជំនាញ ឃាត់ខ្លួនមេក្លោងចែកចាយគ្រឿងញៀនម្នាក់ឈ្មោះ អាង វ៉ានឌឿន (ហៅចាង) អាយុ២៤ឆ្នាំ ស្ថិតនៅក្រុមទី១០ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ព្រមទាំងអ្នកប្រើប្រាស់ ១៩នាក់ផងដែរ។
លោកអធិការ បញ្ជាក់ថាក្នុងនោះកម្លាំងជំនាញដកហូតបាន ថ្នាំប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន២កញ្ចប់ ម៉ូតូ១២គ្រឿង ដាវសាំម៉ូរ៉ៃ២ដើម និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងអស់ ត្រូវបានបញ្ចូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕