(ភ្នំពេញ)៖ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី បើកយុទ្ធនាការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ដោយមានការសហការពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរៀបចំធ្វើតេស្ត រកសារធាតុញៀន ក្នុងក្របខណ្ឌក្រសួងធម្មការ និងសាសនា នាទីស្តីការក្រសួង។
លោក ចាយ បូរិន បានថ្លែងថា ការធ្វើតេស្តរកសារធាតុញៀននេះ ធ្វើឡើងស្របទៅនឹងការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ដើម្បីជាគំរូដល់មន្ត្រីរាជការដទៃទៀត លោករដ្ឋមន្រ្តី បានធ្វើតេស្តស្វែងរកសារធាតុញៀន និងបន្តដោយថ្នាក់ដឹកនាំនិងមន្ត្រីរាជការមកពីអគ្គនាយកដ្ឋានជំនាញ។ លោករដ្ឋមន្ត្រី ក៏បានជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ទទួលបានលទ្ធផលល្អទាំងអស់គ្នា។
តាមរយៈរបាយការណ៍លើកឡើងដោយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា គិតមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោម ជាតិ មួយ ចំនួនបានចាត់តាំងអនុវត្តបទបញ្ជានេះ ដោយបានធ្វើតេស្តរហ័ស រកសារធាតុញៀន ក្នុងទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រី ជាប់កិច្ច សន្យា សរុបបានចំនួន ៥៦ ៤៤៥ រូប ក្នុងនោះមាន លទ្ធផលវិជ្ជមានសារធាតុញៀន ក្នុងទឹក មូត្រ ចំនួន ៧៦រូប ដែលមន្ត្រីទាំងនេះត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។
ដោយឡែក សម្រាប់ការធ្វើតេស្តរហ័សរកសារធាតុញៀន ក្នុងក្របខណ្ឌក្រសួងធម្មការ និងសាសនានេះ មានការអញ្ជើញចូលរួមធ្វើតេស្តរកសារធាតុញៀនដោយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សរុបចំនួន ៤៦០នាក់ ក្នុងនោះស្រ្តី៩៤នាក់ ជាលទ្ធផលពុំមានថ្នាក់ដឹកនាំ ឬមន្ត្រីណាម្នាក់មានពាក់ព័ន្ធសារធាតុញៀនខុសច្បាប់ឡើយ។
យុទ្ធនាការដើម្បីសម្រេចឲ្យបាននូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។
ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១ បប ប្រកបដោយប្រសិទ្ធិភាព ដោយធ្វើការកៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ ធ្វើតេស្តបន្ថែម, សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត, បើកវគ្គបណ្តុះបណ្តាល ដល់គ្រូបង្គោលតាមស្ថាប័ន អង្គភាព,ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឲ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា៕