(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (កយកា) បានចេញសេចក្ដីប្រកាសព័ត៌មាន ក្រោយដាក់ឲ្យអនុវត្តគម្រោង «វិថីឆ្ពោះទៅកាន់ឌីជីថលភាវូបនីយកម្ម៖ ការបណ្ដុះទេពកោសល្យផ្នែកបច្ចេកវិទ្យាព័ត៌មាន»។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤នេះ កយកា បានបញ្ជាក់ថា មូលធនមនុស្ស គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតមួយសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការធ្វើពិពិធកម្ម។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់អំពីសារៈសំខាន់ នៃការអភិវឌ្ឍមូលធនមនុស្ស ហើយវាបានក្លាយជាមុំទីមួយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាល ទើបតែប្រកាសឲ្យប្រើប្រាស់នាពេលថ្មីៗនេះ។
ក្នុងចំណោមគុណវុឌ្ឍិជាច្រើន ជំនាញឌីជីថលទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់បុគ្គល ដែលស្វែងរកឱកាសនៅក្នុងទីផ្សារការងារ ជាពិសេសនៅក្នុងពន្លឺនៃការរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងបច្ចេកវិទ្យាឌីជីថលដូចជា បញ្ញាសិប្បនិម្មិត (AI) ជាដើម។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានបញ្ហាប្រឈមចំពោះគម្លាត ជំនាញរវាងគុណភាព នៃការបណ្តុះបណ្តាល និងតម្រូវការទីផ្សារការងារ។
ក្នុងន័យនេះ វិធីនៃការបង្រួមគម្លាត គឺជាសំណួរដែលមនុស្សគ្រប់រូបចោទសួរ។ ការិយាល័យកយកាប្រចាំប្រទេសកម្ពុជា បានផ្តួចផ្តើមគម្រោងផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ។
វិធីសាស្រ្តសំខាន់ គឺជាការរួមបញ្ចូលគ្នារវាងទិដ្ឋភាពនានា នៃការអប់រំទូទៅ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ តាមរយៈគម្រោង «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការអប់រំមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា (ICT Capacity Building of Lower Secondary Education in Cambodia)» វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជាច្រើន ត្រូវបានផ្តល់ជូនដល់គ្រូបង្រៀននៅអនុវិទ្យាល័យ ក៏ដូចជាបេក្ខជនគ្រូបង្រៀន នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគផងដែរ។
សម្ភារៈបង្រៀននានាដូចជាសៀវភៅសិក្សាលើកម្មវិធី Python ត្រូវបានបង្កើតឡើងសម្រាប់ការប្រើប្រាស់របស់គ្រូ។តាមរយៈគម្រោងមួយផ្សេងទៀតដែលមានឈ្មោះថា «គម្រោងសាងសង់ប្រព័ន្ធ សហប្រតិបត្តិការឧស្សាហកម្ម ស្ថាប័នអប់រំនៅកម្ពុជា ( Establishment of Business Incubation System between University and Industry in Cambodia»។ គម្រោងនេះផ្ដល់ការគាំទ្រទៅកាន់ធុរកិច្ចថ្មីលើវិស័យបច្ចេកវិទ្យា និងទៅកាន់អនាគតសហគ្រិននូវការកសាងសមត្ថភាពលើការអភិវឌ្ឍអាជីវកម្ម និងជំនួយបច្ចេកទេស ព្រមទាំងការផ្ថល់ឱកាសដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយអ្នកវិនិយោគ និងសហគ្រាសដទៃទៀតដែលមានសក្តានុពល។
គម្រោងនេះក៏ផ្ដល់ការបណ្តុះបណ្តាលជំនាញឌីជីថលទៅដល់សិស្ស និសិត្ស ចាប់ពីមធ្យមសិក្សារហូតដល់ឧត្តមសិក្សា (ឧត្តមសិក្សា) ដើម្បីឲ្យពួកគេមានជំនាញ នែកបច្ចេកវិទ្យាព័ត៌មាន។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) គឺជាទីភ្នាក់ងារផ្តល់ជំនួយទ្វេភាគីរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។ ចាប់តាំងពីបើកដំណើរការការិយាល័យនៅទីក្រុងភ្នំពេញក្នុងឆ្នាំ២០០៣ ការិយាល័យកយកាប្រចាំប្រទេសកម្ពុជា បានអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាច្រើនដែលមានក្នុងវិស័យអប់រំ សុខាភិបាល និងអភិវឌ្ឍន៍ជនបទ។
នៅក្នុងកិច្ចសន្ទនារបស់ថ្នាក់ដឹកនាំនាពេលថ្មីៗនេះរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Yoon Suk Yeol ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ តាមរយៈសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូរយុទ្ធសាស្ត្ររវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ត្រូវបានគូសបញ្ជាក់ម្តងទៀតថា «ការបណ្ដុះមនុស្សជំនាន់ក្រោយ ជាមួយនឹងជំនាញឧស្សាហកម្ម និងឌីជីថល ដើម្បីជំរុញការផ្លាស់ប្តូរនិងនវានុវត្តន៏ក្នុងវិស័យឧស្សាហកម្ម» គឺជារឿងសំខាន់។
អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈត្រូវបានចុះហត្ថលេខាក្នុងឱកាសនោះ។ ប្រទេសទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការអភិវឌ្ឍមូលធនមនុស្ស។
មុនពេលមានកិច្ចព្រមព្រៀងនេះ ទីភ្នាក់ងារកយកា បានអនុវត្តគម្រោងជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពី «ការកសាងសមត្ថភាព និងការបង្កើតបរិយាកាស ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា» ដែលគម្រោងនេះបានចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ២០២៣មកម្លេះ។ នេះក៏ត្រូវបានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលមានអត្ថន័យដូចខាងក្រោម។
ការទទួលស្គាល់ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ថាជាវិស័យស្នូលចំពោះ វឌ្ឍនភាពសេដ្ឋកិច្ចសង្គម។ ភាគីទាំងពីរបានព្រមព្រៀងគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ។
ភាគីទាំងពីរបានស្វាគមន៍ចំពោះគម្រោងដែលកំពុងអនុវត្តដោយទីភ្នាក់ងារកយកានៅកម្ពុជា ដែលមានឈ្មោះថា «ការកសាងសមត្ថភាព និងការបង្កើតបរិយាកាស ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា»។ តាមរយៈគម្រោងនេះ គេរំពឹងថា គម្រោងនឹងពង្រឹងកម្មវិធីសិក្សាមុខជំនាញ ផ្នែកបច្ចេកវិទ្យាព័ត៌មាន នៅក្នុងវិទ្យាស្ថានបណ្តុះបណ្ថាលវិជ្ជាជីវៈនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុនឯកជន ក្នុងការលើកកម្ពស់គុណភាពបណ្តុះបណ្តាលរបស់គ្រូ នៅតាមបណ្តាវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងដើម្បីកែលម្របរិយាកាសសិក្សារបស់សិស្សានុសិស្ស តាមរយៈការជួសជុលបន្ទប់កុំព្យូទ័រសម្រាប់ការរៀនសរសេរកម្មវិធីជាដើម។
អ្វីដែលពិសេសជាងនេះទៅទៀត កម្មវិធីសិក្សា នឹងត្រូវបានពិនិត្យឡើងវិញ តាមរយៈការពិគ្រោះយោបល់ជាមួយវិស័យឯកជន ដែលជានិយោជកដ៏មានសក្តានុពលសម្រាប់និស្សិត។ សកម្មភាពនេះ នឹងជំរុញជំនាញឌីជីថលរបស់យុវជនកម្ពុជា និងធ្វើឲ្យគម្លាតរវាងសមត្ថភាពកម្លាំងពលកម្ម និងតម្រូវការទីផ្សារការងារកាន់តែខិតជិតរកគ្នា។
វិទ្យាស្ថានបណ្តុះបណ្ថាលវិជ្ជាជីវៈ សាធារណៈនៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា បានដាក់ពាក្យដើម្បីក្លាយជាសាលាគោលដៅ នៃការអនុវត្តគម្រោង។ គណៈកម្មាធិការដឹកនាំគម្រោង ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយប្រធានទីភ្នាក់ងារកយកាប្រចាំប្រទេសកម្ពុជា ដែលជាសហប្រធាននឹងពិនិត្យ និងប្រកាស់ជាផ្លូវការនូវលទ្ធផល នៃការជ្រើសរើសសាលាគោលដៅទាំង២០ នាពេលឆាប់ៗនេះ។
តាងនាមឲ្យរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ទីភ្នាក់ងារកយកា បានប្តេជ្ញាផ្ដល់នូវការទទួលខុសត្រូវ ក្នុងការពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ និងជាស្ពានតភ្ជាប់ប្រជាជនឲ្យកាន់តែជិតស្និទ្ធ ហើយនឹងបន្តទង្វើបែបនេះជារៀងដរាប៕