(សៀមរាប)៖ អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ដោយចិត្តមានសទ្ធាជ្រះថ្លាយ៉ាងមុតមាំក្នុងព្រះពុទ្ធសាសនា បានសម្រេចចិត្តចូលសាងផ្នួសជាភិក្ខុភាវៈ រយៈពេល១ខែ នៅក្នុងសំណាក់ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោះ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ខេត្តសៀមរាប។
ពិធីបុណ្យបំបួសកុលបុត្រ បំពេញឧបសម្បទាជា ភិក្ខុភាវៈ រួមមាន៖ អ្នកឧកញ៉ា អុង ប៊ុនហ៊ូវ, លោក ម៉ូវ ចរិយា, លោក ហេង សុផល និងលោក ហ៊ី សុគា ដែលបានធ្វើឡើង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។
កម្មវិធីបំបួសកុលបុត្រខាងលើនេះ មានពិធីសុំខមាទោស និងកោរសក់, ពិធីចម្រើនព្រះបរិត្ត ដោយសម្តេច ព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោះ និងពិធីដង្ហែរនាគ យក ទៅបំបួស ក្នុងវត្តរាជបូណ៌ និងដង្ហែរនាគ ទៅកាន់ពុទ្ធមណ្ឌល វិបស្សនាអន្តរជាតិនៃកម្ពុជា បំពេញឧបសម្បទាជា ភិក្ខុភាវៈ ដែលមានការអញ្ជើញចូលរួមពីក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ ពុទ្ធបរិស័ទជាច្រើនរូបផងដែរ។
អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ជាអ្នកជំនួញក្នុងវិស័យអចលនទ្រព្យ។ អ្នកឧកញ៉ា ជាសហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង គ្រុប (I.N.G Holding Group) នៅភាគខាងត្បូង និងខាងកើត នៃរាជធានីភ្នំពេញ ដូចជាការអភិវឌ្ឍទីក្រុងរណប អ៊ឹង ស៊ីធី (ING City) តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) រួមនឹងទំហំដីដ៏សន្ធឹកសន្ធាប់នៅខេត្តសៀមរាប និងព្រះសីហនុ៕