(ភ្នំពេញ)៖ ភាពជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសការរីករាលដាលនៃបញ្ញាសិប្បនិម្មិត (AI) បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការបញ្ជូនព័ត៌មានដល់ដៃប្រជាពលរដ្ឋទូទាំងសកលលោក ប៉ុន្តែភាពរីកចម្រើននេះ ក៏កំពុងបង្កផលអវិជ្ជមានមួយចំនួនដល់ពិភពលោក តាមរយៈរូបភាពក្លែងក្លាយ ព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយជាដើម។
ជាក់ស្តែងដើម្បីបញ្ជ្រាប និងទប់ស្កាត់ព័ត៌មានក្លែងក្លាយនេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយក្លិបអ្នកកាសែតកម្ពុជា រៀបចំសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានមេគង្គលើកទី៣ ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយក្នុងបរិបទបញ្ញាសិប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់» ជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ៧៤រូប។
ក្នុងសិក្ខាសាលានេះ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ដំណឹងក្លែងក្លាយមានស្ទើរតែរាល់ថ្ងៃក្នុងសម័យសង្គ្រាមត្រជាក់ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ក៏ប៉ុន្តែភាពរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាក្នុងយុគសម័យបដិវត្តឧស្សាហកម្មជំនាន់ទី៤ ជាពិសេសបណ្តាញសង្គម និងការរួមបញ្ជូលបញ្ញាសិប្បនិម្មិត (AI) បានជំរុញនូវល្បឿន និងភាពសម្បូរបែបនៃថ្នាល ក្នុងការផ្សព្វផ្សាយធ្វើឱ្យការបង្កើតព័ត៌មានក្លែងក្លាយកាន់តែងាយស្រួល និងល្បឿននៃការបញ្ចូនកាន់តែលឿនជាងមុន។
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានបន្តថា៖ «ព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយបង្កផលប៉ះពាល់អវិជ្ជមាន លើវិស័យសេដ្ឋកិច្ច សង្គម នយោយបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ដំណឹងក្លែងក្លាយបង្កឱ្យមានការបែកបាក់សាមគ្គីភាពជាតិ ប៉ះពាល់សន្តិសុខជាតិ និងទំនាក់ទំនងការបរទេស ធ្វើឱ្យមានការមិនទុកចិត្តគ្នា ការបែងចែកវណ្ណៈ និងអំពើហិង្សាក្នុងចំណោមប្រជាជន។ លើសពីនេះ ព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយ បានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងការជឿជាក់របស់ប្រជាជនចំពោះសារព័ត៌មាន ដែលធ្វើឱ្យវិស័យសារព័ត៌មានបាត់បង់កិត្យានុភាព»។
លោកបានឱ្យដឹងទៀតថា នៅឆ្នាំ២០២៣កន្លងទៅ ក្រសួងព័ត៌មានបានរកឃើញព័ត៌មានក្លែងក្លាយប្រមាណ៣,០០០ករណី ដែលចំនួននេះបានកើនឡើង១៦០% បើធៀបនឹងឆ្នាំ២០២០ ដែលក្រសួងបានកត់ត្រាត្រឹមប្រមាណ ១,៣០០ករណី។
លោក ជុំ កុសល បានបញ្ជាក់ថា អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ វាមានភាពចាំបាច់ក្នុងការបន្តពង្រឹង និងពង្រីកនូវយន្តការនៃការប្រាស្រ័យទាក់ទង ការពិគ្រោះយោបល់ការជំរុញឱ្យមានកិច្ចសន្ទនា និងការផ្លាស់ប្តូរព័ត៌មានឱ្យកាន់តែមានតម្លាភាព និងគណនេយ្យភាព រវាងអ្នកសារព័ត៌មាន និងប្រភពព័ត៌មាន ដើម្បីធ្វើយ៉ាងណាអាចឱ្យអ្នកសារព័ត៌មានទទួលបានព័ត៌មានពិតជាក់លាក់ ដើម្បីផ្សព្វផ្សាយជូនដល់សាធារជន។
ទន្ទឹមនេះ លោកថាអ្នកសារព័ត៌មានត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីការផ្សព្វផ្សាយរបស់ខ្លួនទទួលបានការជឿទុកចិត្តពីសាធារណជន និងត្រូវជៀសវាងការផ្សាយព័ត៌មានមិនពិត ការក្លែងបន្លំព័ត៌មាន និយាយបំផ្លើស ញុះញង់ ជេរប្រមាថ ដែលនាំឱ្យមានការស្អប់ខ្ពើម គុំកួន រើសអើង បង្កជម្លោះ និងបង្កអរិភាពផ្សេងៗក្នុងសង្គម។ អ្នកសារព័ត៌មានត្រូវរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងត្រូវគោរពឱ្យបានតាមពាក្យស្លោក «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។
ចំណែក លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានយល់ឃើញថា «នៅក្នុងពិភពលោកដែលមានភាពប្រទាក់ក្រឡាគ្នានាពេលបច្ចុប្បន្ន រូបភាពរបស់ប្រទេសមួយលែងត្រូវបានកំណត់ត្រឹមតែសេចក្តីថ្លែងការណ៍ផ្លូវការ និងខិត្តបណ្ណធ្វើដំណើរទៀតហើយ។ អ៉ីនធឺណិត បានក្លាយជាសមរភូមិដ៏មានឥទ្ធិពលសម្រាប់ការផ្សាយព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយ ដែលធ្វើឱ្យខូចដល់ទំនុកចិត្តសាធារណជន ចំពោះស្ថាប័នជាតិ បណ្តាលឱ្យមានការបែកបាក់គ្នាក្នុងចំណោមសហគមន៍ ការមិនទុកចិត្ត អស្ថិរភាព ការរំលោភឯកជនភាព និងការរៀបចំវេទិកាអនឡាញសម្រាប់គោលបំណងនយោបាយជាដើម»។
លោកបណ្ឌិតបានគូសបញ្ជាក់ថា ការណ៍នេះនាំឱ្យមានភាពចលាចលសង្គម បញ្ហាប្រឈមសេដ្ឋកិច្ច និងការគំរាមកំហែងសន្តិសុខជាតិ។ ក្នុងតំបន់និងសកលលោក ព័ត៌មានបន្លំ និងដំណឹងក្លែងក្លាយបានបង្កការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សន្តិសុខ និងស្ថិរភាព។ ការប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងនេះ មិនត្រឹមតែការពារមុខមាត់ប្រទេសប៉ុណ្ណោះទេ ថែមទាំងការពារស្ថិរភាព និងវិបុលភាពនាពេលអនាគត។ ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំតំបន់ អាស៊ានបានផ្តោតលើអក្ខរកម្មឌីជីថល ការត្រួតពិនិត្យរកព័ត៌មានពិត និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។
សម្រាប់ លោក លាង ដឺលុច នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា ការវិវត្តដែលគ្មានព្រំដែននៃបច្ចេកវិទ្យា ពិតជាបានបន្ថែមបន្ទុកលើការងារប្រចាំថ្ងៃរបស់អ្នកសារព័ត៌មាន ដែលមានតួនាទីស្នូលមួយទៀត លើសពីការផ្តល់ព័ត៌មាន នោះគឺការផ្តល់ការអប់រំ។ ក្នុងន័យនេះ អ្នកសារព័ត៌មាន ត្រូវការជាចាំបាច់ ទាំងចំណេះដឹងមូលដ្ឋាន និងដើរឱ្យទាន់ការវិវត្តផ្នែកបច្ចេកវិទ្យា ដើម្បីអាចឆ្លើយតបនឹងការងារប្រចាំថ្ងៃរបស់ខ្លួនផង និងផ្ដល់ដំណឹងត្រឹមត្រូវ ពិតប្រាកដ ជាប្រយោជន៍របស់មហាជន និងសង្គមផង។
អ្នកជំនាញផ្នែកសារព័ត៌មានរូបនេះ បានបន្ថែមថា៖ «អ្នកណាក៏ដឹងថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ការប្រយុទ្ធប្រឆាំងនឹងដំណឹងក្លែងបន្លំ ដំណឹងក្លែងក្លាយទាំងនេះ ពុំមែនជាក្ដីកង្វល់របស់ប្រទេសណាមួយតែឯងនោះទេ។ ពិតណាស់ វាជាបញ្ហារួមរបស់ពិភពលោក និងតំបន់។ ហេតុដូច្នេះហើយ វេទិកាថ្ងៃនេះ ដែលមានការចូលរួមពីមិត្តភក្តិអ្នកសារព័ត៌មានមកពីប្រទេសនានា វាក៏ជាឱកាសសម្រាប់យើងគ្រប់គ្នាបានស្ដាប់ឮ ទទួលពិសោធន៍ពីគ្នាទៅវិញទៅមក និងអាចចងក្រងគ្នាជាបណ្ដាញដើម្បីយើងអាចរួមគ្នាប្រយុទ្ធប្រឆាំងដំណឹងក្លែងក្លាយ ដំណឹងក្លែងបន្លំ ដើម្បីសន្តិសុខតំបន់របស់យើង»៕