(ភ្នំពេញ)៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយក្លិបអ្នកកាសែតកម្ពុជា រៀបចំសិក្ខាសាលាស្ដីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយ ក្នុងបរិបទបញ្ញាសិប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់»។ សិក្ខាសាលានេះ ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។
សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន, លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់សាស្រ្តាចារ្យផ្នែកព័ត៌មាន មន្រ្តីរាជការ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកពីបណ្ដាប្រទេសទន្លេមេគង្គមួយចំនួន។
សិក្ខាសាលានេះមានសិក្ខាកាមចូលរួម៧៤នាក់ ដែលជាអ្នកសារព័ត៌មានពីប្រទេសកម្ពុជា ចិន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា និងមកពីស្ថាប័នផ្សេងៗចំនួន ២៤ស្ថាប័ន។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានឱ្យដឹងថា បើគិតមកត្រឹមឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលានេះចំនួន៣លើកហើយរួមមាន៖
* សិក្ខាសាលាបណ្ដុះបណ្ដាលសារព័ត៌មានមេគង្គលើកទី១ ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយ ក្នុងការរាយការណ៍ការបោះឆ្នោត» បានប្រព្រឹត្តទៅ នៅពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចុប្បន្នជាសមាជិករដ្ឋសភា
* សិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មាន លើកទី២ ស្តីពី «ការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីតំបន់មេគង្គសន្តិភាព ស្ថិរភាព និងវិបុលភាព» បានប្រព្រឹត្តទៅនៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
រីឯសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មាន លើកទី៣ ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយ ក្នុងបរិបទបញ្ញាសិប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់» ដែលកំពុងប្រារព្ធឡើងនាពេលនេះស្ថិតក្រោមអធិបតីភាព លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាតំណាង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
លោកបណ្ឌិត គិន ភា បានបន្តថា នៅក្នុងពិភពលោកដែលមានភាពប្រទាក់ក្រឡាគ្នានាពេលបច្ចុប្បន្ន រូបភាពរបស់ប្រទេសមួយ លែងត្រូវបានកំណត់ត្រឹមតែសេចក្តីថ្លែងការណ៍ផ្លូវការ និងខិត្តបណ្ណធ្វើដំណើរទៀតហើយ។ អ៉ីនធឺណិត បានក្លាយជាសមរភូមិដ៏មានឥទ្ធិពលសម្រាប់ការផ្សាយព័ត៌មានបន្លំ និងដំណឹងក្លែងក្លាយ ដែលធ្វើឱ្យខូចដល់ទំនុកចិត្តសាធារណៈចំពោះស្ថាប័នជាតិ បណ្តាលឱ្យមានការបែកបាក់គ្នាក្នុងចំណោមសហគមន៍ ការមិនទុកចិត្ត អស្ថិរភាព ការរំលោភឯកជនភាព និងការរៀបចំវេទិកាអនឡាញសម្រាប់គោលបំណងនយោបាយជាដើម។
លោកបណ្ឌិត គិន ភា បានបន្ថែមថា ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំ តំបន់អាស៊ានបានផ្តោតលើអក្ខរកម្មឌីជីថល ការត្រួតពិនិត្យរកព័ត៌មានពិត និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះពាក់ព័ន្ធនឹងគោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងព័ត៌មានរបស់រដ្ឋាភិបាល ការបង្កើតក្រុមការងារ និងកម្មវិធីដូចជា៖ កម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន និងគំនិតផ្តួចផ្តើមនានា ដូចជាបណ្តាញត្រួតពិនិត្យព័ត៌មានពិតអាស៊ានជាដើម។
បើតាម លោក លាង ដឺលុច្ស នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា ក្លិបអ្នកកាសែតកម្ពុជា យល់ឃើញថា សិក្ខាសាលាបណ្ដុះបណ្ដាលសារព័ត៌មានមេគង្គ លើកទី៣ ក្រោមប្រធានបទ «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយ ក្នុងបរិបទបញ្ញាសប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់ ពិតជាវេទិកាដ៏សំខាន់ចាំបាច់ជាខ្លាំងសម្រាប់អ្នកសារព័ត៌មាន»។
រីឯលោក ជុំ កុសល បានថ្លែងថា សិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានមេគង្គលើកទី៣នេះ ពិតជាមានសារៈសំខាន់ និងបានរៀបចំទាន់ពេលវេលា ខណៈប្រទេសក្នុងតំបន់ និងពិភពលោកកំពុងទទួលរងនូវការគំរាមកំហែងពីសន្តិសុខព័ត៌មាន និងសន្តិសុខសាយប័រ បណ្តាលមកពីព័ត៌មានក្លែងបន្លំ (Disinformation) និងដំណឹងក្លែងក្លាយ (Fake News)។ ព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយបង្កផលប៉ះពាល់អវិជ្ជមាន លើវិស័យសេដ្ឋកិច្ច សង្គម នយោយបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានបន្តថា ដំណឹងក្លែងក្លាយបង្កឱ្យមានការបែកបាក់សាមគ្គីភាពជាតិ ប៉ះពាល់សន្តិសុខជាតិ និងទំនាក់ទំនងការបរទេស ធ្វើឱ្យមានការមិនទុកចិត្តគ្នា ការបែងចែកវណ្ណៈ និងអំពើហិង្សាក្នុងចំណោមប្រជាជន។ លើសពីនេះព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយ បានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងការជឿជាក់របស់ប្រជាជន ចំពោះសារព័ត៌មានដែលធ្វើឱ្យវិស័យសារព័ត៌មានបាត់បង់កិត្យានុភាពផងដែរ៕