(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះថា ករណីដែលកម្លាំងគយចល័ត ចុះពិនិត្យអនុលោមភាពហាងលក់ទូរសព្ទ នៅក្នុងភូមិសាស្រ្តស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយឃាត់បានទូរសព្ទទាំងថ្មី និងប្រើរួចជាង១ពាន់គ្រឿងនោះ ពេលនេះត្រូវបានដោះស្រាយរួចរាល់ តាមសំណើរបស់ម្ចាស់ហាងលក់ទូរសព្ទ។
តាមការណែនាំរបស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយ និងរដ្ឋាករកម្ពុជា, លោកប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស បានប្រជុំមន្ត្រីគយ និងរដ្ឋាករពាក់ព័ន្ធ ដើម្បីពិភាក្សា និងពិនិត្យរកដំណោះស្រាយ ករណីចាប់ឃាត់ទូរសព្ទគ្មានពន្ធទាំងថ្មី និងប្រើរួចសរុបចំនួន ១៣១៤ គ្រឿង ដែលកំពុងរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ។
បន្ទាប់ពីប្រជុំផ្ទែក្នុងរួច លោកប្រធាននាយកដ្ឋាន ក៏បានចុះជួបប្រជុំផ្ទាល់ជាមួយម្ចាស់ហាងលក់ទូរស័ព្ទទាំង ៣ទីតាំង ដើម្បីស្ដាប់សំណូមពរ និងពិនិត្យរកដំណោះស្រាយសមស្រប។
ម្ចាស់ហាងលក់ទូរស័ព្ទទាំង៣ បានយល់ច្បាស់ ពីកាតព្វកិច្ចពន្ធនិងអាករ និងបានយល់ព្រមបង់ពន្ធ និងអាករ តែសំណូមពរបន្ធូរបន្ថយពិន័យ។
បន្ទាប់ពីឆ្លងមតិថ្នាក់ដឹកនាំ, លោកប្រធាននាយកដ្ឋាន បានទទួលយកតាមសំណើរបស់ម្ចាស់ហាងលក់ទូរស័ព្ទទាំង ៣ទីតាំង ហើយករណីនេះត្រូវបានបិទបញ្ចប់ជាស្ថាពរ នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នេះហើយ៕