(ភ្នំពេញ)៖ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោក ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ជាជំនួបប្រកបដោយភាពវិជ្ជមាន និងការយល់ចិត្តគ្នាខ្ពស់ ឆ្ពោះទៅបិទបញ្ចប់ភាពរកាំរកូសជាច្រើនរវាងកម្ពុជា និងអាមេរិកកាលពីពេលកន្លងទៅ។
ជំនួបនាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន និងលោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានជជែកគ្នាច្រើនលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងអាមេរិក ជាពិសេសលើវិស័យយោធា ដែលធ្លាប់ភាពរកាំរកូសកើតចេញពីការមិនយល់ចិត្តគ្នាកាលពីពេលកន្លងទៅ។
លោក ឡយ អូស្ទីន បានបង្ហាញជំហរធ្វើការជាមួយសម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបានប្រសើរឡើងវិញ។
ប្រមុខការពារជាតិអាមេរិក បានចាត់ទុកជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាពេលនេះ ជាឱកាសសម្រាប់ប្រទេសទាំងពីរកែប្រែឥរិយាបថ ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងប្រទេសទាំងពីរ។ លោក ឡយ អូស្ទីន បានគូសរំលេចថា បើទោះបីកម្ពុជា និងអាមេរិក មានបញ្ហាប្រឈមខ្លះយ៉ាងណាក្តី តែអាចអង្គុយជាមួយគ្នា ធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានឯកភាពចំពោះទស្សនៈប្រកបដោយភាពវិជ្ជមានរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងការខិតខំពង្រីកទំនាក់ទំនងប្រទេសទាំងពីរឡើងវិញ។
សម្តេចតេជោ បានលើកឡើងថា ទំនាក់ទំនងនាពេលកន្លងមករវាងកម្ពុជា និងអាមេរិក មិនអាក្រក់ពេកនោះទេ ប៉ុន្តែដោយសារភាគីទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នាឱ្យបានច្រើន។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការខ្វះខាតព័ត៌មាន និងការវាយតម្លៃខុស ធ្វើឱ្យភាគីទាំងពីរមានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា មិនបានធ្វើការពិភាក្សាគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានសំណូមពរអាមេរិក កុំដាក់ប្រទេសកម្ពុជាក្នុងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជា ធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។
សម្ដេចតេជោ ហ៊ុន សែន បានជម្រាបរដ្ឋមន្ត្រីការពារជាតិអាមេរិកថា អ្វីដែលកម្ពុជាមានកិច្ចសហប្រតិបត្តិការពីអតីតកាល មានដូចជា កិច្ចសន្ទនារវាងក្រសួងការពារជាតិទាំងពីរ ការធ្វើសមយុទ្ធរួមគ្នា គឺត្រូវតែបន្តធ្វើជាមួយគ្នាតទៅទៀត។
លោក ឡយ អូស្ទីន ក៏បានឯកភាពនឹងការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើសមយុទ្ធជាមួយគ្នាឡើងវិញក្រោមប្រធានបទសង្គ្រោះគ្រោះមហន្តរាយ។ បន្ថែមពីលើនោះរដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បានប្រកាសបន្តការបណ្ដុះបណ្ដោលការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងផ្តល់អាហារូបករណ៍ផ្នែកយោធាជូននិស្សិតកម្ពុជាផងដែរ៕