(ភ្នំពេញ)៖ នាឱកាសជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានចូលរួមរំលែកទុក្ខជាមួយសម្តេចតេជោ ចំពោះការយាងចូលព្រះទិវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាឱកាសនេះ លោក ឡយ ជេម អូស្ទីន ក្រៅពីបានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ លោកក៏បានថ្លែងចូលរួមរំលែកទុក្ខចំពោះការយាងចូលព្រះទិវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្វាយព្រះភ្លើងបូជាកាលពីម្សិលមិញនេះ និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតមន្ត្រីយោធារបស់កម្ពុជា២០នាក់ ក្នុងឧបទវហេតុកន្លងមកផងដែរ។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះការចូលរួមរំលែកទុក្ខចំពោះការចូលទីវង្គត់របស់ សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស និងការបាត់បង់ជីវិតយុទ្ធជនកម្ពុជាយើងចំនួន២០នាក់កន្លងមក ដែលនេះបានបង្ហាញនូវសម្មានចិត្តរបស់អាមេរិកចំពោះកម្ពុជា។

សូមបញ្ជាក់ថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងចូលព្រះទិវង្គតនៅវត្តឧណ្ណាលោម កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧៖៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្ម ៩៣ព្រះវស្សា។

នៅក្នុងសេចក្តីទុក្ខដ៏ក្រៀមក្រំបំផុតនេះ រាជរដ្ឋាភិបាលបានប្រកាសយកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការ ព្រមទាំងបានរៀបចំព្រះរាជពិធីបុណ្យ ថ្វាយព្រះបរមសព ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមនិងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ សក្តិសមនឹង ព្រះកិត្តិនាមនិងព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះមហាសង្ឃរាជ។

រាជរដ្ឋាភិបាលក៏បានរៀបចំព្រះរាជពិធីដង្ហែនិងថ្វាយ ព្រះភ្លើងព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ ដើម្បីឱ្យសក្តិសមនឹងព្រះគុណូបការៈដ៏ធំធេងរបស់សម្តេច ដែលបានបូជាថ្វាយចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសម្តេចបានខិតខំអស់ពីព្រះកាយពល ក្នុងការដឹកនាំព្រះសង្ឃ ការទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យបានឧត្តុង្គឧត្តមឡើងវិញ អស់មួយព្រះជន្មព្រះអង្គផងដែរ៕