(ភ្នំពេញ)៖ លោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានបង្ហាញបំណងក្នុងការជំរុញវិស័យសេដ្ឋកិច្ច និងវិនិយោគអាមេរិកមកកម្ពុជាឲ្យបានច្រើនទៀត។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បង្ហាញបំណងបែបនេះ ក្នុងឱកាសដែលលោកបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅវិមានព្រឹទ្ធសភា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានសម្ដែងការអរគុណ ចំពោះបំណងរបស់ លោករដ្ឋមន្រ្តីការពារជាតិអាមេរិក និងបានបញ្ជាក់បន្ថែមថា ពេលដែលទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មមានការកើនឡើង នោះនឹងគាំទ្រដល់វិស័យនយោបាយឱ្យរឹងមាំផងដែរ។ សម្ដេចតេជោ ក៏បានបានសម្ដែងនូវក្ដីសង្ឃឹមថា លោកអូស្ទីន នឹងជំរុញឲ្យអ្នកវិនិយោគអាមេរិកមកកម្ពុជាច្រើនថែមទៀត។
ភាគីទាំងពីរ បានប្តេជ្ញាពង្រីកទំនាក់ទំនងល្អរវាងប្រទេសទាំងពីរឱ្យបានប្រសើរឡើងវិញផងដែរ។
សហរដ្ឋអាមេរិក គឺដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ រយៈពេល៤ខែ ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក សម្រេចបានជាង២.៦៨ពាន់លានដុល្លារកើនឡើង៦.៥% ក្នុងនោះកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកក្នុងតម្លៃជាង២.៦១ពាន់លានដុល្លារកើនឡើង៦.៨% និងនាំចូលទំនិញពីអាមេរិកមកវិញក្នុងតម្លៃជាង៧២លានដុល្លារ ថយចុះ៣.២%៕