(សៀមរាប)៖ គណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកកិច្ចប្រជុំលើកទី៨៥របស់ខ្លួននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប។ កិច្ចប្រជុំនេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពន្លឿនវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់អាស៊ាន។
ក្រោយស្តាប់របាយការណ៍របស់ប្រទេសប្រ៊ុយណេ ក្នុងនាមជាប្រធានផុតអាណត្តិ ស្តីពីសមិទ្ធផលឆ្នាំ២០២៣ កម្ពុជាក្នុងនាមជាប្រធានប្តូរវេនថ្មីសម្រាប់ឆ្នាំ២០២៤ បានបង្ហាញចក្ខុវិស័យសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងប្រព័ន្ធនវានុវត្តន៍របស់តំបន់ និងបានពិភាក្សាអំពីគោលដៅយុទ្ធសាស្ត្រសម្រាប់អនាគត។
ថ្លែងក្នុងក្នុងពិធីបើកលោក ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា «កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៨៥នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ានចំពោះកិច្ចសហប្រតិបត្តិការ និងបរិយាបន្ន ក្នុងការជំរុញវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់តំបន់ទាំងមូល។ ខណៈដែលបច្ចេកវិទ្យាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ាន កិច្ចសហប្រតិបត្តិការទាំងនេះ គឺជាគន្លឹះក្នុងការសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្ពោះទៅការបង្កើតសហគមន៍មួយដែលមានសន្តិភាព សមាហរណកម្ម និងនវានុវត្តន៍ខ្ពស់»។
អង្គប្រជុំបានស្តាប់របាយការណ៍លទ្ធផល នៃកិច្ចប្រជុំនាពេលកន្លងមក ដែលផ្តល់បរិបទ និងកំណត់ជាទិសដៅយុទ្ធសាស្ត្ររបស់គណៈកម្មាធិការ។ លទ្ធផលនៃកិច្ចប្រជុំត្រូវបានប្រើសម្រាប់កិច្ចពិភាក្សាជាបន្តបន្ទាប់ទាក់ទងនឹងសេចក្តីសម្រេចកន្លងមក, ស្ថានភាពនៃការអនុវត្តមូលនិធិអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, អាហារូបករណ៍ និងគំនិតផ្តួចផ្តើមនានាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
កិច្ចប្រជុំបានពិនិត្យរបាយការណ៍ក្រុមប្រឹក្សាពីគ្រោះយោបល់, ផែនការសកម្មភាពអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) សម្រាប់ឆ្នាំ ២០១៦-២០២៥ និងបានពិភាក្សាលើការអនុម័ត និងចំណុចសំខាន់ៗ ដើម្បីដឹកនាំគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្ររបស់គណៈកម្មាធិការ និងបង្កើតមូលដ្ឋានដើម្បីរៀបចំផែនការអនាគត រួមទាំងផែនការសកម្មភាព APASTI ឆ្នាំ២០២៦-២០៣៥ ផងដែរ។
ក្រៅពីពិនិត្យលើការអនុវត្តអាទិភាព ឆ្នាំ២០២៣ ដូចជាគម្រោងមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន និងបណ្តាញអាស៊ានផ្នែកសេដ្ឋកិច្ចជីវ-វិលជុំ និងសេដ្ឋកិច្ចបៃតង, កិច្ចប្រជុំក៏បានពិភាក្សាអំពីផែនការអាទិភាព ឆ្នាំ២០២៤ ដើម្បីធានាបាននូវនិរន្តរភាព និងពង្រីកវិសាលភាពនៃគម្រោងសំខាន់ៗ។ អាទិភាពដែលបានស្នើឡើងសម្រាប់ឆ្នាំ២០២៤ រួមមានការបង្កើតវេទិការអប់រំអាស៊ានតាមប្រព័ន្ធអនឡាញសម្រាប់ឧស្សាហកម្មជំនាន់ទី៤ ការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍកម្លាំងពលកម្មជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្នុងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០(AMMSTI-20) កិច្ចប្រជុំ COSTI បានសម្រេចអនុម័តរបៀបវារៈ និងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន ដែលមានភាពស៊ីសង្វាក់ និងការឯកភាព លើអាទិភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់សាធារណជន និងភាគីពាក់ព័ន្ធអន្តរជាតិដ៏ទូលំទូលាយ។
កិច្ចប្រជុំ COSTI-85នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋជាសមាជិកអាស៊ាន ក្នុងការពន្លឿនការអនុវត្តអាទិភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់អាស៊ាន ដោយបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ និងជំរុញវឌ្ឍនភាពក្នុងតំបន់ប្រកបដោយចីរភាព និងបរិយាបន្ន៕