(កំពត)៖ លោក សឹុម វុទ្ធា នាយករដ្ឋបាលសាលាខេត្តកំពត ត្រូវបានប្រកាសតែងតាំង ជាអភិបាលរងខេត្តកំពតជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ជំនួសលោក ហេង វន្ថា អភិបាលរងខេត្តកំពត ដែលត្រូវចូលនិវត្តន៍។
ការប្រកាសកាន់តំណែងនេះ បានរៀបចំធ្វើ នៅព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តកំពតចាស់ ក្រោមវត្តមានលោក លេង វី អនុរដ្ឋលេខាធិការ តំណាង សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីនេះក៏មានការចូលរួមពីសំណាក់ លោកអភិបាលខេត្តកំពត ចាន់ ចេស្តា, ប្រតិភូអមដំណើរ, ប្រធានក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត ជួរថ្នាក់ដឹកនាំជាស្នងការ ស្នងការរងមេបញ្ជាការ បញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, ប្រធានក្រុមប្រឹក្សា អភិបាល អភិបាលរង ក្រុង ស្រុក,លោកមេឃុំ ចៅសង្កាត់ ប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ និងមន្ត្រីរាជកាជុំវិញខេត្តដ៏ទៃទៀត ប្រមាណ២៤០នាក់៕