(កំពង់ស្ពឺ)៖ សិស្សានុសិស្សនៃសាលាបឋមសិក្សាសំរ៉ោង ស្ថិតនៅភូមិក្បាលដំរី ឃុំព្រាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានទទួលនូវសំភារៈសិក្សាដែលដូចជា កាបូបស្ពាយ សៀវភៅ ខ្មៅដៃ ដែកខួង ក្តាឈ្នួន ដីស ខ្មៅដៃពណ៍ ជ័រលុប បន្ទាត់ មួក​ អាវភ្លៀង​ ច្រាសដុះធ្មេញ​ ថ្នាំដុះធ្មេញ និងនំនែកផងដែរ​ នាឱកាស «ទិវាសិទ្ធិកុមារអន្តរជាតិ» ១មិថុនា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។

សម្ភារសិក្សាទាំងនេះ ត្រូវបានការិយាល័យមេធាវី ថៈណាយ & សហការី (THHAKNAY & ASSOCIATES) បានផ្តួចផ្តើមគំនិតរួមគ្នាជាមួយ ធនាគារ CCU និងក្រុមហ៊ុន SEENERGY CAPITAL រៀបចំកម្មវិធីសប្បុរសធម៌ «បរិច្ចាគដើម្បីស្នាមញញឹមកុមារ» ដោយមានការចូលរួមពីហាងលក់ហូល ស្នាដៃនារីខ្មែរ ក្រុមហ៊ុន B.Y Group ក្រុមហ៊ុន CID Logistic ហាងលក់ស្រា MERR ព្រមទាំងក្រុមហ៊ុន និងសមប្បុរសជនជាច្រើនផ្សេងទៀត។

ដោយឡែក ក្រុមការងារក៏បានរៀបចំសម្ភារៈប្រើប្រាស់សំរាប់សាលា ក៏ដូចជាឧបករណ៍ភ្លេងខ្មែរ ដើម្បីរក្សាទុកនៅសាលាឲ្យក្មួយៗ បានឃើញដោយផ្ទាល់នូវមរតកឧបករណ៍ភ្លេងខ្មែរ មានដូចជា ស្គរដៃ ទ្រឆេ ទ្រអ៊ូ រនាតឯក អុកចក្រត្រង្គ ខ្លុយ ។ល។ និងសៀវភៅពុម្ភចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី៦ ផាមួងខ្មែរម្នាក់មួយសំពត់ ក្រម៉ាខ្មែរ សៀវភៅរឿងព្រេងខ្មែរ ប៉ិច និងសៀវភៅសរសេរ ៣០០ ក្បាល ទុកជូនសាលាដើម្បីប្រើប្រាស់ ព្រមទាំងថវិការមួយចំនួន ជូនដល់សាលាបឋមសិក្សាសំរ៉ោង។

លើសពីនោះទៀត ក្រុមការងារក៏បានរៀបចំស្រស់ស្រូបអាហារសាគ្គីថ្ងៃត្រង់ ជុំគ្នាជាមួយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ កម្មវិធីបំនិនជីវិត និងលេងល្បែងប្រជាព្រៃខ្មែរ ជាមួយក្មួយៗសិស្សានុសិស្ស ដើម្បីកំសាន្តក៏ដូចជាឲ្យក្មួយបានស្គាល់ច្បាស់ ពីល្បែងប្រពៃណីជាតិ និងបង្កើនភាពស្និតស្នាលតាមរយៈល្បែងប្រពៃណីខ្មែរ។

នៅក្នុងកម្មវិធីនេះ​ លោកមេធាវី​ ផាន់​ សុវិទ្យា​ ដែលជាស្ថាននិក​ និងជាប្រធានការិយាល័យមេធាវី ថៈណាយ & សហការី (THHAKNAY & ASSOCIATES) ជំនួសមុខឲ្យធនាគារ CCU និងក្រុមហ៊ុន SEENERGY CAPITAL និងជំនួសឲ្យក្រុមហ៊ុនព្រមទាំងសប្បុរសជនផ្សេងទៀត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់គណៈអភិបាលខេត្តកំពង់ស្ពឺ និងក្រុមការងារ និងបានធ្វើការសំណេះសំណាល ព្រមទាំងលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ឲ្យស្រលាញ់ការសិក្សា និងស្រលាញ់ការអាន ដើម្បីទទួលបានទាំងចំណេះជំនាញ និងចំណេះដឹងទូរទៅក្នុងសង្គម (Soft Skill & Hard Skill)។

លោកបានបន្ថែមទៀតថា កម្មវិធីនេះមិនត្រឹមតែជាកម្មវិធីសប្បុរសធម៌ប៉ុណ្ណោះទេ តែក៏មានគោលដៅចង់បណ្តុះគំនិតសកម្មភាព និងធ្វើជាឧទាហរណ៍ដល់យុវជនជំនាន់ក្រោយ ឲ្យចេះជួយយកអាសាគ្នាជាបន្តបន្ទាប់ និងបង្កើនសាមគ្គីភាពឲ្យចេះរួបរួមគ្នា តាមរយៈសកម្មភាពសប្បុរសធម៌នេះ និងល្បែងប្រជាប្រិយខ្មែរយើងផងដែរ។

ក្រោយបញ្ចប់ការសំណេះសំណាលជាមួយក្មួយៗ សិស្សានុសិស្ស ប្រធានការិយាល័យមេធាវី ថៈណាយ និង សហការី ព្រមទាំងក្រុមការងារបានដឹកនាំធ្វើការចែកជូនសំភារៈសិក្សា និងអំណោយផ្សេងទៀត ជាមួយក្រុមហ៊ុនទាំងអស់ ដែលបានចូលរួមដោយផ្ទាល់ ទៅដល់កុមារកម្ពុជាប្រហែល៣០០នាក់ និងលោកគ្រូអ្នកគ្រូ។

គួរបញ្ជាក់ផងដែរថា​ ការិយាល័យមេធាវី​ ថៈណាយ​ &​ សហការី​ បានផ្តួចផ្តើមបង្កើតកម្មវិធីសប្បុរសធម៍ក្រោមប្រធានបទ​ «បរិច្ចាគដើម្បីស្នាមញញឹមកុមារ»​ នេះចំនួន០២​ លើករួចមកហើយ​ ដែលនេះគឺជាលើកទី០៣​ ដោយមានការចូលរួមឧបត្ថមគាំទ្រពីសំណាក់ក្រុមហ៊ុនជាដៃគូជាច្រើន​ ដើម្បីបង្ហាញពីក្តីស្រលាញ់​ ការចេះចែករំលែក​ និងយកចិត្តទុកដាក់ដល់កុមារ ដែលនឹងក្លាយជាសសរទ្រូងនៃសង្គម​ និងប្រទេសជាតិនាពេលអនាគត៕