(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) បានអះអាងថា ក្នុងករណីក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនបានអនុវត្តការពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងារ មិនត្រូវបានអនុញ្ញាតឱ្យជ្រើសរើសមន្រ្តីរាជការស៊ីវិលឡើយ។

ការអះអាងបែបនេះរបស់ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន។

នៅក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិជំរុញ​ការអនុវត្ត​វិធានការ​គន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) រាជរដ្ឋាភិបាល បានសម្រេចបន្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ដោយបានដាក់ចេញ នូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈចំនួន ៣ រួមមាន៖ ទី១៖ការដាក់ឲ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តីស៊ីវិល, ទី២៖ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ និងទី៣៖ការដាក់ឲ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ។

បន្ថែមលើនេះ ក្នុងនាមលេខាធិការដ្ឋាន គ.វ.រ. ក្រសួងមុខងារសាធារណៈ ត្រូវសម្របសម្រួលការអនុវត្តឲ្យបានចប់សព្វគ្រប់នូវការពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងាររបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ជាលទ្ធផលសម្រាប់ការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានរៀបចំនិយាមស្តីពីនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ដែលត្រូវបានដាក់ឲ្យអនុវត្តតាមរយៈអនុក្រឹត្យ។ ក្រសួងបានដឹកនាំរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ចំនួន៦លើក ដោយបានជ្រើសរើសបេក្ខជនសរុបចំនួន ៩៧៥នាក់ និងកំពុងដំណើរការជ្រើសរើសជាបន្តបន្ទាប់។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាល ស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្រ្តីរាជការស៊ីវិលក្រសួង-ស្ថាប័ន ជាជំហានមួយទៀតក្នុងការសម្រេចឲ្យបាននូវការងារកែទម្រង់រដ្ឋបាលសាធារណៈ។

ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីគាំទ្រដល់ក្រសួង-ស្ថាប័ន នៅក្នុងដំណើរការនៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ក៏ដូចជាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យក្រសួង-ស្ថាប័ន ឲ្យប្រពឹ្រត្តទៅដោយរលូនទាន់ពេលវេលា ប្រសិទ្ធភាព និងសម្រេចលទ្ធផលតាមការរំពឹងទុក នៅត្រឹមឆមាសទី១ ឆ្នាំ២០២៤៕