(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ SEAN Turnell ដែលជាអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី អ៊ុង សានស៊ូជី នៃប្រទេសភូមា បានសម្ដែងការអរគុណជាថ្មីម្តងទៀតចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានប្រឹងប្រែងឱ្យមានការដោះលែងរូបលោកចេញពីការឃុំឃាំងដោយរបបយោធានៅក្នុងប្រទេសភូមា។

តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ នៅក្នុងដំណើរទស្សនកិច្ចនោះ លោកបណ្ឌិតបានជួបជាមួយនឹងមន្ត្រីរដ្ឋាភិបាលអូស្ត្រាលី អ្នកសិក្សាស្រាវជ្រាវ និងបានជួបជាមួយឧបការីរដ្ឋមន្ត្រីរដ្ឋការបរទេសអូស្ត្រាលី ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីនោះ លោកបណ្ឌិត ស៊ឺន សំ បានជួបជាមួយនឹង លោកសាស្ត្រាចារ្យ SEAN Turnell ជនជាតិអូស្ត្រាលី ដែលជាអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី អ៊ុង សានស៊ូជី នៃប្រទេសភូមាផងដែរ។ នៅពេលដែលលោកបណ្ឌិត ស៊ឺន សំ បានជួបលោកសាស្ត្រាចារ្យ SEAN Turnell នោះ លោកបណ្ឌិត ស៊ឺន សំ បានប្រាប់លោកសាស្ត្រាចារ្យ SEAN Turnell ថាលោកបណ្ឌិតមកពីប្រទេសកម្ពុជា។ គ្រាន់តែបានឮលោកបណ្ឌិត ស៊ឺន សំ បានប្រាប់ថា លោកមកពីប្រទេសកម្ពុជានោះ លោកសាស្ត្រាចារ្យ SEAN Turnell បានមកអោប និងបានសំដែងភាពរីករាយយ៉ាងខ្លាំង និងបាននិយាយម្តងហើយម្តងទៀតថា លោកពិតជាសូមអរគុណប្រទេសកម្ពុជាខ្លាំងណាស់ ជាពិសេសសូមអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានប្រឹងប្រែងឱ្យមានការដោះលែងរូបលោកចេញពីការឃុំឃាំងដោយរបបយោធានៅក្នុងប្រទេសភូមា។

សូមបញ្ជាក់ជូនថា លោកសាស្ត្រាចារ្យ SEAN Turnell គឺជាទីប្រឹក្សាសេដ្ឋកិច្ចនៃរដ្ឋាភិបាលរបស់លោកស្រី អ៊ុង សានស៊ូជី  ហើយលោកត្រូវបានរបបយោធាភូមាចាប់ឃុំខ្លួននៅក្រោយមានរដ្ឋប្រហារយោធាក្នុងប្រទេសភូមា កាលពីខែ កុម្ភៈឆ្នាំ ២០២១។ នៅពេលដែលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២នោះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈលោកជានាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាននាពេលនោះ បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីរកដំណោះស្រាយសមស្របសម្រាប់ដោះស្រាយវិបត្តិនៅក្នុងប្រទេសភូមា ហើយសម្តេចតេជោ ក៏បានព្យាយាមជាច្រើនលើកច្រើនសារដើម្បីសុំឱ្យមានការដោះលែងលោកសាស្ត្រាចារ្យ SEAN Turnell ឱ្យមានសេរីភាព និងបានត្រលប់ទៅកាន់ប្រទេសអូស្ត្រាលីវិញ។

បើទោះបីជាពេលនេះ លោកសាស្ត្រាចារ្យ SEAN Turnell មានសេរីភាព និងបានរស់នៅជួបជុំគ្រួសារក្នុងប្រទេសអូស្ត្រាលីវិញក៏ដោយ ក៏លោកនៅតែចាំមិនភ្លេចចំពោះការប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រឹងប្រែងជួយលោកឱ្យមានសេរីភាព និងបានត្រលប់ទៅកាន់ប្រទេសអូស្រ្តាលីវិញ។

នៅពេលនេះ លោកសាស្ត្រាចារ្យ SEAN Turnell គឺជាអ្នកស្រាវជ្រាវជំនាញកិច្ចការអាស៊ី នៅក្នុងវិទ្យាស្ថានឡូវី (Lowy Institute) ដែលមានទីតាំងនៅក្នុងទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី៕