(ឈីតៅ)៖ តបតាមការអញ្ជើញរបស់សហព័ន្ធ ឡូជីស្ទ៉ីក អាស៉ីប៉ាស៉ីហ្វិក នៃតំបន់អាស៉ីប៉ាស៉ីហ្វិក និងសហព័ន្ធ ឡូជីស្ទ៉ីក និងបញ្ជាទិញ ប្រចាំប្រទេសចិន, លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានចូលរួមកិច្ចប្រជុំវេទិកាឡូជីស្ទ៉ីកសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងចែករំលែកបទពិសោធន៍ ក្នុងចំណោមប្រទេសផ្សេងៗគ្នា ដោយមានការចូលរួមពីបណ្តាប្រទេសផ្សេងៗ ចំនួនជិត៥០០នាក់ នៅទីក្រុងឈីតៅ ប្រទេសចិន។

ដោយឡែក នៅថ្ងៃខែឆ្នាំដដែល ក៏មានកិច្ចប្រជុំ សហព័ន្ធឡូជីស្ទ៉ីកអាស៉ីប៉ាស៉ីហ្វិក ដែលមាសជិកមកពីតំបន់អាស៉ីប៉ាស៉ីហ្វិករួមទាំងកម្ពុជាផងដែរ។ កិច្ចប្រជុំនេះផ្តោតទៅលើកិច្ចប្រតិបត្តិការរវាងសមាជិកនៅក្នុងតំបន់ រួមទាំងឡូជីកស្តង់ដា និងនវានុវត្តន៍។

ថ្លែងប្រាប់ Fresh News នៅថ្ងៃទី៤ ខែមិថុនា លោក ជា ចាន់ដារ៉ា បានឱ្យដឹងថា ក្នុងពេលនោះ បានលើកឡើងអំពីការអភិវឌ្ឍលើវិស័យដឹកជញ្ជូន និងឡូជីស្ទ៉ីកជាច្រើន ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលប៉ុន្មានឆ្នាំកន្លងមកនេះ។ ជាពិសេសការបង្កើតឱ្យមានតម្រាយផ្លូវទឹកថ្មី តាមរយៈការជីកព្រែក ព្រែកជីកហ្វូណន-តេជោ ដែលនឹងធ្វើឱ្យវិស័យដឹកជញ្ជូនរបស់កម្ពុជាមានភាពល្អប្រសើរ ដែលផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ ដែលមានបំណងវិនិយោគនៅកម្ពុជាទៀតផង។

គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់ សមុទ្រ របស់កម្ពុជា ដោយ ឆ្លង កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ ទុន ប្រមាណ ១,៧០០លាន ដុល្លារ អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ។

សូមបញ្ជាក់បន្ថែមថា សហព័ន្ធ ឡូជីស្ទ៉ីកអាស៉ីប៉ាស៉ីហ្វិក មានកិច្ចប្រជុំចំនួន២ដងក្នុង១ឆ្នាំ តាមរយៈអនឡាញ និងជួបគ្នាដោយផ្ទាល់ ក្នុងនោះសមាជិកនៃសហព័ន្ធនឹងទទួលជាម្ចាស់ផ្ទះតាមរយៈប្តូរវេន និងការស្នើសុំ៕