(កំពត)៖ ក្រោមការអនុវត្តន៍ការងារថែទាំជាប្រចាំ (ខួប) ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ គិតមកដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានកៀរកិន បង្ហាប់ លុបគ្រលុក ស្រោចទឹកជាបន្តបន្ទាប់ ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ស្ថានភាពនៃការធ្វើដំណើរលើកំណាត់ផ្លូវនេះ គឺមានសភាពមមាញឹកជាធម្មតា​ ទាំងរថយន្តតូច រថយន្តធំ និងទោចក្រយានយន្ត ដែលប្រើប្រាស់ថេរវេលារង្វង់ជាង ២០-៣០នាទីលើចម្ងាយផ្លូវជាង ២០គីឡូម៉ែត្រនេះ។

គួរបញ្ជាក់ថា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែយកចិត្តទុកដាក់ខ្ពស់ និងបានចង្អុលបង្ហាញដល់អង្គភាពពាក់ព័ន្ធ បន្តថែទាំក្នុងឆ្នាំ២០២៤នេះ មុននឹងឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។

សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ប្រវែងជាង ២០គីឡូម៉ែត្រ ជាប្រភេទដីស្អុយ បៀមទឹកខ្លាំង ដែលមានជម្រៅជ្រៅជាង ១០ម៉ែត្រ។ ដើម្បីឱ្យការស្ថាបនាកំណាត់ផ្លូវនេះឡើងវិញជាប់ធន់បានយូរ ទាមទារការប្រើប្រាស់បច្ចេកសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង៕