(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូនៃការិយាល័យអង្គការសហប្រជាជាតិ​សម្រាប់សេវាកម្មគម្រោង (United Nations Office for Project Services – UNOPS) ដឹកនាំដោយ អ្នកនាង អ៉ីដា ក្រាចា (Ms. Eda KRAJA) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងឡាវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ជំនួបនារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ភាគីក្រសួងតំណាងដោយលោកជំទាវរដ្ឋលេខាធិការប្រចាំការ និងប្រតិភូ UNOPS បានធ្វើការជជែកពិភាក្សាអំពីលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការលើគម្រោងនានាដែលអាចនឹងត្រូវការជំនួយបច្ចេកទេស នៃការគ្រប់គ្រងគម្រោង និងកិច្ចលទ្ធកម្ម ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក និងប្រព័ន្ធចម្រោះទឹកកខ្វក់ ក៏ដូចជាវិស័យភស្តុភារកម្ម សុវត្ថិភាពចរាចរណ៍ ការកសាងមូលធនមនុស្ស និងការកសាងបទដ្ឋានច្បាប់ផងដែរ។

គួរបញ្ជាក់ថា នេះគឺជាជំនួបលើកទី២របស់ប្រតិភូ UNOPS បន្ទាប់ពីជំនួបសម្តែងការគួរសម និងធ្វើការណែនាំខ្លួនបន្ទាប់ពីទទួលបានការតែងតាំង ទៅកាន់លោករដ្ឋមន្ត្រី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ៕