(កំពង់ធំ)៖ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អាតស៊ូស៊ិ អ៊ូអិណូ អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

លោក តូច ប៊ុនហួរ លើកឡើងថា ខេត្តកំពង់ធំ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជា។ លើសពីនេះ គ្រាប់ស្វាយចន្ទីរបស់កម្ពុជា មានទំហំធំ និងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយក៏ទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានា រួមមាន ប្រទេសជប៉ុនផងដែរ។

លោកបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាមួយនឹងការកំណត់យកអាទិភាព គន្លឹះ៥គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» និងគោលដៅយុទ្ធសាស្ត្រជាក់លាក់។

ទន្ទឹមនេះរាជរដ្ឋាភិបាល បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពសម្រាប់ចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០២៣ ពាក់ព័ន្ធនឹងវិស័យកសិកម្មពោលគឺ៖ កម្មវិធីទី៥ «ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធី ហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ» និងកម្មវិធីទី៦ «ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅ គ្រប់ឃុំ-សង្កាត់ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសហគមន៍កសិករ នៅតាមទីជនបទ»

លោកបញ្ជាក់ថា ដោយឃើញពីសក្តានុពល នៃផលិតផលស្វាយចន្ទី សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ដល់គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យធ្វើការដឹកនាំរៀបចំ និងដាក់ចេញនូវ វិធានការចាំបាច់នានា ក្នុងការជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី ក្នុងនោះ រួមមាន៖

*ទី១៖ ការពង្រឹង និងការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់ កណ្តាលសម្រេចសិន (Semi-Product) ពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួតហើយក្នុង ជំហានបន្ទាប់បន្តពង្រឹង និង ពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន
*ទី២៖ ការបន្តពង្រឹងការធ្វើម៉ាក និងទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (Branding and Marketing)
*ទី៣៖ ការជំរុញការចងក្រង និងការបង្កើតសហគមន៍កសិករស្វាយចន្ទី
*ទី៤៖ ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិលសម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃនិងការបង្កើនទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និងកែច្នៃគ្រាប់ស្វាយចន្ទី។

លោក ញ៉ឹក បានខេង បញ្ជាក់ថាខេត្តកំពង់ធំ មានផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្មដូចជាដំណាំចន្ទីដាំដុះ បាន ១៤៥.៣០០ហិចតា ប្រមូលផលសរុបបាន ៨០.០០០ហិចតា និងទទួលបានទិន្នផលជាមធ្យម ១,៥តោន/ហិចតា ក្នុង១ឆ្នាំ។

លោកថា ខេត្តកំពង់ធំមានសហគ្រាសសិប្បកម្ម កែច្នៃស្វាយចន្ទីចំនួន៧កន្លែង និងម៉ាស៊ីនសម្ងួត២៣កន្លែងផងដែរ។ គួរបញ្ជាក់ថា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីប្រើប្រាស់ទុនជាង១លានដុល្លារ មានទំហំ៥៨ ម៉ែត្រ គុណ២០ ម៉ែត្រ និងអាចផលិតបាន១០តោនក្នុង១ថ្ងៃ ក្នុងកម្រិតកុងត្រា១៥០០តោនក្នុង១ឆ្នាំ សម្រាប់ឆ្នាំដំបូង និងសម្រាប់ឆ្នាំបន្ទាប់ ៣០០០តោន ក្នុង១ឆ្នាំ៕