(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានស្នើដល់សភាអាមេរិក លើកលែងពន្ធនំាចូលឡើងវិញ ព្រមទំាងដកទណ្ឌកម្មសេដ្ឋកិច្ច ក្នុងពេលដ៏ខ្លីខាងមុខនេះពីប្រទេស មីយ៉ាន់ម៉ា ដែលសំណើរនេះធ្វើឡើងនៅក្នុងឱកាស នៃដំណើរទស្សនកិច្ចរបស់លោកស្រី អោងសាន ស៊ូជី មកកាន់សហរដ្ឋអាមេរិក ក្នុងនាមជាមេដឹកនំាមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។
នៅក្នុងជំនួបជាមួយនឹងលោកស្រី ស៊ូជី លោក អូបាម៉ា បានថ្លែងថា «សហរដ្ឋអាមេរិកបានត្រៀមខ្លួន រួចជាស្រេចក្នុងការដកទណ្ឌកម្មសេដ្ឋកិច្ច ដែលយើងធា្លប់ដាក់លើប្រទេសមីយ៉ាន់ម៉ា អស់រយៈពេល ជាច្រើនឆ្នាំ ព្រោះថាវាគឺជាជម្រើសដ៏ល្អ ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងប្រជាជនមីយ៉ាន់ម៉ា។ បន្ថែមពីលើនេះយោងតាមលិខិតផ្ញើជូនសភាអាមេរិក លោក អូបាម៉ា ក៏បានឱ្យដឹងផងដែរពីគម្រោង អនុគ្រោះពន្ធនាំចូលសម្រាប់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេលជាងពីរទសវត្សរ៍ កន្លងមកនេះ ដោយសារតែការរំលោភសិទ្ធិមនុស្ស ពីសំណាក់អតីតរដ្ឋាភិបាលយោធា។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី អោងសាន ស៊ូជី គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋ លើកដំបូងផុតមកកាន់សហរដ្ឋអាមេរិក ក្នុងនាមជាមេដឹកនំាមីយ៉ាន់ម៉ា និងជាលើកទីពីរចាប់តាំងពី ឆ្នាំ២០១២ ដែលលោកស្រី ទើបទទួលបានសេរីភាពឡើងវិញ៕