(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ សាសនិកឥស្លាមកម្ពុជាចំនួន៥៧០នាក់ហើយ បានធ្វើដំណើរចាកចេញពីកម្ពុជា ដើម្បីទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ឆ្នាំ២០២៤ បន្ទាប់ពីបានធ្វើដំណើរចាកចេញ ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ។

នេះជាការលើកឡើងរបស់លោក រ៉ូហ្វី​​ អូស្មាន សមាជិករដ្ឋសភា តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាឱកាសអញ្ជើញសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាមចំនួន ២២៤ នាក់ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់ជើងទី៥។

ក្រុមហាជ្ជី (អ្នកទៅធ្វើបុណ្យហាជ្ជ) នាថ្ងៃទី៣ នេះភាគច្រើនមកពី ខេត្តត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ចាម តាកែវ កំពង់ធំ ក្រចេះ កំពត ភ្នំពេញ និងខេត្តផ្សេងៗទៀត។

ក្នុងឱកាសនោះលោក រ៉ូហ្វី អូស្មាន បានបង្ហាញអាម្មរណ៍សប្បាយរីករាយជាខ្លាំង ដែលបានឃើញសាសនិកឥស្លាមកម្ពុជា អាចមានលទ្ធភាពទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ ខណៈការទៅធ្វើបុណ្យហាជ្ជនេះត្រូវចំណាយថវិកាច្រើន។

លោកបានបន្តថា ទោះបីជាបណ្តាប្រទេសនានាៗ លើពិភពលោក បានរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច ដោយសារការរីករាលដាលជំងឺកូវីដក្នុងរយៈពេលកន្លងមកក៏ដោយ កម្ពុជានៅតែអាចអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកំណើនសេដ្ឋកិច្ចផងដែរ។

លោកបន្ថែមទៀតថា នេះដោយសារតែ ក្រោមម្លប់ដ៏ត្រជាក់ របស់រាជរដ្ឋាភិបាលដែលដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបរ និងទទួលបានជីវភាពល្អប្រសើរជាងមុន រហូតអាចមានលទ្ធភាពទៅធ្វើបុណ្យហាជ្ជ ដែលជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចឥស្លាមទាំង៥ សម្រាប់អ្នកមានលទ្ធភាព និងសមត្ថភាព។

ការចេញដំណើរនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ខណៈឆ្នាំនេះមានសាសនិកឥស្លាមកម្ពុជាចំនួន ៩១១នាក់ ចេញទៅធ្វើបុណ្យហាជ្ជនេះ ដោយក្នុងម្នាក់ៗចំណាយប្រមាណ៦០០០ដុល្លារដែល គិតជាថវិកាសរុបប្រមាណ៥.៥លានដុល្លារ។

លោកបានផ្តាំផ្ញើ និងការជូនពរដល់អ្នកដែលអញ្ជើញទៅបំពេញកាតព្វកិច្ច បុណ្យហាជ្ជនាថ្ងៃនេះ ព្រមទាំងអ្នកចេញដំណើរជាបន្តបន្ទាប់ សូមប្រកបដោយសេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ចរបស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់ របស់សាសនាឥស្លាម៕