(ភ្នំពេញ)៖ បន្ទាប់ពីបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភារួចហើយនោះ លោក ឡយ អូស្ទីន រដ្ឋមន្ត្រីការពារ​ជាតិ​​អាមេ​រិក បានបន្តដំណើរចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ឡយ អូស្ទីន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអតីតនិស្សិតបញ្ចប់ការសិក្សា​សាលា​បណ្ឌិត​យោធារបស់អាមេរិក West Point។ លោក ឡយ អូស្ទីន បញ្ចប់ការសិក្សានៅ West Point ឆ្នាំ១៩៧៥ រីឯសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់ការសិក្សានៅ West Point ឆ្នាំ១៩៩៩។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ៩ព្រឹកនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ។

ដំណើរអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ របស់លោក ឡយ អូស្ទីន ត្រូវបា​នទទួល​បានការស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ តំណាងអគ្គមេបញ្ជា​ការកង​យោធព​ល​​ខេមរភូមិន្ទ និងតំណាងមេបញ្ជាការកងទ័ពទាំង៣ប្រភេទរបស់កម្ពុជាផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីជួបសម្តេចតេជោ និងសម្តេចធិបតីហើយនោះ លោក ឡយ អូស្ទីន នឹងជួបជាមួយឧបនា​យក​​រដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិរបស់​កម្ពុជា។ នៅទីស្តីការក្រសួងការ​ពារ​ជាតិ មុននឹងជំនួបពិភាក្សានោះ ក៏នឹងមានការរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ​ផង​ដែរ។

ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោក ឡយ អូស្ទីន នៅកម្ពុជានាពេលនេះ ត្រូវបានគេមើលឃើញថា ជាការរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិ​ការលើវិស័យការពារជាតិរវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែល្អប្រសើរ។

ក្រសួងការពារជាតិកម្ពុជា បានចាត់ទុកថា នេះជាទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រ លើកដំបូង មកកាន់ប្រទេសកម្ពុជា ដែលធ្វើឡើងដើម្បីបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា- អាមេរិក ដែលមានជាង៧០ឆ្នាំមកហើយ ជាពិសេសតាមរយៈ ការជំរុញការអនុវត្ត កិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលទាំងពីរ។

ក្រសួងការពារជាតិ បានអះអាងថា ដំណើរទស្សនកិច្ចផ្លូវការ លោក ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងបញ្ជាក់ជាថ្មី នូវចំណងមិត្តភាពដ៏យូរអង្វែង និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិ អាមេរិក និងកងយោធរាលខេមរភូមិន្ទក្នុងការសហការជាដៃគូរដ៏សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ការពារជាតិឱ្យកាន់តែស៊ីជម្រៅ សម្រាប់ការថែរក្សានូវ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ឡយ អូស្ទីន នៅកម្ពុជានាពេលនេះ គឺជាលើកទី២ហើយ។ កាលឆ្នាំ២០២២ លោក ឡយ អូស្ទីន ធ្លាប់បានអញ្ជើញមក​កម្ពុជា​ម្តងផងដែរ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩៕