(រតនគិរី)៖ លោក កៃ សុវិន អភិបាលរងក្រុងបានលុង បានថ្លែងប្រាប់ភ្នាក់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ថា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ឧបត្ថម្ភថវិកា៥ពាន់ដុល្លារ ដល់ដំណើរការកែលម្អសោភ័ណភាពរមណីដ្ឋានបឹងកន្លែង ស្ថិតនៅកណ្តាលក្រុងបានលុង ខេត្តរតនគិរី។

សូមបញ្ជាក់ថា បឹងកន្សែង គឺជាបឹង១នៅកណ្តាលក្រុងបានលុង។ បឹងនេះមានជម្រៅប្រមាណ៧ម៉ែត្រ នៅរដូវទឹកឡើង។ មានធារទឹកបិទបើក១ មានផែឈើ១ (៣០មគុណ១០ម) និងមានអាស្រមលោកតា «ជួង»១។

ចុងទសវត្ស៨០ មានការសាងសង់មន្ទីរសុខាភិបាល១ នៅមាត់បឹងមានរហូតមកដល់សព្វថ្ងៃ។ មានផ្លូវបេតុងក្រវាត់៧០%ជុំវិញបឹង។ ដោយសារថាក្រុងបានលុង មិនមានទីតាំងកំសាន្តលំហែរ និងស្ថានភាពបឹងមិនស្អាតទើប លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានរៀបចំបឹងនេះឲ្យមានសោភ័ណភាពសំរាប់បងប្អូនប្រជាពលរដ្ឋកំសាន្ត ជាពិសេសពិធីបុណ្យអ៊ំទូក និងបុណ្យផ្សេងៗ ដោយប្រើថវិកាលោកផ្ទាល់ និងការកៀគរពីសប្បុរសជននានា។

បច្ចុប្បន្នក្រុមការងារកែលម្អបានកំពុងធ្វើ៖

*បារចក សារ៉ាយ កំទេចឈើ ប្រមូលសំរាម និងស្តារភក់ដាក់មកលើរួចពង្រាបដាំដើមឈើ និងផ្កា
*កំពុងកសាងរូបអក២ (ញី ឈ្មោល)ដើម្បីរំលឹកដល់បទចម្រៀងអធិរាជសំលេងមាសលោក ស៊ីន ស៊ីសាមុតនិងសត្វទោមអម១ចំនួននៅផ្នែកខាងកើត
*កសាងដំរី៣ (បា មេ និងកូន) នៅផ្នែកខាងត្បូងបឹងនិងកន្លែងអង្គុយកំសាន្ត
*កំពុងកសាងអាស្រមលោកតា"ជួង"ដែលត្រូវជាឪពុកធម៌របស់សម្តេចតេជោឡើងវិញឲ្យស្អាត នៅទីតាំងដដែល
*រៀបសួនសំរាប់កំសាន្តនិងហាត់ប្រាណផ្នែកខាងលិច
*ដាំឈើនិងផ្កាក្រោយ និងចំហៀងមន្ទីរសុខាភិបាលលើដីដែលស្តាពីបឹង
*សង់បន្ទប់ទឹកអនាម័យសាធារណៈ១(ប្រុស២ ស្រី២ និងក្រឡបត់ជើងតូចបុរស៥)
*សំអាត និងពង្រាបដីដាំស្មៅឲ្យទីវាលស្មៅធំលម្អដោយផ្កា ដើមឈើ និងសួនមានរូបបេះដូង ទោងសំរាប់អង្គុយលេង និងមានកន្លែងរត់កីឡា
*បានបំពាក់ឧបករណ៍ហាត់ប្រាណ៤កំប្លេររួចរាល់នៅផ្នែកខាងត្បូង៕