(ព្រះវិហារ)៖ លោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានណែនាំដល់សិក្ខាកាម ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ និងឯកសារក្បួននីតិវិធីប្រតិបត្តិការដល់មន្ត្រីភ្នាក់ងារនគរបាលយុត្តិធម៌ និងអ្នកផ្តល់សេវាពាក់ព័ន្ធមកពីខេត្តចំនួន៨ ត្រូវចូលរួមយ៉ាងពេញលេញក្នុងការទប់ស្កាត់ និងការឆ្លើយតបចំពោះការប្រើអំពើហិង្សាលើស្ត្រី និងក្មេងស្រីឱ្យមានប្រសិទ្ធិភាព។

ការថ្លែងរបស់លោកស្រីរដ្ឋលេខាធិការ ក្នុងឱកាសដែលលោកស្រីចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ និងឯកសារក្បួននីតិវិធីប្រតិបត្តិការដល់មន្ត្រីភ្នាក់ងារនគរបាលយុត្តិធម៌ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ព្រមទាំងលោកលោកស្រី ជាមន្ត្រីនគរបាលយុត្តិធម៌ អ្នកផ្តល់សេវាពាក់ព័ន្ធ មកពីខេត្តកំពង់ធំ ស្ទឹងត្រែង រតនគិរី កំពង់ចាម ត្បូងឃ្មុំ មណ្ឌលគីរី ក្រចេះ និងខេត្តព្រះវិហារ។

លោកស្រី ប៉ាង រ៉ាវី បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ លោកស្រីសូមស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះវត្តមានលោកស្រីរដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី និងក្រុមការងារក្រសួង ដែលបានសហការ ជាមួយមន្ទីរកិច្ចការនារីខេត្ត និងមានការគាំទ្រថវិការដ្ឋ បានរៀបចំឱ្យមានកម្មវិធីពង្រឹងសមត្ថភាព តាមរយះវគ្គបណ្តុះបណ្តាលនាពេលនេះ។ លោកស្រីសូមអរគុណលោក លោកស្រី ជាសិក្ខាកាមទាំងអស់ ដែលជាមន្ត្រីនគរបាល យុត្តិធម៌ ភ្នាក់ងារនគរបាលយុត្តិធម៌ និងអ្នកផ្តល់សេវាពាក់ព័ន្ធទាំងអស់មកពីខេត្តចំនួន៨ ដែលបានចំណាយពេលវេលាដ៍មានតម្លៃ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។

លោកស្រីអភិបាលរងខេត្តថ្លែងលើកឡើងថា អំពើហិង្សាលើស្ត្រី និងក្មេងស្រី គឺជាការរំលោភបំពានសិទ្ធិមនុស្ស ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ ឬឈឺចាប់ផ្លូវកាយ ផ្លូវចិត្ត និងផ្នែកជីវភាពសេដ្ឋកិច្ចដល់ស្ត្រី រាប់បញ្ចូលទាំងការ គំរាមកំហែងថានឹងប្រព្រឹត្តទង្វើទាំងនេះ និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើជីវភាពរស់នៅ ការអភិវឌ្ឍធនធានមនុស្ស ជីវភាពលំបាក បាត់បង់ចំណូលក្នុងការផ្គត់ផ្គង់គ្រួសារ។

លោកស្រីបន្តថា ជនរងគ្រោះភាគច្រើន គឺជាស្ត្រី និងកុមារ ដែលទទួលការរំលោភបំពានទៅលើសិទ្ធិជាច្រើនប្រភេទខុសៗគ្នា ប៉ុន្តែការរំលោភបំពានដែលគួរឱ្យស្ងប់ខ្ពើមជាងគេបំផុតនោះគឺ អំពើ «ហិង្សាលើស្ត្រី» ដែលកើតជា ញឹកញាប់ជាងគេក្នុងប្រទេសរបស់យើងរួមមាន៖

*អំពើហិង្សាក្នុងគ្រួសារ
*អំពើរំលោភសេពសន្ថវៈ
*អំពើជួញដូរមនុស្ស និងអំពើបៀតបៀនផ្លូវភេទនៅទីកន្លែងធ្វើការ។

ជនរងគ្រោះមួយចំនួនទទួលរងគ្រោះ ដោយសារទំនាក់ទំនងអំណាចមិនស្មើគ្នារវាងបុរស និងស្ត្រី ហើយជនរងគ្រោះនៅស្ងៀមស្ងាត់ ដោយមិនបានស្វះស្វែងរកជំនួយពីអាជ្ញាធរមូលដ្ឋាន អាជ្ញាធរមានសមត្ថកិច្ច និងអ្នកផ្តល់សេវាពាក់ព័ន្ធផ្សេងៗទៀត។

ដោយឡែកលោកស្រី ហ៊ួ សាមិត្ត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដោយដាក់ចេញនូវគោលនយោបាយជាតិ និងក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធ ដើម្បីចូលរួមឆ្លើយតបយ៉ាងធំក្នុងការកាត់បន្ថយ អំពើហិង្សាលើស្ត្រី ជាកម្មវិធីអាទិភាពមួយដែលគ្រប់ស្ថាប័នរដ្ឋ និងឯកជន និងសង្គមស៊ីវិលត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងការពារជនរងគ្រោះឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្តកម្ពុជា ជាពិសេសការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលចែងថា៖ «គ្មានអំពើអានាចារ ការជួញដូស្ត្រីនិងកុមារ និងអំពើហិង្សាក្នុងគ្រួសារ»។

លោកស្រីរដ្ឋលេខាធិការថា អាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន មានតួនាទី និងភារកិច្ចដែលច្បាប់បានកំណត់ ហើយក៏មានការលំបាកមួយចំនួនភ្ជាប់ជាមួយការអនុវត្តការងាររបស់ខ្លួនផងដែរ។

កម្មវិធីអភិវឌ្ឍសមត្ថភាព គឺជាកម្មវិធីបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែង ក្នុងការចូលរួមបំពេញបន្ថែម លើការឆ្លើយតបសេវាឱ្យកាន់តែល្អប្រសើររបស់អ្នកផ្តល់សេវាទាំងអស់ ហើយក៏ឆ្លើយតបទៅផែនការសកម្មភាពជាតិស្តីពី ការទប់ស្កាត់អំពើហិង្សាលើស្ត្រីលើកទី៣ ឆ្នាំ២០១៩-២០២៣ នៅយុទ្ធសាស្ត្រទី២ ការការពារផ្នែកច្បាប់ និងសេវាកម្មពហុវិស័យ។

គោលដៅរួមក្នុងកម្មវិធីអភិវឌ្ឍសមត្ថភាពនេះ ដើម្បីឱ្យយើងទាំងអស់គ្នាដែលជាអ្នកផ្តល់សេវា ចូលរួមយ៉ាងពេញលេញក្នុងការទប់ស្កាត់ និងការឆ្លើយតបចំពោះការប្រើប្រាស់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ឱ្យមានប្រសិទ្ធិភាព និងប្រកបដោយបរិយាបន្ន៕