(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានជំរុញឱ្យមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ខិតខំបំពេញភារកិច្ចលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីឈានទៅប្រកាសខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល នៅចុងខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។

លោកអភិបាលខេត្ត បានជំរុញដូច្នេះនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំស្ដីពីការជំរុញបញ្ចប់ស្ថានភាព ការបន្ទោរបង់ពាលវាលពាសកាល នៃក្រុងស្រុកទាំង១០ក្នុងខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងថា «មកដល់ពេលនេះ យើងរួមគ្នាតាំងចិត្តត្រូវធ្វើ ការងារខាងលើនេះឲ្យបានបញ្ចប់ក្នុងខែមិថុនា និងដើម្បីឈានទៅប្រកាសខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល (ODF) នៅចុងខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។

លោកអភិបាលខេត្ត បានរំលឹកមន្ត្រីមន្ទីរអង្គភាពជំនាញ ឱ្យពិនិត្យមើលបញ្ហាដែលនៅសេសសល់ ហើយត្រូវតាំងចិត្តធ្វើឱ្យបាន ដើម្បីសម្រេចដល់គោលដៅ។ លោកអភិបាលខេត្ត បានយកឱកាសនោះថ្លែងអំណរគុណ មន្ត្រីនៅមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងស្រុក ដែលបានរួមគ្នាក្នុងការចុះទៅតម្រង់ទិសដល់អាជ្ញាធរមូលដ្ឋាន នៃក្រុងស្រុកទាំង១០ ក្នុងរយៈពេលមួយខែកន្លងមកនេះ។

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម លោក អ៉ឹង វិសុទ្ធ បានឲ្យដឹងថា ខេត្តកំពង់ចាមបច្ចុប្បន្នអត្រាខ្នងផ្ទះមានបង្គន់អនាម័យមានចំនួន ៨៩,៧៦% ខ្នងផ្ទះប្រើប្រាស់រួមមានចំនួន ៤.៦៦% សរុបខ្នងផ្ទះបានប្រើប្រាស់ បង្គន់សរុបទូទាំងខេត្ត មានចំនួន ៩៤.៤២%។

ចំពោះភូមិដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ចំនួន៤២៧ភូមិ ស្មើនិង ៤៥.១៣% មានឃុំ និងសង្កាត់ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ចំនួន ៣៣ឃុំ និង៤សង្កាត់ ស្មើនឹង ៣៣.៩០%៕