(ភ្នំពេញ)៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំក្នុងដើមខែមិថុនានេះ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងក្រើនរម្លឹក អង្គភាពថា្នក់ជាតិ ក៏ដូចជាគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់កុំឱ្យមានការធ្វេសប្រហែស ឬប្រព្រឹត្តកំហុសណាមួយ ដែលប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងសូមបុរេសកម្មចំពោះវិស័យសុខាភិបាលរួមទាំងវិស័យឯកជន។

ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់មន្ទីរពេទ្យទាំងឡាយ ត្រូវស្វែងយល់ពីបច្ចេកទេសព្យាបាលនៅប្រទេសជឿនលឿនបំផុតផ្នែកវេជ្ជសាស្ត្រ និងទស្សនកិច្ចសិក្សាពីមន្ទីរពេទ្យនៃប្រទេសទាំងនោះ ដើម្បីយកមកអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព កម្រឹតអតិប្បរមា។

លោកសាស្ដ្រាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍មួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីបន្តអនុវត្តសកម្មភាពក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ។

លើសពីនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឱ្យថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវសហការគ្នា ចូលរួមលើកតម្លៃស្ថាប័ន តាមរយៈការពង្រឹង និងរៀបចំជាសកម្មភាពដោយបុរេសកម្ម តាមដាន អភិបាលកិច្ច និងការកែលម្អគ្រប់ចំណុចដែលបានរកឃើញ ដើម្បីធានាបានប្រសិទ្ធិភាព និងចីរភាព។

សូមជម្រាបថា ក្នុងកិច្ចប្រជុំប្រចាំខែនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងលទ្ធផលនៃការចូលរួមរបស់ គណៈប្រតិភូក្រសួងសុខាភិបាល ក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានសហប្រជាជាតិ ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ដែលទទួលបានជោគជ័យគួរជាទីមោទនៈ។លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជម្រាបជូនដល់អង្គប្រជុំ ក្នុងរយៈពេលនៃការចូលរួមក្នុងមហាសន្និបាតនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីនិយម ក៏ដូចជាប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិ ដែលវេទិកានេះក៏បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាពិតជាបាន និងកំពុងចូលរួមចំណែកក្នុងការពង្រឹង សន្តិភាព សន្តិសុខ ការអភិវឌ្ឍពិភពលោកទាំងមូល៕