(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Kelvin K. Mo ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនពាក់ព័ន្ធការធ្វើធុរកិច្ច និងពាណិជ្ជកម្ម។
ប្រទេសកម្ពុជា និងប្រទេសកាណាដា មានទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងមកហើយ ចាប់ផ្តើមតាំងពីឆ្នាំ១៩៥២ ព្រមទាំងបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ក្នុងឆ្នាំ១៩៩៣។
ប្រទេសកាណាដា គឺជាដៃគូដ៏សំខាន់របស់កម្ពុជា ទាំងការស្វែងរកសន្តិភាពនាពេលអតីតកាល និងការកសាងសេដ្ឋកិច្ច ដោយប្រទេសកាណាដាគឺជាដៃគូពាណិជ្ជកម្មលេខរៀងទី៨ របស់កម្ពុជា ។
ក្នុងឆ្នាំ២០២២ ទំហំវិនិយោគដោយផ្ទាល់(FDI) ពីប្រទេសកាណាដា មានទំហំរហូតដល់ ២,០៦២ពាន់លានដុល្លារ បូករួមជាមួយនឹងគំនិតផ្តួចផ្តើមចូលក្នុងទីផ្សារកាណាដា ដែលផ្តល់កូតាក្នុងការលើកលែងពន្ធដល់កម្ពុជា លើមុខទំនិញដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ៕