(ភ្នំពេញ)៖ យុវជនកម្ពុជា លោក ទីវ តារារិទ្ធិ ដែលត្រូវបានអ្នកតាមបណ្តាញសង្គម ព័ត៌មាន ស្គាល់ថាជាអ្នកបង្កើតមាតិការ និងជាអ្នកចូលចិត្តជិះកង់ផ្សងព្រេងផ្លូវឆ្ងាយ បានសម្រេចចិត្តទៅតាមក្តីស្រម៉ៃរបស់ខ្លួ នៅក្នុងការបង្កើតកម្មវិធី «ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប»។ ក្នុងបេសកកម្មនេះដែរ និងធ្វើដំណើរច្រើនទីកន្លែងដោយចំណាយពេលធ្វើដំណើរឆ្លងកាត់លើសពី ២៥ប្រទេស ដោយនឹងចំណាយពេលរហូត ១ឆ្នាំពេញ ក្នុងគោលបំណងនៃការធ្វើដំណើរនេះដើម្បីធ្វើការរៃអង្គាសប្រាក់ឱ្យបានយ៉ាងតិច ២៥ម៉ឺនដុល្លារ ទៅជួយដល់កុមារកម្ពុជា នៅមន្ទីរពេទ្យចំនួន២ គឺមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។

បើតាមយុវជន តារា រិទ្ធិ បានបញ្ជាក់ថា រូបគាត់ពិជាមានសំណាងល្អណាស់ដែលសកម្មភាពរបស់លោកធ្លាក់ដល់ដៃបណ្តាញព័ត៌មាននានា ជួយជ្រែងផ្សព្វផ្សាយ មុនបេសសកម្ម «ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» ដើម្បីធ្វើឱ្យបេសសកម្មរបស់លោកទទួលបានការលើកទឹកចិត្តជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដោយមានសប្បុរសជនមួយចំនួនលោកបានចូលរួមបរិច្ចាគធនធានសម្រាប់ចូលរួមចំណែកកាត់បន្ថយការលំបាកនៅក្នុងដំណើរបេសសកម្មនេះផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយពី «កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» នារសៀលថ្ងៃ ទី០៣ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន យុវជន ទីវ តារារិទ្ធិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព័ត៌មានទាំងអស់ហ្នឹង ក៏ទៅដល់ស្ថានទូតបារាំង (រាជធានីភ្នំពេញ) គាត់បានជួយខ្ញុំច្រើនមែន គាត់បានជួយរៀបចំឯកសារឱ្យខ្ញុំ ទិដ្ឋាការពិសេសមែនទែន មកដល់ថ្ងៃនេះគាត់បានផ្តល់ទិដ្ឋាការពិសេសមួយ គឺខុសពីវីសាពិសេស គឺអ្នកដំណើរអាចទៅបានតែ៣ខែទេ តែខ្ញុំ Unlimitide (គ្មានដែនកំណត់) អាចធ្វើដំណើរទូទាំងទ្វីបអឺរ៉ុប ដោយអត់មានថ្ងៃកំណត់»

តាមរយៈការទទួលបានទិដ្ឋាការពិសេសនេះពីរដ្ឋាភិបាលបារាំង យុវជន ទាំវ តារារិទ្ធិ បានលើកឡើងថា ចំណុចនេះនឹងធ្វើឱ្យលោកអាចមានលទ្ធភាពគ្រប់គ្រាន់អាចធ្វើសកម្មភាពរ៉ៃអង្គាសថវិកាពីសប្បុរសជននៅទ្វីបអឺរ៉ុប ដើម្បីធ្វើយ៉ាងប្រមូលថវិកា សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា។

យុវជន តារារិទ្ធិ បានថ្លែងថា មកដល់ពេលនេះ លោកបានធ្វើការជិះកងអស់រយៈពេល៦ឆ្នាំហើយ ចាប់ពីឆ្នាំ២០១៧ ដោយបានធ្វើដំណើរទៅកន្លែងជាច្រើន ដែលអស្ចារ្យ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដោយបានធ្វើដំណើរផ្សងព្រេងចូលទៅតំបន់ព្រៃជ្រៅៗ ដាច់ស្រយាល ហើយបានឃើញអំពីទិដ្ឋភាពជាក់ស្តែងនៃប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែលោកបានមើលឃើញចំណុចខ្វះខាតលើផ្នែកមន្ទីរពេទ្យ សាលារៀន ថ្នាំសង្កូវ និងអាហារមួយចំនួនផងដែរ។ យុវជនរូបនេះបានបញ្ជាក់ថា ចាប់តាំងពីពេលនោះមករូបលោកមានបំណងប្រាថ្នាចង់ធ្វើអ្វីមួយឱ្យបានជាអត្ថប្រយោជន៍ ក៏ដូចជាឱកាសនៅក្នុងការចូលរួមចំណែកនៅក្នុងការជួយអភិវឌ្ឍនសង្គម។

យុវជន ទីវ តារារិទ្ធិ បានគូសបញ្ជាក់ថា ដោយមានបទពិសោធន៍នៅក្នុងការជិះកង់ឆ្លងប្រទេស ដោយនៅចុងឆ្នាំ២០១៨ បានធ្វើដំណើរទៅដល់ខេត្តឈៀងម៉ៃ ប្រទេសថៃ ដោយទទួលបានបទពិសោធន៍យ៉ាងច្រើននៅក្នុងការធ្វើដំណើរនេះ ជាពិសេសនោះគឺការផលិតជាមាតិកាវីដេអូឯកសារ ដើម្បីបង្ហាញអំពីតំបន់ធនធានធម្មជាតិ ដ៏អស្ចារ្យ វប្បធម៌ ប្រពៃណី ការរស់នៅក៏ដូចជាប្រជាជននៅក្នុងតំបន់អាស៊ាន។

យុវជនរូបនេះ បានរំលឹកថា កាលពីឆ្នាំ២០២៣ កន្លងទៅនេះ លោកបានធ្វើដំណើរជិះកង់ឆ្លងប្រទេស ដោបានធ្វើដំណើរទៅកាន់ភូមិភាគអាស៊ីអាគ្នេយ៍ ដោយឆ្លងកាត់៦ប្រទេស រហូតដល់ព្រុំដែលប្រទេសភូមា ដើម្បីធ្វើសកម្មភាពមនុស្សធម៌តាមរយៈការជិះកង់ប្រមូលមូលនិធិថវិកាដើម្បជួយកុមារកម្ពុជា។

បើតាមលោក វ៉ា វីរៈ សមាជិកក្រុមប្រឹក្សាភិបាលមន្ទីរកុមារអង្គរ ខេត្តសៀមរាប បានចាត់ទុកថាលោកតារារិទ្ធ ដែលបង្កើតកម្មវិធីជិះកង់ធ្វើសកម្មភាពមនុស្សធម៌នេះ គឺជាវីរៈបុរសរបស់កម្ពុជា ជាពិសេសគឺសម្រាប់កុមារ។ លោកបន្ថែមថា មន្ទីរពេទ្យកុមារអង្គរ ត្រូវបានបង្កើតឡើង២៥មកហើយ ដោយបានធ្វើការពិនិត្យព្យាបាលជម្ងឺកុមារ បានប្រហែលជាខ្ទង់៣លាននាក់ ហើយជាមធ្យមក្នុងមួយឆ្នាំមន្ទីរពេទ្យមួយនេះបានធ្វើការពិគ្រោះ និងកុមារជាង១០ម៉ឺននាក់ ខណៈដែលរៀងក្នុងមួយថ្ងៃមានប្រមាន៤០០នាក់។ សម្រាការចំណាយជារៀងរាល់ឆ្នាំមន្ទីរពេទ្យកុមារអង្គរ ចំណាយថវិកាប្រមាណពី៥ទៅ៦លានដុល្លារ ដោយនៅក្នុងថវិកាប្រមាន៧០ភាគយបានមកពីការជួយពីសប្បុរសជន នៅក្រៅប្រទេស និងប្រមាណ១០ ភាគរយបានមកពីការជួយពីសប្បុរសជនក្នុងប្រទេស។

ដោយឡែកលោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផា បានបញ្ជាក់ថា មន្ទីរពេទ្យបានដាក់ដំណើរឡើងវិញនៅឆ្នាំ១៩៩២ រហូតដល់ពេលនេះ មានរយៈពេលជាង៣០ឆ្នាំ ហើយនឹងស្រ្តីមានផ្ទៃពោះឆ្លងទន្លេជាង ២៣លានករណី ខណៈដែលបានព្យាបាលជំងឺបេះដូងចំហបានជាង៨ពាន់ករណី សម្រាប់ការចំណាយថវិកាជាប្រចាំឆ្នាំរបស់មន្ទីរពេទ្យគន្ធបុប្ផា មានប្រមាណចាប់ពី៤០ ទៅ៤៥លានដុល្លារ នៅក្នុងមួយឆ្នាំៗ បើគិតជាការចំណាយប្រចាំថ្ងៃវិញ គឺមួយថ្ងៃស្មើនឹង១២ម៉ឺនដុល្លារ សម្រាប់មន្ទីរពេទ្យគន្ទបុប្ផា ទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប។

លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគាំទ្រចំពោះសកម្មភាពមនុស្សធម៌ របស់ យុវជនកម្ពុជា ទីវ តារារិទ្ធិ នេះ គឺដោយយល់ឃើញថាជាសកម្មភាពមនុស្សធម៌មួយយ៉ាងមានសារៈសំខាន់ ខណៈដែលប្រទេសកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ទៅលើសិទ្ធិកុមារ ជាពិសេសការយកចិត្តទុកដាក់លើបញ្ហាសុខុមាលភាពកុមារ និងទារក។

លោករដ្ឋមន្រ្តី បានបន្តថា នៅក្នុងសកម្មភាព របស់យុវជន ទីវ តារារិទ្ធិ ដែលជិះកង់ធ្វើសកម្មភាពមនុស្សធម៌នេះ និងចាប់ផ្តើមនៅក្នុងខែមិថុនានេះ ហើយតាមការគ្រោងទុក គឺនឹងឆ្លងកាត់ចំនួន២៥ប្រទេស ស្របពេលដែលជិះកង់នោះក៏និងមានទង់ជាតិរបស់ប្រទេសកម្ពុជា ឆ្លងកាត់ទៅតាមបណ្តាប្រទេសផ្សេងៗ។ នេះគឺជាការបង្ហាញពីមោទនភាព ក្នុងនាមជាជនជាតិខ្មែរម្នាក់ ដែលបានផ្សព្វផ្សាយអំពីប្រទេសរបស់ខ្លួន តាមរយៈមនុស្សធម៌របស់ខ្លួនដែរ ហើយអ្វីដែលយុវជន តារិទ្ធិ ធ្វើគឺដើម្បីប្រមូលថវិកា ជួយគាំទ្រទៅដល់កុមារ តាមរយៈ មន្ទីរពេទ្យចំនួនពីរ គឺមន្ទីរគន្ទបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។

លោក នេត្រ ភក្ត្រា ក៏បានស្នើសុំដល់ក្រុមហ៊ុន សហគ្រាស សប្បុរជន បងប្អូនប្រជាជនក្នុង និងក្រៅប្រទេស ចូលរួមគាំទ្រ និងបរិច្ចាកថវិកាជួយដល់កុមារកម្ពុជា តាមរយៈកម្មវិធីជិះកង់សប្បុរសធម៌ “Travel with Rith – Travel the World by Bicycle” ដើម្បីរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលមានកុមារយ៉ាងច្រើនកំពុងសម្រាកព្យាបាលជំងឺ,។

គូរបញ្ជាក់ថា នេះជាការជិះកង់លើកដំបូងរបស់ លោក ទីវ តារារិទ្ធិ ទៅកាន់ទ្វីបអឺរ៉ុប ក្រោយការជិះកង់ជុំវិញតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានបញ្ចប់កាលពីឆ្នាំ២០២៣កន្លងទៅនេះ។ លោក ទីវ តារារិទ្ធិ នឹងចាប់ផ្តើម ដំណើរជិះកង់រៃអង្គាសថវិកាខាងលើ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយចាប់ផ្តើមពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នៅវេលាម៉ោង៦:០០នាទីព្រឹក៕