(កណ្ដាល)៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បើចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេមិនខុសអ្វីពីធ្វើបាបអ្នកទិញរបស់យើងយ៉ាងដូច្នោះដែរ ជាពិសេសសម្រាប់អ្នកនៅមានជីវភាពខ្វះខាតនៅឡើយ។

បញ្ហាខ្សែចង្វាក់ផលិតផលកសិផល នៅតែជាបញ្ហាដែលត្រូវរួបរួមមតិគ្នា ពីសំណាក់ថ្នាក់ដឹកនាំ សហគមន៍ អ្នកទិញប្រើប្រាស់ ដើម្បីធានាបាននូវស្ថិរភាពផ្គត់ផ្គង់ផលិតផលជៀសវាងបរិមាណផ្គត់ផ្គង់មិនគ្រប់គ្រាន់ ជាហេតុនាំឱ្យមានការនាំចូលច្រើនពីបរទេសសម្រាប់ប្រើប្រាស់នៅក្នុងស្រុក។

ជាមួយគ្នានេះ លោក ឃឹម ហ្វីណង់ បានលើកឡើងថា៖ ហេតុដូច្នេះហើយបានជាអាទិភាពចម្បងនៅពេលនេះ គឺការប្រមូលផ្តុំកសិករអ្នកដាំបន្លែតូចៗ និងចងក្រងពួកគាត់ឱ្យទៅជាសហគមន៍កសិកម្មទំនើបដ៏ធំមួយ ដើម្បីធ្វើយ៉ាងណា «ដាំហើយលក់ចេញឱ្យបានធូរថ្លៃជាងមុន គុណភាពអាចទទួលយកបាន និងបរិមាណផ្គត់ផ្គង់មានស្ថិរភាពកុំឱ្យដាច់ ម្តងមានម្តងអត់»។ លោកបានបន្ថែមថា លោកបានសង្កេតឃើញសហគមន៍អ្នកស្អាង នៅឃុំកោះខ្សាច់ទន្លា ដែលជាគោលដៅសំខាន់ជាងគេមួយដើម្បីដើរតួនាទីនេះ ព្រោះជាតំបន់សម្បូរដាំបន្លែស្រាប់ និងស្ថិតនៅកៀកនឹងទីក្រុងភ្នំពេញ។

លើសពីនេះ លោកបានបន្តថា បើធ្វើបែបនេះបាន វានឹងក្លាយទៅជារបាំងនាំចូលយ៉ាងពិតប្រាកដ ការពារទាំងអ្នកដាំនិងអ្នកបរិភោគ ហើយអ្នកចង់គាំទ្រកសិផលក្នុងស្រុក ក៏អាចជួយគាំទ្របានដោយមិនចាំបាច់ចំណាយខ្ពស់ជាងមុន ជាពិសេសដឹងពីប្រភពដាំច្បាស់លាស់ជៀសវាងការលួចកេងបន្លំនានា។

សម្រាប់បញ្ហាចង្វាក់ផ្គត់ផ្គង់ផលិតផលកសិផល លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ធ្លាប់បានលើកឡើងពីវិធីសាស្ត្រដោះស្រាយ ដែលវិធីសាស្ត្រនោះគឺជាការចងក្រងនូវសហគមន៍ រួមផ្សំជាមួយនឹងការរៀបចំខ្សែចង្វាក់តម្លៃជាមួយគ្នា ដោយត្រូវការនូវរយៈពេលសមរម្យក្នុងការរៀបចំឱ្យលេចចេញនូវកិច្ចការនេះហើយ ក៏ប៉ុន្តែនៅក្នុងអាណត្តិថ្មីនេះ អ្វីដែលក្រសួងព្យាយាមធ្វើគឺ កសាងខ្សែចង្វាក់ផ្គត់ផ្គង់មួយដែលមានស្ថិរភាព ហើយតម្លៃទៀតសោតអាចធានាទៅបាន ហើយក្រសួងក៏កំពុងរៀបចំច្បាប់កិច្ចសន្យាផលិតកម្មកសិកម្ម ដែលជាច្បាប់ពិសេសមួយ ដើម្បីការពារផលប្រយោជន៍ដល់ប្រជាកសិករផងដែរ៕