(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយច្រានចោលព័ត៌មានដែលជនអនាមិកបង្កើតគណនី Facebook ក្លែងក្លាយឈ្មោះ Chean Dron ផ្សព្វផ្សាយព័ត៌មានមិនពិត ជុំវិញប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅ ថាំងហ៊ួយ ក្លិប។

ការចេញមកច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីពេលថ្មីៗកន្លងទៅនេះ គណនីហ្វេសប៊ុកឈ្មោះ Chean Dorn បានបង្ហោះខ្លឹមសារថា មេធំគ្រឿងញៀន ក្លិប ថាំងហ៊ួយ ឈ្មោះ លី ភីនជាំង (LI PINJIANG) ជនជាតិចិន ត្រូវបានដោះលែងដោយរលូនដោយថ្នូរជាការបង់លុយចំនួន (៥០ម៉ឺនដុល្លារអាមេរិក) ឲ្យទៅខាងមេមន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀន ក្រោយឃាត់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងយីហោ ថាំង ហ៊ួយ ក្លិប ស្ថិតនៅផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញជាមួយនឹងគ្រឿងញៀន (៧គីឡូក្រាម) និងបានយកខ្លឹមសារនេះ ទៅ Comment ក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ថ្នាក់ដឹកនាំផងដែរ។

ព័ត៌មានក្លែងក្លាយដែលគណនីហ្វេសប៊ុក Chean Dron បង្ហោះនេះ គឺបានដកស្រង់រូបភាព និងខ្លឹមសារទាំងស្រុងចេញសារព័ត៌មានអនឡាញ ឈ្មោះ BDN TV Online ចុះផ្សាយដោយ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ ភ្លាមៗមន្ទីរប្រឆាំងគ្រឿងញៀន បានទាក់ទងទៅកាន់សារព័ត៌មាន BDN TV Online អញ្ជើញតំណាងមកអង្គភាពដើម្បីឆ្លើយបំភ្លឺការផ្សាយព័ត៌មាននេះ។ តាមការបំភ្លឺរបស់សារព័ត៌មាន BDN TV Online ការចុះផ្សាយនេះ គឺពុំមានប្រភពព័ត៌មានច្បាស់លាស់ទេ គ្រាន់តែឃើញរូបថតឈ្មោះ លី ភីនជាំង (LI PINJIANG) មានដាក់វត្ថុតាងគ្រឿងញៀននៅខាងមុខ និងឃើញដៃមានជាប់ខ្នោះ សន្និដ្ឋានជាមេខ្លោងតែម្តង។ មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ជូនសារព័ត៌មាន BDN TV Online វិញថាឈ្មោះ លី ភីនជាំង (LI PINJIANG) ពុំមែនជាមេខ្លោង និងពុំមានការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនផងដែរ។ បន្ទាប់មកសារព័ត៌មាន BDN TV Online ទទួលប្រភពព័ត៌មានច្បាស់ពីអង្គភាពភ្លាម ក៏បានលុបព័ត៌មានដែលបានផ្សព្វផ្សាយនោះ នៅថ្ងៃដដែល។ ជាមួយគ្នានេះនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មាន BDN TV Online ដដែលនេះបានបង្ហោះព័ត៌មានបំភ្លឺវិញថាជនជាតិចិនឈ្មោះ លី ភីនជាំង (LI PINJIANG)មិនមែនជាមេខ្លោងគ្រឿងញៀននោះទេ ការផ្សព្វផ្សាយរបស់ខ្លួន ជាការយល់ច្រឡំ។

មន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការស្រាវជ្រាវហ្វេសប៊ុកឈ្មោះ Chean Dorn ទើបបង្កើតឡើងរយៈពេលខ្លី គឺនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ហើយម្ចាស់ហ្វេសប៊ុកនេះ ក៏មិនបានបង្ហាញអត្តសញ្ញាណច្បាស់លាស់ថែមទៀត។ ដូច្នេះតាមការសន្និដ្ឋានហ្វេសប៊ុកឈ្មោះ Chean Dorn យករូបភាព និងវីដេអូ គ្មានការពិតមកបង្ហោះនោះ គឺជាគណនីហ្វេសប៊ុកក្លែងក្លាយ បង្ហោះព័ត៌មានក្នុងចេតនាមួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះលើថ្នាក់ដឹកនាំនៃមន្ទីរប្រឆាំងគ្រឿងញៀនតែប៉ុណ្ណោះ។

មន្ទីរប្រឆាំងគ្រឿងញៀន សូមបដិសេធទាំងស្រុងនូវការចុះផ្សាយរបស់គណនីហ្វេសប៊ុក ឈ្មោះ Chean Dorn ដែលបានចោទប្រកាន់មកលើអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន។

ជាមួយគ្នានេះ មន្ទីរប្រឆាំងគ្រឿងញៀន កំពុងបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស៊ើបអង្កេត ស្រាវជ្រាវរកមុខសញ្ញាដែលកាន់កាប់ ឬប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Chean Dorn ដែលបានចុះផ្សាយចោទប្រកាន់មកលើអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

ខាងក្រោមនេះសេចក្តីបំភ្លឺ របស់មន្ទីរប្រឆាំងគ្រឿងញៀន៖