(ភ្នំពេញ)៖ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកស្រី សូ ភត្ត្រា និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និមន្តដឹកនាំដោយ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តចព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីប្រគេនព្រះបរមអដ្ឋិ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ជូនអង្គការសន្និសីទពុទ្ធសាសនាពិភពលោក ដែលដឹកនាំ ដោយព្រះតេជគុណ បណ្ឌិត ស៊ិនកៃ គូរី ជាប្រធាន នៃអង្គការសន្និសីទពុទ្ធសាសនាពិភពលោក នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។

ពិធីប្រគេនព្រះបរមអដ្ឋិ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ជូនអង្គការសន្និសីទពុទ្ធសាសនាពិភពលោក មានការនិមន្តនិងអញ្ជើញចូលរួមដោយ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា, ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម, គណៈប្រតិភូតំណាងប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា ពិភពលោកចំនួន៥១ប្រទេសដែលនិមន្តនិងអញ្ជើញមកពីប្រទេស ចិន ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ុងហ្គោលី វៀតណាម ស្រីលង្កា និងសហរដ្ឋអាមេរិក ព្រមទាំង លោក លោកស្រីថ្នាក់ដឹកនាំតាមបណ្តាក្រសួង-ស្ថាប័នផ្សេងៗ នៃគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព ។

បន្ទាប់ពីដង្ហែរព្រះបរមអដ្ឋិ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ពីវាលព្រះមេរុ មុខវត្តបុទុមវតីរាជវរារាម ឆ្ពោះមកវត្តឧណ្ណាលោម និងមួយចំណែកបាន ដង្ហែព្រះអង្គារ យកទៅបំប្លែង ក្នុងទន្លេចតុមុខមង្គល បានធ្វើឱ្យប្រជារាស្ត្រខ្មែររន្ធត់ចិត្តក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុតចំពោះការបែកឃ្លាតជាលើកចុងក្រោយដែលគ្មានថ្ងៃជួបវិញ។

នាឱកាសនេះ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និមន្តដឹកនាំដោយ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ចាយ បូរិន បានប្រារព្ធពិធីប្រគេនព្រះបរមអដ្ឋិ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ជូនអង្គការសន្និសីទពុទ្ធសាសនាពិភពលោក ដែលមាន ព្រះតេជគុណបណ្ឌិត ស៊ិនកៃ គូរី ជាប្រធាននៃអង្គការ សន្និសីទពុទ្ធសាសនាពិភពលោក ដើម្បីដង្ហែយកទៅតំកល់នៅវិមានមហាសាល ព្រះពុទ្ធសាសនានៅទីក្រុង កូប៉េ ប្រទេសជប៉ុន តាមសេចក្តីសម្រេចរបស់សន្និសីទលើកទី០៦ នៃអង្គការសន្និសីទព្រះពុទ្ធសាសនាពិភពលោក សម្រាប់អដ្ឋិថ្នាក់ដឹកនាំកំពូលដែលមានព្រះគុណបំណាច់ចំពោះព្រះពុទ្ធសាសនា ដើម្បីទុកជាសក្ការបូជាសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនានៅលើពិភពលោក។

សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត មានព្រះថេរដីកាថា ការលះបង់ដែលស្ទើរពេញមួយព្រះជន្មវស្សារបស់ សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយព្រះព្រហ្មវិហារធម៌ ព្រះសច្ចធម៌ និងព្រះគុណធម៌ដ៏ខ្ពង់ខ្ពស់ ព្រមទាំងបានផ្សព្វផ្សាយព្រះធម៌បរិសុទ្ធដល់ពិភពលោក ជាសមាជិកស្ថាបនិក និងជាព្រះអនុប្រធាននៃជំនួបកំពូលពុទ្ធសាសនា ដែលសម្តេចបានយាងក្នុងជំនួបលើកដំបូងក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នាឆ្នាំ១៩៩៨។

លោកចាយ បូរិន បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ បានធ្វើឲ្យព្រះពុទ្ធសាសនានៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងក្រោមដំបូងសុខសន្តិភាព ដែលជាការខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានដឹកនាំនាវាកម្ពុជាពីគ្មានសាសនា មកមានសាសនាយ៉ាងច្រើននៅកម្ពុជា ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងបន្តនូវបេសកម្មដ៏ជ្រះថ្លានេះ។

ព្រះគុណបំណាច់ ព្រះកិត្តិយស និងព្រះមហាករុណាទិគុណដ៏ធំធេង របស់សម្តេចព្រះអម្ចាស់ ដែលស្ទើរតែពេញមួយព្រះជន្មវស្សាបានបំរើជាតិ សាសនា និងព្រះមហាក្សត្រ ទាំងក្នុងអាណាចក្រ និងពុទ្ធចក្រ លើកតម្កើងតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម តាមរយៈសកម្មភាពព្រះពុទ្ធសាសនានានា ដរាបបានក្លាយជា ព្រះនិមិត្តរូបដ៏ល្អបរិសុទ្ធឧត្តុងឧត្តម នៃឯកភាពជាតិ និងនិរន្តរភាពជាតិ ជាគំរូក្នុងការប្រតិបត្តិ និងផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធលើសកលលោក។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស ញាតិព្រះធម៌គ្រប់ទិសទី សូមបួងសួង ឧទ្ទិសថ្វាយនូវមហារាជកុសលដ៏ខ្ពង់ខ្ពស់ថ្វាយចំពោះ ដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះគោរមងារដ៏ខ្ពង់ខ្ពស់ជា "មហាវីរសង្ឃសិរីធម្មរាជ" សូមព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គបានយាងគង់ប្រថាប់ក្នុងទីឋានដ៏ខ្ពង់ខ្ពស់ ប្រកបដោយព្រះបរមសុខកុំបីអាក់ខានឡើយ។

នាឱកាសដ៏មហាក្រៀមក្រំនេះ ព្រះតេជគុណ បណ្ឌិត សុិនកៃ គូរី ជាប្រធាននៃអង្គការសន្និសីទពុទ្ធសាសនាពិភពលោក និងគណៈប្រតិភូតំណាងអ្នកកាន់ព្រះពុទ្ធសាសនា ពិភពលោកចំនួន៥១ប្រទេសដែលនិមន្តនិងអញ្ជើញមកពីប្រទេស ចិន ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ុងហ្គោលី វៀតណាម ស្រីលង្កា និងសហរដ្ឋអាមេរិក បានប្រារព្ធបទនមាសិកាចម្រើនព្រះបរិត្ត សត្តប្បករណាភិធម្មបង្សុកូល ថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទៅតាមប្រទេសរៀងៗខ្លួន ដើម្បីជាកិច្ចជូនដំណើរចុងក្រោយ ដោយសេចក្តីស្រណោះអាឡោះអាល័យ ៕