(ភ្នំពេញ)៖ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និងជាប្រធានក្រុមការងារ ICAPP-កម្ពុជា និង ACC-កម្ពុជា កាលពីថ្ងៃទី២៧-៣០ ខែឧសភា ឆ្នាំ២០២៤ បានចូលរួម «កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី៤១» និង «កិច្ចប្រជុំ ក្រុមប្រឹក្សាធុរកិច្ចលើកទី២» ក្រោមប្រធានបទ «សន្តិសុខស្បៀងអាហារ និងការលើកកម្ពស់វិស័យទេសចរណ៍ ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ។

កិច្ចប្រជុំនេះត្រូវបានសហការរៀបចំដោយរដ្ឋសភាថៃ និងសមាគមកុងស៊ុលកិត្តិយសថៃ ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយចំនួន ២២ និងស្ថាប័នធុរកិច្ចចំនួន ៣៨ សរុបចំនួនប្រមាណ ១១៥ នាក់ មកពី ១៩ ប្រទេស នៅអាស៊ី និងអឺរ៉ុប។ កិច្ចប្រជុំបានអនុម័តនូវសេចក្តីថ្លែងការណ៍ទីក្រុងបាងកក ដែល ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងបណ្តាគណបក្សនយោបាយ និងសហគមន៍ធុរកិច្ច ជាមួយ រដ្ឋាភិបាល សភា និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីបង្កើនបរិយាកាសអំណោយផលសម្រាប់ការលើកកម្ពស់ សន្តិសុខស្បៀងអាហារ និងវិស័យទេសចរណ៍ឱ្យកាន់តែល្អប្រសើរឡើងនៅក្នុងតំបន់។

ឆ្លៀតក្នុងឱកាសនេះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ គណៈប្រតិភូក៏បានជួបពិភាក្សាការងារជាមួយ លោក Sorawong Theinthong អគ្គលេខាធិការគណបក្សភឿថៃ ដើម្បីពង្រឹងនូវចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគណបក្សទាំងពីរឱ្យកាន់តែរឹងមាំ ស្របតាមស្មារតីនៃកិច្ចប្រជុំកំពូលរវាង គណបក្សទាំងពីរ កាលពីខែមីនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

តបតាមការអញ្ជើញរបស់គណបក្សប្រជាជនកម្ពុជា គណបក្សភឿថៃនឹងបញ្ជូនគណៈប្រតិភូមកចូលរួម មហាសន្និបាត ICAPP លើកទី១២ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី៣ និងកិច្ចប្រជុំពាក់ព័ន្ធ ដែល កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និង ការផ្សះផ្សា (A Quest for Peace and Reconciliation)»