(កំពត)៖ គម្រោងកសាងព្រះពុទ្ធបដិមា នៅលើកំពូលភ្នំបូកគោ ដែលជាព្រះពុទ្ធបដិមាខ្ពស់ជាងគេនៅអាស៊ី នាបច្ចុប្បន្ននេះបានសាងសង់សម្រេច៣០ ភាគរយហើយ។ ព្រះពុទ្ធបដិមាមានកម្ពស់១០៨ម៉ែត្រ ដោយបានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៣។

បើយើងនិយាយពីក្រុងបូកគោ ឬ ឧទ្យានជាតិព្រះមុនីវង្ស គេនឹងនឹកដល់អាកាសធាតុដ៏សែនត្រជាក់ និងជាទីមនោរម្យសម្រាប់សម្រាកលម្ហែអារម្មណ៍បានយ៉ាងល្អប្រសើរ។ ក្រៅតែពីភាពអំណោយផលពីធម្មជាតិ នៅលើកំពូលភ្នំបូកគោ ក៏មានដែរអគារកេរដំណែលប្រវត្តិសាស្រ្ត ដែលបានបន្សល់ទុកតាំងពីសម័យព្រះបាទ ស៊ីសុវត្ថិមុន្នីវង្ស, សម័យអាណានិគមន៍បារាំង និងសម័យសង្គមរាស្រ្តនិយម។

នៅពេលបច្ចុប្បន្ននេះ អ្នកឧកញ្ញ៉ា សុខ គង់ ក៏កំពុងកសាងនូវព្រះពុទ្ធបដិមារដែលមានកម្ពស់រហូតដល់ទៅ ១០៨ម៉ែត្រ ដែលនឹងក្លាយជាព្រះពុទ្ធរូបដែលមានកម្ពស់ខ្ពស់ជាគេនៅអាស៊ី ព្រមជាមួយព្រះពុទ្ធបដិមាតូចៗ ចំនួន ៨,៤០០០ព្រះអង្គថែមទៀត ដែលតំណាងឲ្យព្រះត្រៃបិដក ដែលមានចំនួន ៨,៤០០០ព្រះធម្មក្ខន្ធ។

អ្នកឧកញ្ញ៉ា សុខ គង់ បានបញ្ជាក់ដូច្នេះថា៖ «ការសម្រេចកសាងព្រះពុទ្ធបដិមានេះ ក៏ព្រោះតែប្រទេសកម្ពុជា ជាប្រទេសគោរពនូវព្រះពុទ្ធសាស ហើយព្រះពុទ្ធសាសនាក៏ជាសាសនាមួយ ដែលមនុស្សជាច្រើននៅលើពិភពលោកបានគោរព និងប្រតិបត្តិផងដែរ»។

គម្រោងកសាងបដិមានេះមានតម្លៃ ៣០ លានដុល្លារ ដែលបច្ចុប្បន្នសាងសង់បាន ៣០ ភាគរយ បានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៣ ជាមួយនឹងពិធីបើកការដ្ឋានដឹកនាំដោយលោក ជា សុផារ៉ា អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី សុខ ចន្ថា នៃក្រុមហ៊ុន Sokha Hotel Group។

បើតាមការបង្ហាញពី លោក ធឿន ប៊ុនថន ប្រធានផ្នែកលក់នៃសណ្ឋាគារសុខា បានឲ្យដឹងថា ក្នុងតំបន់ដែលកម្កល់ព្រះពុទ្ធរូបនេះ ក៏មានដែរនូវទីសក្ការៈបូជា ដូចជាល្អាងទឹកអម្រឹតស័ក្តិសិទ្ធិ និងទីតាំងសមាធិ ដែលជាកន្លែងដែលពេញនិយមជាងគេ គឺស្ថិតនៅក្នុងតំបន់វាលស្រែ៥០០និងប្រវាំងកូន។ ការបញ្ជាក់

តំបន់វាលស្រែ៥០០ គឺជាទីកន្លែងសមាធិតាំងពីបុរាណ បែរមុខចំលំហូរនៃខ្យល់បក់ចេញពីខ្នងភ្នំរាប់រយ តភ្ជាប់តាំងពីខេត្តកំពង់ស្ពឺរហូតដល់ខេត្តកំពតធ្វើឲ្យគុណ ភាពខ្យល់ពោរពេញទៅដោយអុកស៊ីហ្សែនយ៉ាងល្អសម្រាប់ស្រូបដង្ហើមចេញ/ចូលក្នុងសួត។ ក្រុមភ្ញៀវ ទេសចរដែលនិយមចូលចិត្តនិងមានជំនឿរលើការតាំងសមាធិ ភាពស្ងប់ស្ងាត់ជាមួយធម្មជាតិ កាត់បន្ថយ ស្ត្រេសនិងភាពតានតឹងផ្សេងៗពួកគាត់តែងតែមកទីនេះជាប្រចាំ។

ការបញ្ជាក់របស់អ្នកឧកញ្ញ៉ា សុខ គង់ និងលោក ធឿន ប៊ុនថន ដល់បណ្ដាញព័ត៌មាន Fresh News នេះ ធ្វើឡើងក្នុងបេសកកម្ម «ផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពលនៃការអភិវឌ្ឍក្រុងបូកគោ» ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា ក្រោមការដឹកនាំពីលោក ពុយ គា ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចសម្ភាសន៍ទាំងស្រុងដូចតទៅ៖