(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានឯកភាពបន្តកិច្ចសហការដែលជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន។

ការឯកភាពនេះធ្វើឡើងក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយលោកស្រី Alissar Chaker អ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងសហការីចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។

លោកអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះវត្តមាននៃ UNDP នៅប្រទេសកម្ពុជា ដែលគិតមកដល់ពេលនេះមានរយៈពេលជាង៥០ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៥៨ ព្រមទាំងការបង្កើតការិយាល័យផ្លូវការរបស់ UNDP នៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៩៤។

នៅក្នុងជំនួបពិភាក្សា ក្នុងនាមរាជរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ UNDP ដែលបានជួយគាំទ្រកម្ពុជា ក្នុងការធ្វើមូលដ្ឋាននីយកម្មគោលដៅសកលនៃការអភិវឌ្ឍប្រកបដោយចីរភាពឱ្យស្របទៅនឹងបរិការណ៍កម្ពុជា ដើម្បីពន្លឿនការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

លោកក៏បានជម្រាបជូនលោកស្រី Alissar Chaker អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពន្លឿននូវការផ្តល់សេវាសាធារណៈជូនពលរដ្ឋនៅមូលដ្ឋាន និងការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ ព្រមទាំងឆន្ទៈខ្ពស់របស់ក្រសួងមហាផ្ទៃ និងក្រសួងនានាក្នុងការពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។

ជាការឆ្លើយតប លោកស្រីអ្នកតំណាង UNDP ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហការយ៉ាងយូរលង់មកនេះ ហើយលោកស្រីក៏បានគូសបញ្ជាក់នូវការជួយជ្រោមជ្រែងរបស់ UNDP កន្លងមក ជាមួយក្រសួងមហាផ្ទៃ ក្នុងកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ, ការអភិវឌ្ឍអាជ្ញាធរថ្នាក់ក្រោមជាតិ, ការពង្រឹងការចូលរួមរបស់សង្គមស៊ីវិល, និងការគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជា តាមរយៈគម្រោងនានា។

លោក ស សុខា និងលោកស្រី Alissar Chaker បានឯកភាពក្នុងការបន្តកិច្ចសហការដែលជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន៕