(ភ្នំពេញ)៖ ក្រសួងព័ត៌មាន, លោក ទីវ តារារិទ្ធិ និងតំណាងមកពីមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ បានធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយពី «កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» (CYCLING FOR CAMBODIAN CHILDREN FROM CAMBODIA-EU)។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ។

កម្មវិធីជិះកង់នេះ ត្រូវបានធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលនេះជាការជិះកង់លើកដំបូងរបស់ លោក ទីវ តារារិទ្ធិ ទៅកាន់ទ្វីបអឺរ៉ុប ក្រោយការជិះកង់ជុំវិញតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានបញ្ចប់កាលពីឆ្នាំ២០២៣កន្លងទៅនេះ។

លោក ទីវ តារារិទ្ធិ នឹងចាប់ផ្តើមដំណើរជិះកង់រៃអង្គាសថវិកាខាងលើនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយចាប់ផ្តើមពីមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប នៅវេលាម៉ោង៦:០០នាទីព្រឹក៕