(ភ្នំពេញ)៖ បន្ទាប់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវឱ្យមានការចូលរួមបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា របស់មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការកាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ និងក្នុងពិធីបើកជាផ្លូវការយុទ្ធនាការនេះ កាលពីថ្ងៃ១ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប, គិតត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ, សប្បុរសជនទាំងជារូបវន្តបុគ្គល និងនីតិបុគ្គលចំនួនប្រមាណជិត ១០ម៉ឺននាក់ បានចូលរួមបរិច្ចាគក្នុងយុទ្ធនាការកៀរគរការបរិច្ចាគប្រចាំឆ្នាំដ៏សំខាន់មួយ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយទទួលបានថវិការបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនប្រមាណ ១ ១៥៧ ៧៤១ (មួយលាន មួយរយហាសិបប្រាំពីរពាន់ ប្រាំពីររយសែសិបមួយ) ដុល្លារ។

ថវិកាទាំងនេះ ទទួលបានពីការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជនដែលជាថ្នាក់ដឹកនាំ, ភរិយាថ្នាក់ដឹកនាំ និងក្រុមហ៊ុន-សហគ្រាសសំខាន់ៗ យ៉ាងផុលផុស។

ក្នុងនោះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានផ្ដួចផ្ដើមយុទ្ធនាការកៀរគរថវិកាបរិច្ចាគបានចំនួន ១ ៥០០លានរៀល ពីក្រុមកីឡាសេនាយុត្តិធម៌, គណ:គ្រប់គ្រងនៃសាលាអន្តរជាតិចុងអ៊ីង ១០លានរៀល, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ម.ក ៤០លានរៀល, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ ភីអិលស៊ី ៥០ លានរៀល, ក្រុមហ៊ុន ម៉ាលីន អឹផាតម៉ិន ៣ម៉ឺនដុល្លារ, លោក ហ៊ី បាវី ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុជាអគ្គនាយកកំពង់ផែស្វ័យ័តភ្នំពេញ ៥០លានរៀល, និងក្រុមហ៊ុន ធីខេ អ៊ែវ៉ឹន្យូ (ខេមបូឌា) ខូអិលធីឌី បរិច្ចាគថវិកាចំនួន ៣ម៉ឺនដុល្លារ ។ ល។

សូមបញ្ជាក់ជូនថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ នេះ មានរយៈពេលពេញ ១ខែ គឺពីថ្ងៃទី១ ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤។ សប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ, សូមស្កែន QR Code ដូចមានក្នុងរូបខាងក្រោម៕