(សៀមរាប)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ព្រមទាំងប្រសាសន៍ណែនាំរបស់សម្តេចដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នទាំងអស់ឱ្យបង្កើនភាពស្និទ្ធស្នាល ជិតស្និទ្ធរវាងថ្នាក់ដឹកនាំនិងមន្ត្រី ធ្វើការជាមួយគ្នា យោគយល់គ្នា ដោយធ្វើយ៉ាងណាកុំឱ្យមានគម្លាតរវាងថ្នាក់លើ និងថ្នាក់ក្រោម។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងនិងមន្ទីរទាំងអស់ ជាពិសេសកិច្ចអន្តរគមន៍នៅរដូវប្រាំងកន្លងមក។

លោករដ្ឋមន្ត្រីបានផ្តល់នូវមតិសំណេះសំណាល និងអនុសាសន៍ល្អៗប្រកបដោយអត្ថន័យខ្លឹមសារជាគន្លឹះ ដើម្បីអនុវត្តការងារបន្តឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ស្របតាមចក្ខុវិស័យកំណែទម្រង់របស់ក្រសួង ក៏ដូចជាយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីកំណែទម្រង់៣ចំណុច ដែលបានដាក់ឱ្យអនុវត្តនៅតាមមន្ទីររាជធានី-ខេត្ត៖ ទី១-ការគ្រប់គ្រងមន្ទីរ ការពង្រឹងរចនាសម្ព័ន្ធ តួនាទីភារកិច្ច និងវិន័យនៅក្នុងអង្គភាព ការថែរក្សាវប្បធម៌សាមគ្គីភាព និងកិច្ចសហការផ្ទៃក្នុង ទី២-ការងារផ្សព្វផ្សាយឧតុនិយមរបស់ខេត្ត ការផ្តល់ជូននូវព័ត៌មានព្យាករណ៍ធាតុអាកាសប្រចាំថ្ងៃបានច្បាស់លាស់ ដែលមានសារសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ត្រៀមបង្ការទប់ទល់នឹងស្ថានភាពធាតុអាកាសដែលនឹងអាចកើតមានឡើង ក្នុងពេលដែលនៅទូទាំងប្រទេសកម្ពុជាមានស្ថានីយឧតុនិយមចំនួន៣៦០ស្ថានីយ និងទី៣-ការគ្រប់គ្រងទឹកសម្រាប់ពហុវិស័យ វិស័យកសិកម្ម ទឹកស្អាត និងឧស្សាហកម្មជាដើម។

លោករដ្ឋមន្ត្រីក៏បានលើកឡើងពីសារសំខាន់ និងភាពចាំបាច់នូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងស្ថាប័ន រវាងមន្ទីរពាក់ព័ន្ធ ដោយបានបង្កើតជាក្រុមការងារតូចៗ មានដូចជា៖ ១-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការរួមគ្នាដោះស្រាយបញ្ហាទូទៅពាក់ព័ន្ធនឹងកសិកម្ម ២-ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយមធ្វើការពាក់ព័ន្ធនឹងបឹងទន្លេសាប និងបឹងបួរ ៣-ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម ធ្វើការពាក់ព័ន្ធនឹងវិស័យទឹកស្អាតជាដើម៕